គណៈកម្មការនិយតកម្មធនាគារ និង ធានារ៉ាប់រងចិន (CBIRC) បាននិយាយថា ខ្លួនបានយល់ព្រមជាគោលការណ៍ ចំពោះនិតិវិធីប្រកាសក្ស័យធន ដែលធ្វើឡើងដោយធនាគារក្នុងស្រុកចំនួន២ គឺធនាគារ Liaoyang Rural Commercial Bank និងធនាគា Liaoning Taizehe Village Bank ។ និយតករបានទាមទារឱ្យធនាគារទាំងពីរគោរពយ៉ាងម៉ឺម៉ាត់ចំពោះច្បាប់ និង បទប្បញ្ញត្តិពាក់ព័ន្ធក្នុងការអនុវត្តការងារស៊ើបអង្កេតរបស់ខ្លួន។
យោងតាមសេចក្តីថ្លែងការណ៍រួមមួយ ធនាគារដែលបានបានដាក់ស្នើក្ស័យធនទាំង ២ នេះ បានចូលរួមក្នុងប្រតិបត្តិការដែលបំពានច្បាប់ និង បទប្បញ្ញត្តិ ហើយបានល្មើសបទបញ្ជាហិរញ្ញវត្ថុក្នុងស្រុក ដែលនាំមកនូវហានិភ័យយ៉ាងធ្ងន់ធ្ងរ។
យ៉ាងណាមិញ សេចក្តីថ្លែងការណ៍មិនបានបញ្ជាក់លម្អិតអំពីប្រភេទនៃសកម្មភាពល្មើសច្បាប់របស់ធនាគារទាំងពីរនោះទេ។
គួរសង្កេតឃើញថា និយតករក្នុងស្រុកចិនបានចាប់ផ្តើមធ្វើសកម្មភាពលឿនជាងការប្រកាសជាផ្លូវការរបស់ខ្លួនទៅទៀត ខណៈសេចក្តីថ្លែងការណ៍រួមបានបង្ហាញថា បុគ្គលិក សាខា និង ប្រាក់បញ្ញើទាំងអស់របស់ធនាគារដែលប្រកាសក្ស័យធនទាំងពីរនេះ នឹងត្រូវផ្ទេរទៅឲ្យធនាគារ Shenyang Rural Commercial Bank ដែលជាធនាគារក្នុងស្រុកមួយផ្សេងទៀតដែលមានមូលដ្ឋាននៅខេត្ត Shenyang ។
ការត្រៀមលក្ខណៈនេះទំនងជាឆ្លុះបញ្ចាំងពីកម្រិតនៃការប្រុងប្រយ័ត្នរបស់អាជ្ញាធរ បន្ទាប់ពីមានករណីនៃភាពចលាចលក្នុងសង្គមដែលបង្កឡើងដោយធនាគារលំដាប់មធ្យមនៅក្នុងខេត្ត Henan ដែលកាលពីខែមុនបានបដិសេធមិនអនុញ្ញាតឱ្យអ្នកដាក់ប្រាក់បញ្ញើធម្មតាដកសាច់ប្រាក់ផ្ទាល់ខ្លួនរបស់ពួកគេ។
គួរជម្រាបថា លោកស្រី Elaine Xu អ្នកវិភាគនៅក្រុមហ៊ុន Fitch Ratings បានចង្អុលបង្ហាញពីហានិភ័យដែលអាចកើតមានពាក់ព័ន្ធនឹងធនាគារតូចៗនៅក្នុងប្រទេសចិន។ លោកស្រីបានសរសេរនៅក្នុងរបាយការណ៍មួយថា ជាទូទៅធនាគាតូចៗទទួលមានប្រាក់ចំណេញខ្សោយ និង ទុនបម្រុងតិចជាងដៃគូរធំៗ ដោយសារតែសិទ្ធិផ្តាច់មុខតូច ទម្រង់មូលនិធិខ្សោយ និង កង្វះការគាំទ្រពីម្ចាស់ភាគហ៊ុនរឹងមាំ ឬ ទំនាក់ទំនងជាមួយរដ្ឋាភិបាលកណ្តាល។ យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Fitch បានបង្ហាញថាធនាគារតូចៗមានប្រហែល ៣០% នៃទ្រព្យសកម្មសរុបរបស់វិស័យធនាគារនៅក្នុងប្រទេសចិន។