ការវិនិយោគ

កម្ពុជាស្រូបទាញទុនវិនិយោគជាង ៤ពាន់លានដុល្លារក្នុង ៤ខែឆ្នាំនេះ តើកម្ពុជាជាមេដែកឆក់ក្នុងតំបន់អាស៊ានឬ?


គ្រាន់តែក្នុងរយៈពេល ៤ខែ ដំបូងដើមឆ្នាំ ២០១៩នេះ កម្ពុជាទទួលបានទុនវិនិយោគប្រមាណ ៤ពាន់លានដុល្លារអាមេរិកជាមួយនឹងគម្រោង​វិនិយោគ ដែលត្រូវបានអនុម័តចំនួន ១១៥គម្រោង បើធៀបនឹងក្នុងឆ្នាំ ២០១៨ មានតែ ៨១គម្រោង ក្នុងនោះ ទុនវិនិយោគមានចំនួនជាង ៨៦០លានដុល្លារអាមេរិកប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស៊ី ឌី ស៊ី។
ទិដ្ឋភាព​សំណង់អគារ​ខ្ពស់ៗ នៅ​កណ្ដាល​រាជធានី​ភ្នំពេញ។ រូបភាព៖ ហេង ភារម្យ
ដោយ

ជាមួយនឹងទុន​វិនិយោគកើន​ឡើងដើរ​ស្របទន្ទឹម​នឹងគម្រោង​វិនិយោគ​ថ្មីៗ​កើតឡើង​ដ៏ច្រើនសន្ធឹក​សន្ធាប់​បែបនេះ ត្រូវបានអ្នក​ជំនាញ​សេដ្ឋកិច្ច​លើកឡើងថា តើកម្ពុជា​ជាមេដែក​មួយឆក់​ទាញវិនិយោគ​នៅក្នុងតំបន់​អាស៊ាន​មែន​ឬយ៉ាងណា? ជុំវិញទៅនឹង​ការចោទសួរ​នេះដែរ ត្រូវបាន​ប្រមុខថ្នាក់ដឹកនាំ​កម្ពុជា បញ្ជាក់​អះអាងថា កម្ពុជាជាប្រទេស​ស្ថិតនៅចំ​ចំណុចយុទ្ធសាស្ត្រ​ក្នុងតំបន់​អាស៊ាន ដែលបាន​និងកំពុង​ក្លាយជា រោងចក្រ​នៃអាស៊ី ដែលមាន​សក្តានុពល​វិនិយោគ​ជាខ្លាំង។

ជាក់ស្តែងបើយើង​ក្រឡេក​ទៅមើលរយៈពេល​ ៥ឆ្នាំចុងក្រោយ គិតចាប់ពី​ឆ្នាំ ២០១៤ ដល់ ២០១៨ ស្ថានភាព​នៃការវិនិយោគ​នៅកម្ពុជា មានលក្ខណៈ​ល្អ​ប្រ​សើរ​គួរឲ្យកត់សម្គាល់។ ល្អប្រសើរ​ ដោយសារតែ​កម្ពុជា បានអនុម័ត​គម្រោង​វិនិយោគ​ចំនួន ៩៥៩គម្រោង ដែលមាន​ទុនវិនិយោគ​សរុប ​ប្រមាណ​ចំនួន ២៣ពាន់លាន​ដុល្លារ​អាមេរិក និងបង្កើត​ការងារ​ចំនួនប្រមាណ ១លាន​កន្លែង​ឯណោះ។ ទាំងនេះជាភស្តុតាង​បង្ហាញថា កម្ពុជា​ជាមេដែក​ឆក់ ស្រូបទាញអ្នក​វិនិយោគ​បរទេស​មកកាន់​កម្ពុជា​ជាច្រើន។

បើតាមការកត់​ត្រារបស់ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្នុងរយៈពេល​ជាង ២ទស្សវត្សរ៍​ចុងក្រោយនេះ កម្ពុជាសម្រេច​បាននូវ​កំណើន​សេដ្ឋកិច្ច​ប្រចាំឆ្នាំ ជាមធ្យម ក្នុងរង្វង់ ៧.៧% ជាងនេះទៅ​ទៀត នៅក្នុងឆ្នាំ​២០១៨ សេដ្ឋកិច្ចកម្ពុជា​មានកំណើន​លើសពីការ​រំពឹងទុក ពោលគឺបាន​កើនឡើង​ក្នុងអត្រា ៧.៥% ធៀបនឹង​ការគ្រោង​ទុក ៧.១%ពីដើមឆ្នាំ ដែលជាមូលដ្ឋាន​នៃការបន្ត​ភាពរឹងមាំ​នៅក្នុងឆ្នាំ​២០១៩ នេះ ហើយក្នុង​ក្របខណ្ឌ​នៃការ​វិនិយោគ កម្ពុជានៅតែជា​ប្រទេសគោលដៅ​ដែលមាន​សក្តានុពល​សម្រាប់អ្នក​វិនិយោគ​ទាំងក្នុង​ស្រុក និងបរទេស។

កំណើនសេដ្ឋកិច្ច​ល្អនេះហើយ ដែលធ្វើឲ្យប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ហ៊ានបញ្ជាក់​អះអាងថា កម្ពុជាស្ថិត​នៅលើទីតាំង​យុទ្ធសាស្ត្រ​ក្នុងតំបន់​អាស៊ានដែលបាន​និងកំពុងក្លាយជា រោងចក្រនៃអាស៊ី ដែលមាន​សក្តានុពល​វិនិយោគជាខ្លាំង។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃប្រទេស​កម្ពុជា ធ្លាប់បាន​លើកឡើង​នៅក្នុង​វេទិកា​ធុរកិច្ចកម្ពុជា-នេប៉ាល់​កាលពីពេលថ្មីៗនេះថា សក្តានុពល​វិនិយោគ និងឧត្តមភាព​សំខាន់ៗ របស់កម្ពុជា​លើ ៤ចំណុច រួមមានទី ១ ភាពអំណោយ​ផល​នៃស្ថិរភាព​នយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ទី២ ការបើក​ចំហរសេដ្ឋកិច្ច សម្រាប់អ្នកវិនិយោគ​ទាំងអស់ ដោយគ្មានការ​រើសអើង ទី៣ កម្លាំងពលកម្ម ដែលមាន​ភាពសម្បូរបែប និងវ័យក្មេង គួបផ្សំនឹងប្រាក់​ឈ្នួល​ដែលមានភាព​ប្រកួត​ប្រជែង និង ចំណុចទី៤ ចុងក្រោយ គឺ កម្ពុជា ស្ថិតនៅលើ​ទីតាំង​ជាយុទ្ធសាស្ត្រ​ក្នុងតំបន់​អាស៊ាន ដែលតំបន់​នេះបាន​និងកំពុង​ក្លាយជា «រោងចក្រនៃអាស៊ី» ដោយទំនិញ​ផលិត​នៅកម្ពុជា អាចផ្គត់ផ្គង់​ទីផ្សារ​នៅក្នុងស្រុក ទីផ្សារ​អនុតំបន់​មេគង្គ ទីផ្សារអាស៊ាន និងទីផ្សារ​សំខាន់ៗ​ដទៃទៀត​ក្នុងពិភពលោក។

ជាងនេះទៅទៀត​ កម្ពុជាមាន​តំបន់សេដ្ឋកិច្ច​ពិសេស​ជាច្រើន​សម្រាប់ទាក់ទាញ​វិនិយោគិន​បរទេស។ បើតាមរបាយការណ៍​ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញ​ឲ្យដឹងថា នៅក្នុងឆ្នាំ ២០១៨ តំបន់​សេដ្ឋកិច្ច​ពិសេស ដែលមាន​ដំណើរការ មាន​ចំ​នួនរហូតដល់ ២១តំបន់ ក្នុងនោះ មានរោងចក្រ​ចំនួន ២៦៦ និងបាន​បង្កើត​ការងារ​ចំនួនជាង ១១ម៉ឺនកន្លែង។

ចំពោះ​សក​ម្ម​ភាពវិនិយោគដទៃ​ទៀត ដែលមិនត្រូវបាន​ចុះបញ្ជី​នៅក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា  រួមមាន​ដូចជា វិស័យ​សំណង់ និង វិស័យ​ធនាគារ និងហិរញ្ញវត្ថុ​ជាដើម ក៏មាន​ការរីកចម្រើន​គួរឱ្យ​កត់សម្គាល់​ផ​ងដែរ។

ជាក់ស្តែង នៅក្នុងវិស័យ​សំណង់ ទុនវិនិយោគ​មានការកើន​ឡើងជា​បន្តបន្ទាប់ ក្នុងអត្រា​កំ​ណើន​ជាមធ្យម​ប្រចាំឆ្នាំ ២៣ភាគរយ ក្នុងនោះ​ទំហំទុន​វិនិយោគ​នៅឆ្នាំ ២០១៨ មានចំនួន​ប្រមាណ​ជា​ង ៥ពាន់ ៧រយលាន​ដុល្លារ​អាមេរិក។ 

សម្រាប់វិស័យ​ហិរញ្ញវត្ថុវិញ ចំនួនធនាគារ និងគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ បានកើនឡើង​ពី​ ៨៦​ ដល់ ១៣៧គ្រឹះស្ថាន។

គិតត្រឹមឆ្នាំ ២០១៨ សហគ្រាស​ធុនតូច និងមធ្យម និងសិប្បកម្ម មានចំនួនជាង ៥សែន ស្មើនឹង ៩៩ភាគរយនៃ ចំនួន​សហគ្រាស​សរុប និងបានផ្តល់​ការងារ​ជូនប្រជាពលរដ្ឋ​ជាង ៣លាន ៥សែននាក់។

បើនិយាយពីវិស័យ​ទេសចរណ៍វិញ ក្នុងរយៈពេល​ត្រីមាសទី ១ ឆ្នាំ២០១៩ កម្ពុជា បានស្វាគមន៍​ភ្ញៀវទេសចរ​បរទេស​សរុប​ប្រមាណជិត ២លាននាក់ មានការ​កើនឡើង ៩% បើធៀប​នឹងរយៈពេល​ដូចគ្នា ក្នុងឆ្នាំ២០១៨ ហើយកម្ពុជា ក៏រំពឹងដែរថា ចំនួនភ្ញៀវទេសចរ នឹងកើនឡើង​បន្ថែមទៀត នៅក្នុងឆ្នាំ​បន្តបន្ទាប់  ដែលនេះជា​ឱកាសដ៏ល្អ សម្រាប់អ្នក​វិនិយោគ និងធុរជន ក្នុងការ​បណ្តាក់ទុន​ក្នុងវិស័យនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជានៅតែខ្លាំងក្នុងការនាំចេញទំនិញទៅជប៉ុនក្នុងត្រីមាសទី១ ឆ្នាំនេះ

ព័ត៌មាន
នៅក្នុងរយៈពេល៣ខែដំបូងឆ្នាំ ២០១៩នេះ កម្ពុជានៅតែស្ថិតក្នុងលំដាប់ថ្នាក់នៃការនាំចេញទំនិញទៅកាន់ទីផ្សារប្រទេសជប៉ុនជាច្រើន ក្នុងចំណោមប្រទេសទាំ…

សហគ្រិនជំនាន់ថ្មី លោក លី វីរៈ៖ ការវិនិយោគវិស័យអប់រំចំណេញប្រាក់តិច តែចំណេញដល់ជាតិច្រើន

ព័ត៌មាន
នៅរយៈពេល១០ឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា ការវិនិយោគលើវិស័យអប់រំចំពោះផ្នែកឯកជនមានការរីកដុះដាលគួរឲ្យកត់សម្គាល់ ដោយឃើញមានសាលាឯកជនថ្មីៗ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ