ការព្រមានពីយោធាអ៊ុយក្រែននៅពេលនេះធ្វើឡើង ខណៈដែលប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានចេញការព្រមានខ្លាំងបំផុតមួយរបស់លោកផងដែរ ដែលថាទីក្រុងម៉ូស្គូកំពុងពិចារណាប្រើប្រាស់អាវុធគីមីមកលើអ៊ុយក្រែនហើយ បើទោះបីជា ការអះអាងរបស់ប្រធានាធិបតីអាមេរិករូបនេះ មិនមានភ័ស្ដុតាងមកបញ្ជាក់ក្ដី។
កងទ័ពរុស្ស៊ីបានបរាជ័យក្នុងការវាយដណ្តើមកាន់កាប់ទីក្រុងធំៗ របស់អ៊ុយក្រែនក្នុងរយៈពេលជិត ៤សប្តាហ៍ក្នុងការលុកលុយរបស់ពួកគេ។ ដោយសារតែមិនអាចវាយរុលទៅមុខកាន់កាប់ទីក្រុងធំ ៗទាំងនោះបាន កងទ័ពរុស្ស៊ីបានងាកទៅវាយប្រហារបំផ្លិចបំផ្លាញ ដល់តំបន់លំនៅដ្ឋានពលរដ្ឋវិញ ដោយប្រើការវាយប្រហារតាមផ្លូវអាកាស កាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយ និងកាំភ្លើងធំ។
ក្រុងកំពង់ផែ ម៉ារីយ៉ូប៉ូល (Mariupol) ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន បានក្លាយជាចំណុចស្នូលនៃការវាយលុករបស់រុស្សីនៅមួយរយៈចុងក្រោយនេះ ខណៈកាលពីថ្ងៃចន្ទ ការវាយប្រហារក៏ត្រូវបានគេរាយការណ៍ផងដែរថា បានកើនឡើងកាន់តែខ្លាំងនៅទីក្រុងធំជាងគេទីពីររបស់អ៊ុយក្រែន គឺទីក្រុងខាគីវ។
នៅចំពោះមុខនៃការវាយប្រហារមិនដកដៃពីទាហានរុស្ស៊ី កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ពលរដ្ឋខ្លួន ដែលបានចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា កងកម្លាំងរុស្ស៊ីត្រូវបានគេប៉ាន់ស្មានថា នឹងបន្តវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដោយប្រើប្រាស់ អាវុធដែលមានភាពប្រសិទ្ធភាព និងជាក់លាក់ខ្ពស់ជាងមុន និង មិនរើសមុខនោះឡើយ។
លើសពីនេះ លោកចូ បៃឌិន ប្រធានាធិបតីអាមេរិក បាននិយាយច្បាស់ៗថា ការចោទប្រកាន់ដែលខុសពីការពិតរបស់រុស្ស៊ី ដែលថាអ៊ុយក្រែនមានការអភិវឌ្ឍអាវុធជីវសាស្ត្រគីមី គឺកំពុងតែឆ្លុះបញ្ចាំងទៅវិញថា លោកប្រធានាធិបតី Vladimir Putin កំពុងពិចារណាប្រើប្រាស់អាវុធទាំងនេះដោយខ្លួនឯង ដើម្បីវាយប្រហារទៅលើអ៊ុយក្រែន។ ទោះជាបែបនេះក្ដី លោក ចូបៃឌិនមិនបានបង្ហាញពីភ័ស្ដុជាក់លាក់ចំពោះរឿងនេះនោះទេ។
ប្រធានាធិបតីអាមេរិករូបនេះ ក៏បានព្រមានប្រាប់ទៅក្រុមហ៊ុន និងអាជីវកម្មនានា ឱ្យប្រុងប្រយ័ត្នចំពោះការវាយប្រហារតាមអ៊ីនធឺណិត ដែលអាចកើតមានឡើងពីសំណាក់ក្រុមចោរបច្ចេកវិទ្យារបស់រុស្ស៊ី ព្រោះលោកបៃឌិនអះអាងថានេះជាវិធីមួយនៃយុទ្ធសាស្ត្ររបស់លោកពូទីន ដែលគេតែងតែប្រើប្រាស់។
គួរជម្រាបថា កន្លងមកមិនមែនមានតែទីក្រុងវ៉ាស៊ីនតោននោះទេ សូម្បីតែសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន ក៏បានចោទប្រកាន់រុស្ស៊ីដែរថា បានផ្សព្វផ្សាយព័ត៌មានមិនពិត ថាអ៊ុយក្រែនមានកម្មវិធីអាវុធជីវសាស្ត្រ ដើម្បីជាលេសប្រើប្រាស់វាដោយខ្លួនឯង ពិសេសប្រើប្រាស់ដើម្បីវាយប្រហារលើជនស៊ីវិល។
យ៉ាងណាមិញ ភាគីរុស្ស៊ីនិយាយថា ខ្លួនមិនដែលបានវាយប្រហារសំដៅទៅលើជនស៊ីវិលនោះឡើយ ប៉ុន្តែបើមើលលើការបំផ្លិចបំផ្លាញដែលបានកើតឡើងនៅក្នុងទីក្រុង ម៉ារីយ៉ូប៉ូល (Mariupol) និង ទីក្រុងខាគីវ វិញ គឺសឹងតែគ្រប់ទីកន្លែង គ្រប់គោលដៅទាំងអស់មិនរើសមុខឡើយ។
សូមជម្រាបថា ប្រធានាធិបតីអាមេរិកគ្រោងនឹងធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុបក្នុងសប្តាហ៍នេះហើយ ដើម្បីជួបជាមួយមេដឹកនាំ នៃក្រុមសម្ព័ន្ធមិត្តរបស់ខ្លួន និងដើម្បីពិភាក្សាអំពីការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងជាងមុនទៀតទៅលើប្រទេសរុស្ស៊ី។
យ៉ាងណាក៏ដោយ ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេលេនស្គីនៅតែទទូចចង់បានការបញ្ចប់សង្គ្រាម និងការការពារសន្តិសុខសម្រាប់ប្រទេសជាតិ និង ប្រជាជនរបស់លោក។ ប្រធានាធិបតីអ៊ុយក្រែន បានទទូចថា សង្គ្រាមនេះនឹងមិនបញ្ចប់ឡើយ ប្រសិនបើលោកមិនបានជួបពិភាក្សាដោយផ្ទាល់ជាមួយនឹងប្រធានាធិបតីរុស្ស៊ី ពូទីន។
បើតាមការចុះផ្សាយដោយសារព័ត៌មាន Al Jazeera លោក ហ្សេលេនស្គី ក៏បានហាក់កំពុងត្រៀមខ្លួនជាស្រេច ជួបចរចាជាមួយនឹងបុរសខ្លាំងរុស្ស៊ី លោកពូទីន ។ លោក ហ្សេឡេនស្គី ក៏បានចុះទុនធំជាងមុនផងដែរសម្រាប់ការចរចាលើកនេះ ដោយបង្ហាញពីការប្ដេជ្ញាចិត្តមិនស្វែងរកការចូលរួមជាមួយសមាជិកអង្គការណាតូ តទៅទៀតទេ ជាការដោះដូរឲ្យមានបទឈប់បាញ់ និងការដកកងទ័ពរុស្សីចេញពីប្រទេស និងការធានាសន្ដិសុខអ៊ុយក្រែន។ ជាមួយគ្នានេះ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡេនស្គី ក៏បានបង្ហើបអំពីការត្រៀមខ្លួនចរចាទាក់ទងនឹងស្ថានភាពនៃតំបន់ Crimea និង Donbas ផងដែរ។ ប៉ុន្តែការស្នើសុំជួបចចារជាមួយជាបុរសជើងខ្លាំងលោកពូទីនកន្លងមកពីសំណាក់ភាគីអ៊ុយក្រែនទាំងអស់ ត្រូវបានរុស្ស៊ីទាត់ចោលមិនព្រមជួបនោះឡើយ៕