ការនាំចេញអង្កររបស់ថៃ

តើកត្តាអ្វីខ្លះជំរុញឲ្យថៃ រំពឹងការនាំចេញអង្ករអាចកើនឡើងដល់ ៨ លានតោន ក្នុងឆ្នាំនេះ?


សមាគមអ្នកនាំចេញអង្កររបស់ថៃ បានឱ្យដឹងថា ការនាំចេញអង្កររបស់ប្រទេសថៃត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៨ លានតោននៅឆ្នាំនេះ ដែលជំរុញដោយការធ្លាក់ចុះនៃប្រាក់បាត និងការកើនឡើងនៃតម្រូវការនៅក្នុងទីផ្សារពិភពលោក ខណៈដែលកាលពីឆ្នាំ២០២១មានត្រឹមតែជាង៦លានតោនប៉ុណ្ណោះ។ ការរំពឹងទុកបែបនេះ ព្រោះថា នៅ២ខែដំបូងដើមឆ្នាំនេះ ការនាំចេញអង្កររបស់ថៃ ហាក់បង្ហាញពីសម្ទុះកើនឡើងគួរឲ្យកត់សម្គាល់។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Bangkok Post។
ថៃ រំពឹងនឹងនាំចេញអង្ករកើនឡើង
ដោយ

លោកឈូកៀត អូផាសាវុង (Chookiat Ophaswongse) ដែលជាប្រធានក្រុមប្រឹក្សាភិបាលកិត្ដិយស​​នៃសមាគមអ្នកនាំចេញអង្ករថៃអះអាងថា ការនាំចេញអង្កររបស់ថៃឈានដល់ ១លាន៥សែនតោនក្នុងរយៈពេលពីរខែដំបូងក្នុងឆ្នាំនេះ ធៀបនឹងការនាំចេញក្នុងរយៈពេលដូចគ្នា​កាលពីឆ្នាំ ២០២១ គឺមាន ៩ សែន តោនប៉ុណ្ណោះ។ លោក​បាន​បន្ត​ថា​ ​ប្រសិន​បើ​ប្រទេស​ថៃ​អាច​នាំ​ចេញ​ជា​មធ្យម ៧០ ម៉ឺន​តោន​ក្នុង​មួយ​ខែ នោះ​ទំហំ​នាំ​ចេញ​សរុប​ទំនង​​ជា​មាន​យ៉ាង​ហោច​ណាស់ ៨ លាន​តោន​នៅ​ឆ្នាំ​នេះ។ យ៉ាងណាមិញ តម្លៃនៃការនាំចេញត្រូវបានប៉ាន់ប្រមាណថានឹងមានជិត​៤ពាន់លានដុល្លារ ខណៈតម្លៃ​អង្ករ​ថៃ​ឥឡូវនេះ ​គឺ​ជិត​ស្មើនឹងតម្លៃ​អង្ករ​វៀតណាមដែរហើយ។ លោក បាន​ថ្លែង​ថា តម្លៃ​នាំ​ចេញ​អង្ករ​របស់​ថៃ​ឥឡូវ​មាន​ការ​ប្រកួត​ប្រជែង ​ខណៈ​ប្រាក់​បាត​ធ្លាក់​ចុះ ​មួយ​ផ្នែក​ដោយ​សារ​តែ​សង្គ្រាម​រុស្ស៊ី​លើអ៊ុយក្រែនដែល​កំពុង​បន្តផងដែរ។

គួរកត់សម្គាល់ថា តម្លៃ​អង្ករ​ស​ថៃ​មានការឡើងថ្លៃ ៥% ដែលបានកើនឡើង ២០ ដុល្លារបន្ថែម​ទៀតក្នុងតម្លៃអង្ក ១ តោន។ បើតាមការកត់ត្រា​នៅដើមខែនេះ​តម្លៃអង្កថៃ​មានតម្លៃ ៤២០ ដុល្លារ​អាមេរិក ក្នុង ១ តោន ដែល​ជាតម្លៃ ​ដូច​អង្ករ​វៀតណាមដែរ។

អ្នកជំនាញស្រូវអង្ករថៃ បានអះអាងថា នៅពេលណាដែលអង្ករថៃមានតម្លៃស្មើ​នឹងអង្ករវៀតណាម អ្នកនាំចូលក្នុងប្រទេសអាស៊ី​ ដូចជាហ្វីលីពីន ម៉ាឡេស៊ី និងចិន នឹងងាកមក​ទិញអង្ករថៃកាន់តែច្រើនឡើង។ សំខាន់ជាងនេះទៅទៀត ទីផ្សារនាំចេញនៅមជ្ឈិមបូព៌ា ដូចជាអ៊ីរ៉ាក់ អ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត ក៏បានត្រលប់មកចាប់ដៃគូរសហប្រតិបត្តិការ​ជាមួយថៃវិញនៅក្នុងឆ្នាំនេះផងដែរ។ ក្នុងនោះ ដោយសារការផ្ទុះឡើងនៃជំងឺ កូវីដ ១៩ នៅហុងកុង និងសិង្ហបុរី ក៏ដូចជាការបិទទីក្រុង ស៊ិនជិន ប្រទេសចិន អ្នកប្រើប្រាស់កំពុងទិញអង្ករថៃកាន់តែច្រើន​នៅក្នុងផ្សារទំនើប​ដើម្បីស្តុកទុក។ 

គួរជម្រាបថា សង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន ​បាន​ជះឥទ្ធិពល​ដល់​តម្លៃ​អង្ករ​ថៃ​ឲ្យ​ឡើង​ថ្លៃ​បន្ថែម ​ដោយ​សារ​តម្លៃ​ស្រូវ​សាលី និង​ពោត​ឡើង​ថ្លៃ។ សមាគមអ្នកនាំចេញអង្ករថៃ ​រំពឹង​ថា ​តម្លៃ​អង្ករ​ថៃ​នឹង​កើន​ឡើង ៥ ភាគរយ ឬ ២០ ដុល្លារ​ក្នុង​មួយ​តោនបន្ថែមទៀត ​នៅ​ត្រីមាស​ទីពីរ​ឆ្នាំ​នេះ​​។

ទោះបីជាយ៉ាងនេះក្តី ការកើនឡើងដែលត្រូវបានព្យាករណ៍ គឺតិចតួច ដោយសារតែមានស្តុកខ្ពស់ក្នុងប្រទេសឥណ្ឌា ខណៈដែលផលិតកម្មស្រូវ​ត្រូវបានគេរំពឹងថា នឹងកើនឡើងនៅឆ្នាំនេះ ទាំងនៅក្នុងប្រទេសវៀតណាម និងប្រទេសថៃ។

យ៉ាងណាមិញ នៅរដូវប្រមូលផលស្រូវឆ្នាំ២០២១-២០២២នេះ ថៃរំពឹងថា នឹងអាចប្រមូលផលស្រូវបានដល់ជាង៣០លានតោន៕

អត្ថបទ វ៉ាន់ ស្រីរ័ត្ន 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនយក្សចិន Evergrande និងអង្គភាពរបស់ខ្លួនផ្អាកការជួញដូរនៅទីក្រុងហុងកុង

ព័ត៌មាន
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Evergrande Group រួមជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនផ្សេងទៀតបានផ្អាកការជួញដូរក្នុងទីក្រុងហុងកុងនៅព្រឹក…

អ៊ុយក្រែនអះអាងថា នឹងនៅតែក្រាញននៀលមិនសុំចុះចាញ់រុស្ស៊ីដាច់ខាត ខណៈស្ថានភាពមនុស្សធម៌កាន់តែយ៉ាប់យ៉ឺន

ព័ត៌មាន
ប្រមុខដឹកនាំអ៊ុយក្រែននៅព្រឹកថ្ងៃចន្ទទី២១មីនានេះ បានអះអាងច្បាស់ៗថាខ្លួននឹងមិនសុំចុះចាញ់រុស្ស៊ីដាច់ខាត ទោះស្ថិតក្នុងលក្ខខណ្ឌណាក៏ដោយ។ ការចេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ