មេដឹកនាំសហភាពអឺរ៉ុបដែលមានរដ្ឋជាសមាជិកទាំង ២៧ នោះ នឹងពិចារណាលើសំណើរបស់ទីក្រុងកៀវក្នុងការចូលជាសមាជិកភាពនៅក្នុងកិច្ចប្រជុំកំពូលមួយនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍នេះ ហើយត្រូវបានគេរំពឹងថា នឹងយល់ព្រមក្នុងសម្លេងតែមួយ បើទោះបីជាមានការស្ទាក់ស្ទើរពីរដ្ឋជាសមាជិកមួយចំនួនតូចក៏ដោយ។
វាជាការពិតដែលថា ការឱបក្រសោបរបស់សហភាពអឺរ៉ុប ចំពោះអ៊ុយក្រែននឹងរំខានដល់គោលដៅមួយក្នុងចំណោមគោលដៅផ្សេងទៀត របស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ក្នុងការកាត់ផ្ដាច់ឥទ្ធិពលរបស់លោកខាងលិច ជាមួយនឹងប្រទេសអ៊ុយក្រែន ដែលខ្លួនបានចូលលុកលុយអ៊ុយក្រែនតាំងពីខែកុម្ភៈដើមឆ្នាំ២០២២មក។
ទោះបីជាយ៉ាងណា លោកពូទីនកាលពីថ្ងៃសុក្រសប្តាហ៍មុនបាននិយាយថាទីក្រុងម៉ូស្គូគ្មាន "ហេតុផលអ្វីត្រូវប្រឆាំងនឹង" អ៊ុយក្រែនចូលជាសមាជិកនៃសហភាពអឺរ៉ុបនោះទេ។ ប៉ុន្តែអ្នកនាំពាក្យវិមានក្រឹមឡាំងវិញបាននិយាយថា រុស្សីកំពុងតាមដានមើលយ៉ាងប្រុងប្រយ័ត្ននូវទំនាក់ទំនង រវាងទីក្រុងកៀវ និងសមាជិកមួយចំនួននៃសហភាពអឺរ៉ុប ជាពិសេសកិច្ចសហប្រតិបត្តិការយោធានានា។
បើក្រឡេកទៅមើលសមរភូមិដ៏ក្ដៅគគុករវាងរុស្ស៊ី និងអ៊ុយក្រែនេះវិញ ឃើញថា កងកម្លាំងរុស្ស៊ីពេលនេះកំពុងព្យាយាមគ្រប់គ្រងទាំងស្រុងនៃតំបន់ Donbas ភាគខាងកើត ដែលផ្នែកខ្លះត្រូវបានកាន់កាប់រួចហើយដោយពួកបំបែកខ្លួន ដែលគាំទ្រដោយរុស្ស៊ីមុនការឈ្លានពានថ្ងៃទី ២៤ ខែកុម្ភៈកន្លងទៅ។
យ៉ាងណាមិញ អភិបាលក្រុងលូកហាន លោក ស៊ើហ៊ី ហ្កៃដៃ (Serhiy Gaidai) បាននិយាយថា នៅទីក្រុងសៀវរីរ៉ូដូណេក (Sievierodonetsk) ដែលជាទីក្រុងដែលមានប្រជាជន ១០ ម៉ឺននាក់មុនសង្គ្រាមផ្ទុះឡើងនោះ ឥលូវ ប្រទេសរុស្ស៊ីបានគ្រប់គ្រង "ផ្នែកសំខាន់ៗ" ស្ទើរទាំងស្រុង ប៉ុន្តែមិនមែនទីក្រុងទាំងមូលទេ បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាថ្មីៗនេះ។
លើសពីនេះទៅទៀត ក្រសួងការពារជាតិអង់គ្លេសបាននិយាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុននេះដែរថា ទាំងរុស្ស៊ី និងអ៊ុយក្រែនបានបន្តការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លានៅជុំវិញទីក្រុងសៀវរីរ៉ូដូណេក Sievierodonetsk នេះ។
អ្នកវិភាគ និងស្រាវជ្រាវនៅវិទ្យាស្ថានសិក្សាអំពីសង្គ្រាម ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានសរសេរក្នុងកំណត់ត្រាមួយថា "កងកម្លាំងរុស្ស៊ីទំនងជានឹងអាចដណ្តើមបានទីក្រុងសៀវរីរ៉ូដូណេក ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ប៉ុន្តែរុស្សីត្រូវផ្គុំកម្លាំងរបស់ខ្លួនកាន់តែច្រើនបន្ថែមទៀតក្នុងតំបន់យុទ្ធសាស្ត្រេដ៏តូចនេះ។
គូរបន្ថែមថា ក្រសួងការពារជាតិអូស្ត្រាលីបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានបញ្ជូនរថពាសដែកចំនួន ៤ គ្រឿងដំបូងក្នុងចំណោម ១៤ គ្រឿងដែលបានសន្យាផ្ដល់ឲ្យប្រទេសអ៊ុយក្រែន ដែលនេះជាផ្នែកមួយនៃការសន្យាផ្តល់កញ្ចប់ថវិកាជំនួយសរុបចំនួន ២០០ លានដុល្លាររបស់ទីក្រុងកង់ប៉េរ៉ា ទៅកាន់ទីក្រុងកៀវ។
ក្នុងនោះដែរ រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី លោក រីឆាដ ម៉ាលស៍ (Richard Marles) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "អូស្ត្រាលីនឹងនៅតែឈរជាមួយអ៊ុយក្រែន ហើយលោកអំពាវនាវម្តងហើយម្តងទៀត ឱ្យរុស្ស៊ីបញ្ឈប់ការឈ្លានពានរបស់ខ្លួនដោយអយុត្តិធម៌ និងខុសច្បាប់លើអ៊ុយក្រែនជាបន្ទាន់"៕
អត្ថបទ៖ ហ៊ុន គន្ធថៃ