នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍បារាំង TF1 លោក ម៉ាក្រុង បាននិយាយថា៖ អឺរ៉ុបត្រូវរៀបចំកសាងសន្តិសុខនាពេលអនាគតរបស់ខ្លួន ហើយក៏គិតផងដែរ «ថាគួរត្រូវធ្វើបែបណាដើម្បីធានាសន្តិសុខដល់ប្រទេសរុស្ស៊ីនៅពេលដែលរុស្ស៊ីយល់ព្រមត្រឡប់ចូលតុចរចាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះ»។
មនុស្សជំនិតរបស់ប្រធានាធិបតីអ៊ុយក្រែន លោក មីឃែឡូ ប៉ូដូលយ៉ាក (Mykhailo Podolyak) បាននិយាយថា៖ «ពិភពលោកនេះគឺត្រូវការការការធានាសន្តិសុខពីប្រទេសរុស្ស៊ីទៅវិញទេ ពោលគឺពិភពលោកដ៏ស៊ីវិល័យនេះចាំបាច់ត្រូវមាន «ការធានាសុវត្ថិភាព» ពីរដ្ឋភារវករ ដែលមានចេតនាឈ្លានពានដូចប្រទេសរុស្ស៊ីដែលមានលោកពូទីននៅពីក្រោយនោះ»។
ដោយឡែក លោក អូឡេនស្គី ដានីឡូវ (Oleksiy Danilov) លេខានៃក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែនបាននិយាយថា បើរុស្ស៊ី «ត្រូវបានលុបបំបាត់អាវុធនុយក្លេអ៊ែរ យោធា» នោះ វានឹងក្លាយជាការធានាដ៏ល្អបំផុតនៃសន្តិភាពមិនត្រឹមតែសម្រាប់អ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ពិភពលោកតែម្តង។ លោកបានចោទជាសំណួរនៅលើប្រព័ន្ធថ្វីតធ័រថា «តើអ្នកពិតជាចង់ផ្តល់ការធានាសន្តិសុខដល់រដ្ឋភេរវករ និងនិងក្រុមឃាតករមែនទេ ឬក៏បំបិទចោលការកាត់ក្តីនៅទីក្រុងនូរេមប័ក (Nuremberg) ដោយជំនួសមកវិញនូវការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរុស្ស៊ី ហើយចាប់ដៃឬ?
គួរជម្រាបថា ការកាត់ក្តីនៅទីក្រុង Nuremberg គឺជាកាត់ទោសឧក្រិដ្ឋជនសង្គ្រាមណាស៊ី បន្ទាប់ពីសង្គ្រាមលោកលើកទី ២ ត្រូវបានបិទបញ្ចប់ ហើយក្រោយមកក៏បង្កើតឱ្យមានតុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅទីក្រុងឡាអេជាដើម។ ដូច្នេះហើយការណ៍នេះត្រូវទាញយកមកធ្វើដាក់ជាគំរូនៃការបង្កសង្គ្រាមឈ្លានពានរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ដែលគេចាត់ទុកថា ជាអំពើភារវកម្មប្រឆាំងមនុស្សជាតិ។
ទោះជាយ៉ាងណា ក្រុងមូស្គូបានបដិសេធច្រាលចោលទាំងស្រុងដែលថា កងកម្លាំងរបស់ខ្លួនបានប្រព្រឹត្តអំពើឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែននោះ។
មែនទែនទៅ ក្នុងសង្គ្រាមជាច្រើនខែមកនេះក៏មានដែរកិច្ចចរចាស្វែងរកសន្តិភាពរវាងទីក្រុងម៉ស្គូ និងទីក្រុងកៀវ តែការចរចានោះមិនបានទទួលលទ្ធផលអ្វីទាំងអស់ ក្រោយរដ្ឋាភិបាលកៀវថា កិច្ចចរចាសន្តិភាពអាចធ្វើទៅបាន លុះត្រាតែរុស្ស៊ីបញ្ឈប់ការវាយលុករបស់ខ្លួន ហើយដកកងទ័ព និងប្រគល់ទឹកដីទាំងអស់ដែលខ្លួនដណ្តើមបានមកឱ្យអ៊ុយក្រែនវិញ រួមទាំងតំបន់គ្រីមៀផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែនកាលពីពេលកន្លងមក។
ចំណែកឯ វិមានក្រឹមឡាំងវិញបាននិយាយថា លោកខាងលិចត្រូវតែទទួលស្គាល់ដែនដីដែលរុស្ស៊ីបានដាក់បញ្ចូលជាទឹកដីថ្មីរបស់សហព័ន្ធរុស្ស៊ីសិន ទើបអាចនិយាយពីការចរចាជាមួយលោក ពូទីន បាន។
ទោះជាយ៉ាងណាក៏ដោយ គេមើលឃើញថា ពន្លឺនៃកិច្ចចរចាសន្តិភាពហាក់នៅឆ្ងាយមែនទែន ហើយសង្គ្រាមនៅតែបន្តឥតស្រាក់ស្រាន្ដ ហើយពេលនេះ រុស្ស៊ីកំពុងតែព្យាយាមវាយខ្ទប់អ៊ុយក្រែន ឲ្យនៅដាច់ទឹក ដាច់ភ្លើងប្រើប្រាស់នៅរដូវរងានេះ។ បើតាមមន្ត្រីក្រសួងមហាផ្ទៃរបស់អ៊ុយក្រែនមួយរូបបានប្រាប់សារព័ត៌មាន រ៉យទ័រ ថា តំបន់ជាង ៥០០ កន្លែងនៅអ៊ុយក្រែនត្រូវបានកាត់ផ្តាច់ដោយគ្មានថាមពលប្រើប្រាស់គិតត្រឹមថ្ងៃអាទិត្យ ទី៤ ខែធ្នូ បន្ទាប់ពីការវាយប្រហារដោយមីស៊ីលតាមអាកាសរបស់រុស្ស៊ីជាច្រើនសប្តាហ៍មកនេះ។
ហើយការដាច់ចរន្តអគ្គិសនីម្តងទ្រង់ទ្រាយធំនេះទៀតសោធក៏បានធ្វើឱ្យមនុស្សរាប់លាននាក់គ្មានកំដៅ និងភ្លើងបំភ្លឺ ខណៈដែលសីតុណ្ហភាពក្នុងប្រទេសអ៊ុយក្រែនបានធ្លាក់ចុះក្រោមសូន្យអង្សាសេក្នុងងប៉ុន្មានថ្ងៃថ្មីៗនេះ។ ទន្ទឹមគ្នានេះ មានប្រជាជនអ៊ុយក្រែនលាននាក់បានបន្តភាសខ្លួនទៅកាន់ប្រទេសក្បែរខាង ហើយខ្លះក៏បន្តស៊ូទ្រាំក្នុងសភាពដ៏លំបាកនេះដោយរំពឹងថា សង្គ្រាមនឹងបញ្ចប់ក្នុងពេលខាងមុខ៕