បើយោងតាមសេចក្តីរាយការណ៍ពីព័ត៌មានធំៗ កងកម្លាំងរុស្ស៊ីបានរងការខាតបង់យ៉ាងធ្ងន់ធ្ងរក្នុងការព្យាយាមវាយកាន់កាប់ទីក្រុងធំៗរបស់អ៊ុយក្រែន ពិសេសគឺរដ្ឋធានីកៀវ។ រដ្ឋធានីកៀវដែលឡោមព័ទ្ធដោយទ័ពរុស្ស៊ី មិនអាចរុលទៅមុខទៀតបាន ប៉ុន្តែបន្តការវាយប្រហារនៅតាមតំបន់ជាយក្រុង។
យ៉ាងណាក៏ដោយ រុស្ស៊ីបន្តប្រើប្រាស់គ្រាប់រ៉ុកកែត ដើម្បីបាញ់ផ្លោងចូលទីក្រុងដែលគេបានឡោមព័ទ្ធ បង្កឱ្យបាក់បែកអគារផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ លើសពីនេះ ក្នុងរយៈពេលប៉ុន្មានចុងក្រោយ រុស្ស៊ីបានបង្កើនការវាយប្រហារដោយមីស៊ីលចូលជ្រៅ ទៅលើគោលដៅ នៅភាគខាងលិចអ៊ុយក្រែន ដែលនៅឆ្ងាយពីសមរភូមិសំខាន់ៗ។
នៅចំពោះមុខសង្គ្រាមដ៏ក្តៅគគុក ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេលេនស្គី ដែលជារឿយៗយើងតែងឃើញមេដឹកនាំរូបនេះ អំពាវនាវតាមរយៈបណ្តាញសង្គមទៅកាន់ពិភពលោកសម្រាប់ជំនួយ នៅចុងសប្តាហ៍មុនមនេះ លោកបានចេញមកអំពាវនាវម្តងទៀតឲ្យរុស្ស៊ីផ្តើមចរចាសន្តិភាព និងគិតគូពីសន្តិសុខរបស់អ៊ុយក្រែន។
ប្រធានាធិបតីហ្សេលេនស្គីបានលើកឡើងយ៉ាងដូច្នេះថា៖ ខ្ញុំចង់ឲ្យអ្នករាល់គ្នាស្តាប់ខ្ញុំនិយាយ ពិសេសគឺទីក្រុងម៉ូស្គូ។ វាល្មមដល់ពេល ដែលត្រូវជួបនិយាយគ្នាពីការបញ្ចប់សង្គ្រាម គិតគូពីសន្តិភាព និងយុត្តិធម៌របស់អ៊ុយក្រែនហើយ បើមិនដូច្នេះទេ រុស្ស៊ីខ្លួនឯងនឹងជាអ្នកខាតបង់កាន់តែធ្ងន់ធ្ងរ ធ្ងន់ធ្ងររហូតដល់ពេលមានមនុស្សច្រើនជំនាន់ទៀតទើបអាចស្តារការខាតបង់បាន។
ទន្ទឹមនឹងនេះ លោកហ្សេលេនស្គី បានអំពាវនាវឲ្យធនាគារប្រទេសស្វីសបង្កើនការដាក់ទណ្ឌកម្មលើរុស្ស៊ី មិនថាតែទណ្ឌកម្មលើបុគ្គលក៏ដោយ ខណៈដែលបច្ចុប្បន្នធនាគារនៅប្រទេសស្វីស មានតម្គល់លុយកាក់ទ្រព្យសម្បត្តិរបស់ប្រជាជនសរុស្ស៊ីសរុបជាង២០០ពាន់លានដុល្លារអាមេរិកឯណោះ។ នេះបើតាមការប្រកាសព័ត៌មានពីសមាគមន៍ធនាគារស្វីស។
គួរជម្រាបថា ប្រទេសស្វីសដែលគេស្គាល់ថាជាប្រទេសអព្យាក្រឹត មិនមែនជាសមាជិកនៃសហភាពអឺរ៉ុបនោះទេ ប៉ុន្តែក៏បានអនុម័តទាំងស្រុងផងដែរ នូវទណ្ឌកម្មរបស់សហភាពអឺរ៉ុបប្រឆាំងនឹងបុគ្គល និងអង្គភាពរបស់រុស្ស៊ី រួមទាំងការបញ្ជាឱ្យបង្កកទ្រព្យសម្បត្តិរបស់ពួកគេនៅក្នុងធនាគារស្វីសទៀតផង។
ត្រូវបានរិះគន់ដោយប្រទេសចិន វិធានការរបស់សហភាពអឺរ៉ុប គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដាក់ទណ្ឌកម្មកាន់តែច្រើនឡើងៗ នៃបណ្តាប្រទេសលោកខាងលិច ក្នុងបំណងសង្កត់សង្កិនផ្នែកសេដ្ឋកិច្ច និងបង្អាក់ការធ្វើសង្គ្រាមរបស់រុស្ស៊ី។
សូមបញ្ជាក់ថា រុស្ស៊ីមិនបានញញើតនឹងសម្ពាធទណ្ឌកម្មទាំងនេះឡើង ផ្ទុយទៅវិញបានបង្កើនការវាយលុយកាន់តែខ្លាំងទៅៗ។ ជាក់ស្តែ កាលពីថ្ងៃសៅរ៍ទី១៩មីនារុស្ស៊ីបានប្រើគ្រាប់មីស៊ីលបាលីស្ទិកឈ្មោះ គីនចាល់(Kinjal) ដើម្បីកម្ទេចឃ្លាំងស្តុកអាវុធក្រោមដីរបស់អ៊ុយក្រែននៅប៉ែកខាងលិច។ វាជាលើកទី១ហើយដែលរុស្ស៊ីប្រើមីស៊ីលប្រភេទនេះលើសមរភូមិ ដែលពីមុនមករុស្ស៊ីមិនធ្លាប់បានប្រើគ្រាប់មីស៊ីលប្រភេទនេះទេ សូម្បីតែនៅលើសមរភូមិក្នុងប្រទេសស៊ីរី។ គ្រាប់មីស៊ីល គីនចាល់ ជាមីស៊ីលដែលរុស្ស៊ីបានសាកល្បងដោយជោគជ័យក្នុងឆ្នាំ ២០១៨ អាចបាញ់ដល់គោលដៅក្នុងចម្ងាយជាង ១ ០០០គីឡូម៉ែត្រ៕