អ៊ុយក្រែនថាមិនចុះចាញ់រុស្ស៊ីដាច់ខាត!

អ៊ុយក្រែនអះអាងថា នឹងនៅតែក្រាញននៀលមិនសុំចុះចាញ់រុស្ស៊ីដាច់ខាត ខណៈស្ថានភាពមនុស្សធម៌កាន់តែយ៉ាប់យ៉ឺន


ប្រមុខដឹកនាំអ៊ុយក្រែននៅព្រឹកថ្ងៃចន្ទទី២១មីនានេះ បានអះអាងច្បាស់ៗថាខ្លួននឹងមិនសុំចុះចាញ់រុស្ស៊ីដាច់ខាត ទោះស្ថិតក្នុងលក្ខខណ្ឌណាក៏ដោយ។ ការចេញមកប្រតិកម្មដូចនេះ គឺជាការបដិសេធយ៉ាងដាច់អហង្ការ ទៅនឹងការអំពាវនាវរបស់រុស្ស៊ីកាលពីថ្ងៃអាទិត្យ ដែលបានប្រកាសឲ្យកងទ័ពអ៊ុយក្រែនដែលកំពុងការពារទីក្រុងកំពង់ផែរ ម៉ារីយូប៉ូល (Mariupol) ដាក់អាវុធចុះចាញ់ខ្លួនទៅ។
អ៊ុយក្រែនថាមិនចុះចាញ់រុស្ស៊ីដាច់ខាត!

ទីក្រុងកំពង់ផែរ ម៉ារីយូប៉ូល ជាទីក្រុងសំខាន់មួយ ក្នុងចំណោមក្រុងសំខាន់ៗជាច្រើនទៀតរបស់អ៊ុយក្រែន ត្រូវបានទាហ៊ានរុស្ស៊ីឡោមព័ទ្ធអស់ពេលជាច្រើនថ្ងៃមកហើយ ខណៈស្ថានភាពមនុស្សធម៌ក្នុងទីក្រុងមួយនេះកំពុងយ៉ាប់យ៉ឺនទៅៗ ដោយប្រជាជនកំពុងខ្វះខាត អាហារ ទឹកស្អាត និងថាមពលប្រើប្រាស់។ ប្រការនេះ កំពុងតែបង្កើនសម្ពាធលើមេដឹកនាំអឺរ៉ុប ឲ្យរឹតបន្តឹងទណ្ឌកម្មបន្ថែមទៀតទៅលើទីក្រុងម៉ូស្គូ។

រដ្ឋាភិបាលអ៊ុយក្រែនបានច្រានចោលការអំពាវនាវរបស់រុស្ស៊ីឱ្យកងកម្លាំងអ៊ុយក្រែននៅក្នុងទីក្រុង ម៉ារីយូប៉ូល (Mariupol) ដាក់អាវុធរបស់ពួកគេចុះ ជាថ្នូរនឹងការដែលរុស្ស៊ីព្រមបើកច្រកសុវត្ថិភាពចេញពីទីក្រុង និងច្រករបៀងតូចៗសម្រាប់ដឹកជញ្ជូនជំនួយ មនុស្សធម៌ និងជម្លៀសប្រជាជនចេញ។

ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី អៀរីណា វេរ៉េសឈុគ (Iryna Vereshchuk) បាននិយាយថា វាគ្មានផ្លូវអាចទៅរួចឡើយ ដែលអ៊ុយក្រែននឹងទម្លាក់អាវុធសុំចុះចាញ់ ហើយរដ្ឋាភិបាលក៏បានជូនដំណឹងទៅកាន់ភាគីរុស្ស៊ីវិញដែរ ពីរឿងនេះ។

គួរបញ្ជាក់ថា ក្រុងកំពង់ផែរ ម៉ារីយ៉ូបប៉ូល របស់អ៊ុយក្រែន បានទទួលរងនូវការទម្លាក់គ្រាប់បែក ការបាញ់ផ្លោងគ្រាប់មីស៊ីលដ៏ធ្ងន់ធ្ងរបំផុត ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី២៤ខែកុម្ភៈ។ អ្នករស់នៅក្នុងក្រុងមួយនេះ ជាច្រើនម៉ឺននាក់ក្នុងចំណោមអ្នកស្រុកសរុបចំនួន ៤០ម៉ឺននាក់ នៅបន្តជាប់គាំងក្នុងទីក្រុងមិនអាចភៀសខ្លួនចេញក្រៅបាន ខណៈដែលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅតាមគ្រប់ដងផ្លូវក្នុងទីក្រុង។

យ៉ាងណាមិញ ក្នុងចំណោមមនុស្សជាង ៧ពាន់នាក់ទៀត ដែលត្រូវបានគេជម្លៀសចេញពីទីក្រុងនានារបស់អ៊ុយក្រែនតាមរយៈច្រករបៀងមនុស្សធម៌កាលពីថ្ងៃអាទិត្យ មានច្រើនជាងពាក់កណ្តាល គឺបានជម្លៀសពីទីក្រុង ម៉ារីយ៉ូប៉ូល ។ រដ្ឋាភិបាលអ៊ុយក្រែន គ្រោងនឹងបញ្ជូនរថយន្តក្រុងជិត ៥០គ្រឿងទៀតទៅកាន់ទីនោះនៅថ្ងៃចន្ទសម្រាប់ទុកជម្លៀសពលរដ្ឋបន្ថែមទៀត។

គួរជម្រាបថា ជាលទ្ធផលដែលទទួលបានពីជំនួបចរចាជាច្រើនលើក រុស្ស៊ីនិងអ៊ុយក្រែន បានព្រមព្រៀងបើកច្រករបៀងតូចៗសម្រាប់មនុស្សធម៌ ដើម្បីជម្លៀសជនស៊ីវិល ប៉ុន្តែភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមក ថា បានរំលោភនឹងកិច្ចព្រមព្រៀង ដោយបន្តបាញ់ប្រហារសំដៅជនស៊ីវិល ដែលបម្រុងនឹងជម្លៀសចេញ។

វិបត្តិមនុស្សធម៌កាន់តែយ៉ាប់យ៉ឺននៅក្រុង ម៉ារីយ៉ូប៉ូល និងទីក្រុងផ្សេងទៀតរបស់អ៊ុយក្រែនដែលបានរងការបំផ្លិចបំផ្លាញយ៉ាងខ្លាំង ទំនងនឹងក្លាយជាប្រធានបទ ចម្បងនៅក្នុងការពិភាក្សារវាងមេដឹកនាំសហភាពអឺរ៉ុបនៅក្នុងសប្តាហ៍នេះ ខណៈដែលពួកគេកំពុងពិចារណាលើការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងថែមទៀត លើប្រទេសរុស្ស៊ី ពិសេសជុំវិញការនាំប្រេងចេញតែម្តង។

សូមបញ្ជាក់ថា ទោះអ៊ុយក្រែន បដិសេធដាច់អហង្ការថា នឹងមិនចុះចាញ់រុស្ស៊ីក្តី ប៉ុន្តែរដ្ឋាភិបាលទីក្រុងកៀវនៅតែខិតខំអំពាវនាវ និងស្វែងរកកិច្ចចរចាសន្តិភាពដើម្បីបញ្ចប់សង្គ្រាមដដែល។ ជាក់ស្តែង ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ុយក្រែន និងអ៊ីស្រាអែលកំពុងប្រឹងប្រែង ឱ្យមានការរៀបចំកិច្ចចរចាសន្តិភាពថ្នាក់កំពូលតែម្តង រវាងអ៊ុយក្រែននិងរុស្ស៊ី ហើយបានបង្ហើបថា ការចរចាអាចនឹងប្រព្រឹត្តទៅនៅទីក្រុងហ្សេរុយសាឡឹម នៃប្រទេសអ៊ឺស្រាអែល។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គីបាននិយាយថា លោកបានត្រៀមខ្លួនជាស្រេចដើម្បីជួបចរចាសន្តិភាព ជាមួយប្រធានាធិបតីរុស្ស៊ី លោកពូទីន ប៉ុន្តែលោក ហ្សេលេនស្គីក៏បានព្រមានដែរថា ប្រសិនបើកិច្ចចរចាទទួលបរាជ័យ នោះសង្រ្គាមលោកលើកទី៣ អាចនឹងផ្ទុះឡើងផងដែរ។ នេះបើតាមការរាយការណ៍ពី CNN។

ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ក៏នឹងធ្វើដំណើរទៅកាន់ប្រទេសប៉ូឡូញជាប់ព្រុំប្រទល់អ៊ុយក្រែន នៅថ្ងៃសុក្រសប្ដាហ៍នេះផងដែរ ដើម្បីពិភាក្សាអំពីការឆ្លើយតបជាអន្តរជាតិចំពោះការលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ដែលបានបង្កឲ្យមានវិបត្តិមនុស្សធម៌ និងសិទ្ធិមនុស្ស។

ខណៈពេលដែលកម្លាំងវាយប្រហាររុលចូលមកក្នុងទីក្រុងកៀវ របស់រុស្ស៊ីត្រូវបានកាត់បន្ថយ ប៉ុន្តែរដ្ឋធានីមួយនេះបានទទួលរងនូវការបាញ់ផ្លោង និងកាំជ្រួចមីស៊ីលមិនស្រាកស្រាន្តឡើយ ពិសេសនៅពេលយប់។ មានមនុស្សយ៉ាងតិច ៨នាក់ទៀតត្រូវបានសម្លាប់ដោយការបាញ់ផ្លោងដែលបានបំផ្លាញមជ្ឈមណ្ឌលលក់ទំនិញមួយកន្លែងក្នុងរដ្ឋធានីកៀវ នៅថ្ងៃចន្ទនេះ។

ក្រៅពីទីក្រុង Mariupol ទីក្រុងភាគខាងកើតនៃទីក្រុងខាគីវ ក្រុងសាំមី  និង ក្រុង ឈឺនីហីវ បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុត ស្ទើររាបស្មើដល់ដី ដោយការបាញ់ផ្លោងពីកាំភ្លើងធំរុស្ស៊ី។

ដោយឡែក តួលេខពីការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានឲ្យដឹងថា គិតត្រូវថ្ងៃសៅរ៍សប្តាហ៍មុននេះ មានប្រជាជនអ៊ុយក្រែនជាង ៩០០នាក់ហើយបានបាត់បង់ជីវិតពីការវាយប្រហាររបស់រុស្ស៊ី ប៉ុន្តែ គេបានព្រមានដែរថា តួលេខគឺមានច្រើនជាងនេះក៏អាចថាបាន៕
None



អត្ថបទបន្ទាប់


តើកត្តាអ្វីខ្លះជំរុញឲ្យថៃ រំពឹងការនាំចេញអង្ករអាចកើនឡើងដល់ ៨ លានតោន ក្នុងឆ្នាំនេះ?

សមាគមអ្នកនាំចេញអង្កររបស់ថៃ បានឱ្យដឹងថា ការនាំចេញអង្កររបស់ប្រទេសថៃត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៨ លានតោននៅឆ្នាំនេះ ដែលជំរុញដោយការធ្ល…

ឧបសគ្គធំៗ៣ ដែលប្រាក់រៀលបានឆ្លងកាត់ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ តើជាអ្វីខ្លះ?

ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជាបានអះអាងថា នៅក្នុងរយៈពេល៤២ឆ្នាំកន្លងមកនេះ វត្តមានរបស់ប្រាក់រៀល បានរួមចំណែកយ៉ាងសំខាន់នៅក្នុងការស្តារន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ