មន្ត្រីសុខាភិបាលអង់គ្លេសបាននិយាយថា វ៉ាក់សាំង Oxford/AstraZeneca នេះ មានតម្លៃថោក និងងាយស្រួលរក្សាទុក ដែលអាចជាទីសង្ឃឹមដល់ប្រទេសនានានៅលើពិភពលោក សម្រាប់ការបញ្ឈប់ការរាតត្បាតនៃជំងឺកូវីដ-១៩ ។
នៅចក្រភពអង់គ្លេស មន្ត្រីសុខាភិបាលសង្ឃឹមថា គេនឹងអាចចាក់វ៉ាក់សាំងឲ្យប្រជាជនបានដល់ទៅ ២លាននាក់ក្នុងមួយសប្ដាហ៍ នៅក្នុងពេលដ៏ខ្លីខាងមុខនេះ ។
វ៉ាក់សាំងកូវីដ-១៩ ដែលផលិតរួមគ្នាដោយសាកលវិទ្យាល័យ Oxford និងក្រុមហ៊ុន AstraZeneca របស់អង់គ្លេស ត្រូវគេអះអាងថា មានតម្លៃថោកជាងគេ និងងាយស្រួលក្នុងការរក្សាទុក ។ វ៉ាក់សាំង AstraZeneca មានតម្លៃ ២,១៨ដុល្លារក្នុងមួយដូស ធៀបនឹងវ៉ាក់សាំង Pfizer/BioNTech តម្លៃ ១៤,៧១ដុល្លារ ក្នុងមួយដូស, និងវ៉ាក់សាំង Moderna តម្លៃ ១៨ដុល្លារក្នុងមួយដូស ។ នេះបើយោងតាមសារព័ត៌មាន Business Insider ។
កន្លងមក អង់គ្លេសក៏បានអនុម័តឲ្យប្រើវ៉ាក់សាំងរបស់អាមេរិក/អាល្លឺម៉ង់ Pfizer/BioNTech ផងដែរ និងបានចាប់ផ្ដើមចាក់ឲ្យប្រជាជនបណ្ដើរៗរួចជាស្រេចហើយ ។
វ៉ាក់សាំង Oxford/AstraZeneca មានភាពងាយស្រួលរក្សាទុកជាងវ៉ាក់សាំង Pfizer/BioNTech ពីព្រោះគេអាចរក្សាទុកវានៅក្នុងកម្រិតសីតុណ្ហភាពក្នុងទូទឹកកកធម្មតាបាន ចំណែកឯ វ៉ាក់សាំង Pfizer/BioNTech វិញ ត្រូវរក្សាទុកក្នុងកម្រិតសីតុណ្ហភាព -៧០អង្សារសេ ទើបបាន ៕