ក្រុមហ៊ុន Tencent កាលពីចុងឆ្នាំ ២០២០ បានជាប់ចំណាត់ថ្នាក់ទី ៧ ក្នុងចំណោមក្រុមហ៊ុនទីផ្សារមូលធនទាំង១០ក្នុងពិភពលោក ខណៈក្រុមហ៊ុន Alibaba ឈរនៅលេខរៀងទី ៩ ។ ហើយកាលពីខែ កុម្ភៈឆ្នាំ២០២១ ក្រុមហ៊ុន Tencent ក៏ធ្លាប់បានជាប់ចំណាត់ថ្នាក់ទី ៦ ផងដែរ ពោលគឺមុនពេលទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុននេះធ្លាក់ចុះ ៤០ ភាគរយ បន្ទាប់ពីមានការបង្ក្រាបពីរដ្ឋអំណាចចិនយ៉ាងចាស់ដៃ។
ក្រុមហ៊ុនដែលមានទីផ្សារមូលធនធំបំផុតទាំង១០ របស់ពិភពលោក នាពេលបច្ចុប្បន្ននេះ ភាគច្រើន ជាក្រុមហ៊ុនអាមេរិករួមមាន ក្រុមហ៊ុន Apple, ក្រុម Microsoft និង ក្រុមហ៊ុន Google ដែលបានកាន់កាប់តំណែងកំពូលទាំងបី។ ខណៈក្រុមហ៊ុនប្រេងនៅតំបន់អារ៉ាប់ Saudi Aramco ស្ថិតនៅលំដាប់ទី ៤ និង តំណែងបន្ដបន្ទាប់ទៀត មានដូចជាក្រុមហ៊ុន Amazon, ក្រុមហ៊ុន Tesla, ក្រុមហ៊ុន Meta របស់ហ្វេសប៊ុក, ក្រុមហ៊ុនរចនាបន្ទះឈីប Nvidia, ក្រុមហ៊ុន បឺកហ្សឺ ហាថាវេ (Berkshire Hathaway) និងចុងក្រោយគឺក្រុមហ៊ុនតៃវ៉ាន់ TSMC។
បើពិនិត្យមើលឱ្យមែនទែនទៅ ចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុពិភពលោកមក គេបានមើលឃើញថា ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនមានការកើនឡើង ដែលធ្វើឱ្យទីផ្សាររបស់ពួកគេ បានកើនឡើងតាម រយៈគំរូអាជីវកម្មថ្មី និងការចូលទៅកាន់ទីផ្សារដ៏ធំប្រកួតប្រជែងជាមួយក្រុមហ៊ុនដទៃទៀត ហើយក៏មានក្រុមហ៊ុនខ្លះបានចុះបញ្ជីបោះផ្សាយលក់មូលបត្រនៅទីផ្សារបរទសផងដែរ។ ប៉ុន្តែ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនបច្ចេកវិទ្យាចិនទាំងនេះ បានរងការបង្ក្រាបយ៉ាងចាស់ដៃពីរដ្ឋាភិបាលចិន និងភាពតានតឹងជាមួយសម្ពាធដែលបានដាក់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកផងនោះ បានធ្វើឲ្យតម្លៃទីផ្សារ ក៏ដូចជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗរបស់ចិនមានការធ្លាក់ចុះ និងពិបាកប្រកួតប្រជែង ក្នុងការរក្សាបាននូវតំណែងក្នុងចំណោមក្រុមហ៊ុនកំពូលទាំង ១០ របស់ពិភពលោក ដែលមានទីផ្សារមូលធនច្រើនជាងគេបំផុត។
បើតាមប្រធានសេដ្ឋវិទូនៅនាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ចបានបញ្ជាក់ដែរថា ទស្សនវិស័យសម្រាប់ទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនចិននឹងអាស្រ័យលើ ថាតើសហរដ្ឋអាមេរិកមានភាពតឹងរឹងប៉ុនណា អំពីការបញ្ឈប់លំហូរនៃមូលនិធិទៅក្នុងប្រទេសចិន។
តួយ៉ាង ថ្មីៗនេះ និយ័តករផ្សារភាគហ៊ុនរបស់អាមេរិក បានដកឈ្មោះក្រុមហ៊ុនចិនជាច្រើនចេញពីផ្សារភាគហ៊ុននៅអាមេរិក រួមទាំងក្រុមហ៊ុន Didi Globalផងដែរ។ បន្ថែមពីរនេះ សហរដ្ឋអាមេរិកក្រោមរដ្ឋបាលលោកចូបៃឌិន ក៏ទើបតែបានដាក់សម្ពាធកាន់តែខ្លាំងទៅលើធុរកិច្ចក្រុមហ៊ុនចិន ដោយកាលពីសប្ដាហ៍មុននេះ សហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនធំៗមួយចំនួនរបស់ចិន ក្រោមហេតុផលការរំលោភបំពានសិទ្ធិមនុស្ស ឬការអភិវឌ្ឍន៍ទាក់ទងនឹងយោធាចិនជាដើម៕
អត្ថបទ៖ ស៊ើង និមល់