

គម្រោង ដែលមានកម្ពស់ ៤៥ជាន់មួយនេះ នឹងត្រូវសាងសង់ឡើងជាអគារពីរជាប់គ្នា មានមុខងារប្រើប្រាស់ចម្រុះ រួមបញ្ចូលជាមួយលំនៅឋាន អគារពាណិជ្ជកម្ម និងការិយាល័យសហកម្មសិទ្ធិ ដែលរចនាប្លង់ដោយក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បី Kite Studio នៃប្រទេសសិង្ហបុរី។
ថ្លែងក្នុងកម្មវិធីសម្ពោធបើកការិយាល័យលក់ និងផ្ទះគំរូក្នុងគម្រោង Odom លោក Daniel Chavez នាយកអភិវឌ្ឍន៍គម្រោង នៃក្រុមហ៊ុន ULS បានឱ្យដឹងថា Odom គឺជាគម្រោងមួយ ដែលមានការគិតគូរយ៉ាងច្រើន ពីអ្នកអភិវឌ្ឍ ដើម្បីផ្តល់ការអភិវឌ្ឍសហគមន៍ សម្រាប់ភ្ជាប់ទំនាក់ទំនងរបស់មនុស្សគ្រប់គ្នា។ លោកថា ជាមោទនភាព Odom ជាបេក្ខភាព នៃអាគារបៃតង LEED ជាមួយនឹងលក្ខណៈពិសេស នៃការរចនា ដោយផ្តោតលើការសន្សំសំចៃការប្រើប្រាស់ថាមពល និងការបង្កើតទីធ្លារុក្ខជាតិបៃតង ដែលគិតគូរដល់អ្នករស់នៅ និងបរិស្ថានជុំវិញ។


លោក Daniel Chavez មានប្រសាសន៍យ៉ាងដូច្នេះថា ៖ «កម្រណាស់ ដែលខ្ញុំបានជួបប្រទះ ការចូលរួមគិតគូរយ៉ាងច្រើន ពីអ្នកអភិវឌ្ឍ ក្នុងការសម្របសម្រួលជាមួយស្ថាបត្យករសំខាន់ៗ។ Odom គឺជាគម្រោង ដែលផ្តល់នូវការភ្ញាក់ផ្អើលមួយ ក្នុងការដំណើរការ ហើយនេះ គឺដោយសារតែក្រុមការងារ និងដៃគូដ៏អស្ចារ្យ ដែលយើងអាចធ្វើការជាមួយ» ។
ជាមួយគ្នានេះ លោក ជា ទី ប្រធានផ្នែកលក់គម្រោង Odom នៃក្រុមហ៊ុន ULS បានឱ្យដឹងដែរថា ការវិនិយោគ Odom នាពេលបច្ចុប្បន្ន នឹងធានាបាននូវស្ថិរភាពរយៈពេលវែង និងលំហូរនៃផលចំណេញជាបន្តបន្ទាប់នាពេលអនាគត។

លោកបន្តថា ទោះបីជាវិបត្តិកូវីដ-១៩ ឬសង្គ្រាមនៅអ៊ុយក្រែន ក៏មិនមានអ្វីជាការប៉ះពាល់ខ្លាំងដល់ការទិញលក់អចលនទ្រព្យនោះទេ ព្រោះប្រទេសកម្ពុជា ហាក់បានត្រៀមខ្លួនមុខមួយជំហាន ជាមួយនឹងភាពធន់ក្នុងការទ្រទ្រង់នឹងបញ្ហាប្រឈមទាំងឥទ្ធិពលប៉ះពាល់ដោយសារកូវីដ១៩ និងសម្ពាធសេដ្ឋកិច្ច។ ដូច្នេះ ការវិនិយោគលើវិស័យអចលនទ្រព្យ នៅតែជាឱកាសល្អ។
គួរជម្រាបថា ក្រុមហ៊ុន ULS គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងបរិយាបទ ក្នុងការរស់នៅ ដែលបង្កើតផ្ដោតលើសហគមន៍ ដើម្បីផ្សាភ្ជាប់ជាមួយភាពជឿនលឿនរបស់កម្ពុជា។ កន្លងមក ក្រុមហ៊ុនបានទទួលជោគជ័យ និងពានរង្វាន់ ព្រមទាំងបានអភិវឌ្ឍសម្រេចគម្រោងធំៗដូចជា Factory Phnom Penh, ភូមិបាគង និង Rose Apple Square ជាដើម៕
