កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងអង់គ្លេសនេះ បើយោងតាមសារព័ត៌មាន Bloomberg នឹងបើកផ្លូវឲ្យមានការលុបចោលពន្ធគយ ៩៩% សម្រាប់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្នុងពេល ៧ឆ្នាំក្រោយកិច្ចព្រមព្រៀងនេះ ។
នៅពេលដែលកិច្ចព្រមព្រៀងនេះត្រូវអនុវត្តពេញលេញ វៀតណាមនឹងចំណេញពី ជាង ១៥០លានដុល្លារអាមេរិក ពីពន្ធគយដែលត្រូវបង់សម្រាប់ការនាំចេញរបស់ខ្លួន ហើយអង់គ្លេសវិញ ក៏នឹងចំណេញបានជាង ៣៦លានផោន (ប្រាក់អង់គ្លេស) ពីការមិនបង់ពន្ធលើការនាំចេញរបស់ខ្លួន ដែរ ។
ភាគីទាំងពីរ (វៀតណាម និងអង់គ្លេស) បានចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ តាំងពីខែសីហា ឆ្នាំ២០១៨ មកម៉្លេះ ។ នៅក្រោយថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះតទៅ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់វៀតណាមជាមួយនឹងសហភាពអឺរ៉ុប នឹងលែងអាចអនុវត្តចំពោះចក្រភពអង់គ្លេសបានទៀតហើយ ពីព្រោះការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប ។ ដូច្នេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម-អង់គ្លេស នឹងចាប់អនុវត្តពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ តទៅ ។
ចក្រភពអង់គ្លេស គឺជាដៃគូពាណិជ្ជកម្មធំជាងគេបំផុតទីបីរបស់វៀតណាម នៅអឺរ៉ុប ។ វៀតណាមនាំចេញទំនិញក្នុងចំនួនទឹកប្រាក់ជាង ៦ពាន់លានដុល្លារអាមេរិក ទៅកាន់ទីផ្សារប្រទេសអង់គ្លេស កាលពីឆ្នាំទៅមិញ (ឆ្នាំ២០១៩) ចំណែកឯ អង់គ្លេសវិញនាំចេញទំនិញរបស់ខ្លួន ទៅកាន់ទីផ្សារប្រទេសវៀតណាម ក្នុងតម្លៃទឹកប្រាក់ជិត ៨០០លានដុល្លារអាមេរិក៕