ប្រធានាធិបតីអ៊ុយក្រែនសច្ចានៅក្នុងប្រទេសមិនទៅណាទេ

ប្រធានាធិបតីអ៊ុយក្រែនសច្ចាមិនរត់ចោលទឹកដី ខណៈកងទ័ពរុស្ស៊ីវាយចូលដល់រដ្ឋធានីកៀវ


ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលែនស្គី (Volodymyr Zelensky) ឯណោះវិញ បានសន្យាប្តេជ្ញានៅថ្ងៃសុក្រទី២៥កុម្ភៈនេះថា លោកនឹងមិនចាកចេញទៅណាដាច់ខាត គឺលោកនៅតែបន្តស្នាក់នៅក្នុងទីក្រុងកៀវ ទោះបីរដ្ឋធានីមួយនេះកំពុងក្លាយជាផ្ទាំងស៊ីបនៃការវាយប្រហារបាញ់ផ្លោងមីស៊ីលពីកងទ័ពរុស្ស៊ីក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ប្រធានាធិបតីអ៊ុយក្រែនសច្ចានៅក្នុងប្រទេសមិនទៅណាទេ
ដោយ

ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បញ្ជាក់អះអាង លោកនឹងមិនទៅណាចោលទឹកដីរបស់ខ្លួនទេ ទោះបីកងទ័ពរុស្ស៊ីកំពុងសំដៅមកកាន់រដ្ឋធានីនេះ ដោយចាត់ទុករូបលោកជាគោលដៅទីមួយយ៉ាងណាក្តី។

ត្រឹមរយៈពេលតែជាងមួយថ្ងៃប៉ុណ្ណោះនៃការវាយប្រហាររបស់រុស្ស៊ី បានធ្វើឲ្យមានប្រជាជនអ៊ុយក្រែនយ៉ាងហោចណាស់១០ម៉ឺននាក់បានរត់ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ខណៈមួយចំនួនបានសំងំស្នាក់នៅ តាមផ្លូវរថភ្លើងក្រោមដី។ មន្ត្រីជាន់ខ្ពស់អាមេរិក និងអ៊ុយក្រែននិយាយថា រុស្ស៊ីមានបំណងវាយដណ្តើមកាន់កាប់ទីក្រុងកៀវ ហើយផ្តួលរំលំរដ្ឋាភិបាលអ៊ុយក្រែន ដែលលោក ពូទីន ចាត់ទុកថាជាអាយ៉ងរបស់អាមេរិក។

យ៉ាងណាក៏ដោយចុះនៅពេលចោទសួរដោយក្រុមអ្នកសារព័ត៌មាន លោកស្រី Jen Psaki មន្រ្តីជាន់ខ្ពស់ផ្នែកព័ត៌មាននៅសេតវិមានអាមេរិក បាននិយាយថា សហរដ្ឋអាមេរិក នឹងមិនធ្វើសង្គ្រាមជាមួយរុស្ស៊ីឡើយ ហើយអាមេរិកក៏នឹងមិនបញ្ជូនកងទ័ពទៅក្នុងប្រទេសអ៊ុយក្រែនឲ្យប្រយុទ្ធនឹងកងទ័ពរុស្ស៊ីដែរ។

គិតមកទល់ម៉ោងនេះ ប្រទេសលោកខាងលិច និងសម្ព័ន្ធមិត្ត មិនអាចធ្វើអ្វីបានទេ ក្រៅតែពីការដាក់ទណ្ឌកម្ម ផ្នែកសេដ្ឋកិច្ច លើរុស្ស៊ីប៉ុណ្ណោះ ខណៈដែលព័ត៌មាននៃការដាក់ទណ្ឌកម្មក៏កំពុងបន្តធ្លាក់មកជាបន្តបន្ទាប់។ ប្រទេសធំៗ ដែលជាសម្ព័ន្ធមិត្តដូចជា ជប៉ុន អូស្រ្តាលី អង់គ្លេស និងសហភាពអឺរ៉ុប សុទ្ធតែបានប្រកាសដាក់ទណ្ឌកម្មរៀងៗខ្លួនមកលើទីក្រុងម៉ូស្កូ។

ដោយសារដឹងថា ខ្លួនកំពុងតែស្ថិតក្នុងក្រញាំរបស់រុស្សី ដែលជាមហាអំណាចយោធាលំដាប់ទី២ នៅពិភពលោក ហើយខ្លួនពិបាកនឹងទប់ទល់ គ្រាដែលមិនមានសម្ព័ន្ធមិត្តណាមួយចូលមកជួយខ្លួនបាននោះ ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូ ឌីមៀរ ហ្សេឡេនស្គី បានអំពាវនាវឲ្យប្រជាជនអ៊ុយក្រែនទាំងអស់ក្រោកឈរ កាន់អាវុធប្រយុទ្ធ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន ថែមទាំងបានជំរុញឲ្យកងកម្លាំងយោធា និងទ័ពបម្រុងទាំងអស់ដែលនៅសេសសល់ ងើបឡើងដើម្បីប្រយុទ្ធ នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសផងដែរ។

នៅព្រឹកថ្ងៃសុក្រទី២៥កុម្ភៈ ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានចេញមកថ្លែងសារជាបន្តបន្ទាប់ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ លោកហ្សេលេនស្គី បាននិយាយថា អ្វីដែលបស្ចឹមលោកកំពុងធ្វើលើរុស្ស៊ីគឺការដាក់ទណ្ឌកម្ម មិនគ្រប់គ្រាន់ឡើយ។ លោកបានបន្តការអំពាវនាវ ទៅលោកខាងលិច ឲ្យធ្វើសកម្មភាពច្រើនជាងនេះ ជាជាងក្រៅតែពីដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី។

ការបើកឆាកប្រយុទ្ធជិត២ថ្ងៃមកនេះ គឺមានតែប្រទេសអ៊ុយក្រែន តែឯងប៉ុណ្ណោះ ដែលត្រូវប្រឈមមុខជាមួយនឹងកងទ័ពរុស្ស៊ី ដែលបានរុលចូលមកគ្រប់ច្រកល្ហកនៃទីក្រុងសំខាន់ៗរបស់អ៊ុយក្រែន។ នៅថ្ងៃ សុក្រនេះ ប្រធានាធិបតីអ៊ុយក្រែន បាននិយាយលើកឡើងទាំងក្ដុកក្ដួល ដោយសារតែលោកខាងលិចទុកឲ្យខ្លួននៅឯកោប្រយុទ្ធតទល់ជាមួយរុស្សីដែលជាមហាអំណាចយោធាលំដាប់ទី២ពិភពលោក បើទោះបីជារូបលោកខំស្វែងរកជំនួយពីប្រទេសលោកខាងលិចយ៉ាងណាក្ដី។ 

ប្រធានាធិបតីអ៊ុយក្រែនវ័យ ៤៤ឆ្នាំ ដែលបានចូលកាន់តំណែងកាលពីឆ្នាំ២០១៩រូបនេះ បាននិយាយថា «ខ្ញុំបានសួរទៅពួកគេ (អង្គការណាតូ) តើអ្នកនឹងនៅជាមួយយើងទេ? ពួកគេឆ្លើយថា ពួកគេនឹងនៅជាមួយយើង ប៉ុន្ដែ ពួកគេមិនចង់ទទួលយើងឲ្យចូលសម្ព័ន្ធនោះឡើយ។ ខ្ញុំបានសួទៅកាន់មេដឹកនាំប្រទេសអឺរ៉ុបទាំង២៧ទៀតថា អាចទេបើ អ៊ុយក្រែននឹងចូលរួមជាមួយអង្គការណាតូ? ខ្ញុំបានសួរទៅកាន់ពួកគេផ្ទាល់ តែពួកគេភ័យខ្លាច និងមិនធ្វើការឆ្លើយតបអ្វីឡើយ»។

លោកអ្នកនាងជាទីមេត្រី គិតត្រឹមម៉ោងនៃការផ្សាយនេះ កងទ័ពរុស្ស៊ី បានប្រើរថក្រោះវាយរុលចូលមកក្នុងតំបន់រដ្ឋធានីកៀវហើយ បន្ទាប់ពីរដ្ឋធានីមួយនេះ និងទីក្រុងជាច្រើនទៀតរបស់អ៊ុយក្រែន រងការវាយប្រហារដោយគ្រាប់មីស៊ីលតាំងតែពីព្រឹកថ្ងៃសុក្រនេះមក។ ក្រសួងការពារជាតិអ៊ុយក្រែនបាននិយាយថា កងទ័ពរថក្រោះរុស្ស៊ីកំពុងស្ថិតនៅក្នុងខណ្ឌ Obolon ប្រហែល៩គីឡូម៉ែត្រ ភាគខាងជើងនៃរដ្ឋសភាជាតិអ៊ុយក្រែន ដែលទីតាំងចំកណ្តាលទីក្រុងកៀវ។

គួរជម្រាបថា របាយការណ៍បឋមបានបង្ហាញឲ្យឃើញថា ខាងភាគីអ៊ុយក្រែនមនុស្សសរុប ១៣៧នាក់ បានបាត់បង់ជីវិត ខណៈជាង៣០០នាក់ទៀតរងរបួស នៅក្នុងរយៈពេលពេញមួយថ្ងៃដំបូង ពោលគឺនៅថ្ងៃទី២៤ខែកុម្ភៈ ជាថ្ងៃប្រតិបត្តិការយោធារបស់រុស្ស៊ីជាផ្លូវការមកលើប្រទេសអ៊ុយក្រែន។

ដោយឡែកក្រសួងការពារជាតិអ៊ុយក្រែនបាននិយាយថា តាំងពីសង្គ្រាមចាប់ផ្ដើមពីថ្ងៃព្រហស្បតិ៍មកទល់រសៀលថ្ងៃសុក្រនេះ របាយការណ៍បឋមបង្ហាញថា ទាហានអ៊ុយក្រែនបានវាយប្រហារ សម្លាប់ និងធ្វើឲ្យរបួសទាហានរុស្ស៊ីប្រហែល៨០០នាក់។ ជាមួយគ្នានោះ រថក្រោះរុស្ស៊ីជាង៣០គ្រឿង យន្ដហោះចម្បាំង៧គ្រឿង និងឧទ្ធម្ភាគចក្រចំនួន៦គ្រឿង របស់រុស្ស៊ី ក៏ត្រូវបានបំផ្លាញផងដែរ។ នេះបើតាមការរាយការណ៍ពី CNN៕

None



អត្ថបទបន្ទាប់


តើកម្ពុជានឹងមានការជម្លៀសប្រជាជនចេញពីអ៊ុយក្រែនដែរឬទេ?

ស្របពេលស្ថានការណ៍សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន កាន់តែយ៉ាប់យ៉ឺន មានប្រទេសមួយចំនួនកំពុងត្រៀមជម្លៀសប្រជាជនរបស់ខ្លួនចេញពីអ៊ុយក្រែន និងប្រទេសមួ…

IMF និងធនាគារពិភពលោក ព្រមានពីផលប៉ះពាល់សេដ្ឋកិច្ចសកល ក្រោយផ្ទុះសង្គ្រាមនៅអ៊ុយក្រែន

ជុំវិញវិបត្តិសង្គ្រាមផ្ទុះឡើងនៅអ៊ុយក្រែននេះដែរ តើវានឹងធ្វើឲ្យរាំងស្ទះដល់កំណើនសេដ្ឋកិច្ចយ៉ាងណាខ្លះ? ក្រុមមេដឹកនាំធនាគារពិភពលោក និងអង្គការម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ