កិច្ចប្រជុំដែលមានការសម្របសម្រួលធ្វើជាអាជ្ញាកណ្តាលពីសំណាក់អារ៉ាប៊ីសាអូឌីតនេះ ធ្វើឡើងនៅទីក្រុងJeddah ដែលមានប្រទេសជាង៤០បានចូលរួម មានដូចជាចិន ឥណ្ឌា សហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត ហើយដែលបានបញ្ចប់កាលពីថ្ងៃអាទិត្យទី៦សីហានេះ។ តាមមន្ត្រីអ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិច បានហៅកិច្ចចរចារននេះថា ជាការប៉ុនប៉ងដើម្បីរក្សាការគាំទ្រជាអន្តរជាតិចំពោះគោលការណ៍អធិបតេយ្យភាព និងការបូរណភាពទឹកដីដែលអ៊ុយក្រែនចង់បាន ធ្វើជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចព្រមព្រៀងសន្តិភាពណាមួយ។ គោលការណ៍នោះតម្រូវឱ្យរុស្ស៊ីដកទ័ពទាំងអស់ចេញពីទឹកដីអ៊ុយក្រែន និងប្រគល់ផ្ទៃដីដែលខ្លួនវាយដណ្តើមបានទាំងអស់ឱ្យទីក្រុងកៀវវិញ។
ថ្លែងអំពីការចរចារនៅទីក្រុងJeddahនេះ ប្រធានចាត់ការទូទៅរបស់ប្រធានាធិបតីហ្សេលេនស្គី លោក Andriy Yermak ដែលចូលរួមផ្ទាល់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «កិច្ចពិភាក្សាអាចនិយាយបានថា មានផ្លែផ្កាល្អទៅលើគោលការណ៍សំខាន់ៗសម្រាប់កសាងសន្តិភាព»។ ទោះបីមានទស្សនលើកឡើងផ្ទុយគ្នានៅក្នុងកិច្ចប្រជុំ លោកយ៊ើម៉ាក់ថា «វាបង្ហាញពីការបើកចំហរការសន្ទនា និងភាពស្មោះត្រង់ទៅវិញទៅមក»។ លើសពីនោះ ភាគីប្រទេសដែលចូលរួមទាំងអស់ បានបង្ហាញពីជំហរប្តេជ្ញាបន្តគាំទ្រច្បាប់អន្តរជាតិ ដែលគោរពអធិបតេយ្យភាព និងភាពដែលមិនអាចរំលោភបាននៃបូរណភាពទឹកដីរបស់រដ្ឋមួយ។
ដោយឡែក អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បាននិយាយដែលត្រូវបានស្រង់សំដីដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា «កិច្ចចរចារនៅJeddahសបង្ហាញពីការប៉ុនប៉ងរបស់លោកខាងលិចទាំងឥតប្រយោជន៍ ក្នុងការកៀរគរនិងរុញឱ្យប្រទេសលោកខាងត្បូង (Global South) នៅពីក្រោយក្តីវិនាសរបស់អ៊ុយក្រែនទៅវិញ»។
ទោះបីមានការយល់ឃើញខុសគ្នារវាងប្រទេសទាំងពីរ និងគ្មានសង្ឃឹមថាដំណោះស្រាយសន្តិភាពអាចនឹងចេញជារូបរាងឡើងក្តី យ៉ាងណាក៏ប្រទេសធំៗលើនៅពិភពលោកបង្ហាញពីបំនងនិងឆន្ទៈរបស់ពួកគេ ក្នុងខិតខំប្រឹងប្រែងការបើកផ្លូវឱ្យមានកិច្ចពិភាក្សាជាបន្តបន្ទាប់ ជាជាងបន្តនៅស្ងៀមចំពោះសង្គ្រាមជាង៥៣០ថ្ងៃមកនេះ។ គេសង្កេតឃើញថា ប្រទេសចិនដែលមិនបានចូលរួមកិច្ចចរចារនេះនៅជុំពីមួយ ក៏បានមានវត្តមាននៅក្នុងកិច្ចប្រជុំនេះដែរ។ អ្នកវិភាពមួយចំនួនថា នេះមកពីទម្ងន់ការទូតរបស់អារ៉ាប៊ីសាអូឌីតដែលមានជាមួយទីក្រុងប៉េកាំង ទោះបីវត្តមានរបស់ចិនមិនអាចធ្វើឱ្យមានការផ្លាស់ប្តូរជាដុំកំភួនណាមួយយ៉ាងណាក៏ដោយ៕