ប្រធានអង្គការសហប្រជាជាតិរូបនេះ បានអំពាវនាវឱ្យរដ្ឋដែលមានគ្រប់គ្រង់អាវុធនុយក្លេអ៊ែរទាំងអស់ បន្តការប្តេជ្ញាចិត្តថានឹងមិនប្រើប្រាស់អាវុធជាដាច់ខាត។
លោក Guterres បាននិយាយលើកឡើងបញ្ហាទាំងអស់នេះ នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងតូក្យូ បន្ទាប់ពីបានចូលរួមពិធីរំលឹកខួបសន្តិភាពទីក្រុងហ៊ីរ៉ូស៊ីម៉ាកាលពីថ្ងៃសៅរ៍ ដើម្បីរំលឹកខួបលើកទី ៧៧ នៃការទម្លាក់គ្រាប់បែកបរមាណូលើកដំបូងទៅលើប្រទេសនេះ។
ប្រធានអង្គការសហប្រជាជាតិបានបំពេញទស្សនកិច្ចរយៈពេល ៤ ថ្ងៃនៅប្រទេសជប៉ុនរហូតដល់ថ្ងៃចន្ទនេះ ក្នុងអំឡុងពេលដែលលោកបានទៅទស្សនាទីក្រុង Hiroshima ដើម្បីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះដោយសារគ្រាប់បែកបរមាណូជាមួយនាយករដ្ឋមន្ត្រី Fumio Kishida ផងដែរ។
ក្នុងនោះដែរ លោក Antonio Guterres ក៏បានអំពាវនាវឱ្យមានការអត់ធ្មត់ចំពោះសំណុំរឿងកោះតៃវ៉ាន់ បន្ទាប់ពីប្រទេសចិនបានធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់ជុំវិញកោះប្រជាធិបតេយ្យមួយនេះ ដោយសារដំណើរទស្សនកិច្ចប្រធានសភាសហរដ្ឋអាមេរិក Nancy Pelosi មកកាន់តៃវ៉ាន់នេះ។
ជាការពិតប្រកែកមិនបាន ភាពតានតឹងកំពុងកើនឡើងខ្លាំងស្ទើរផ្ទុះជុំវិញកោះតៃវ៉ាន់ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រី Pelosiប្រធានសភាអាមេរិកទៅកាន់កោះនេះ ហើយប្រទេសចិនអះអាងថា វាគឺជាការរំលោភលើគោលការណ៍ «ចិនតែមួយ» របស់ខ្លួន ដែលទីក្រុងប៉េកាំងចាត់ទុកតៃវ៉ាន់ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានពីចិនបានឡើយ ហើយក៏បានសច្ចាត្រូវតែបង្រួបបង្រួមគ្នាឡើងវិញនៅថ្ងៃណាមួយ។
ជាមួយគ្នានោះ អគ្គលេខាធិកាអង្គការសហប្រជាជាតិ លោក Guterres បានហៅបញ្ហាកោះតៃវ៉ាន់ថា «ជារឿងរសើប» ដោយបានបញ្ជាក់ឡើងវិញថា អង្គការសហប្រជាជាតិបានប្រកានខ្ជាប់គោលនយោបាយ «ចិនតែមួយ» តាំងពីមានដំណោះស្រាយមហាសន្និបាតកាលឆ្នាំ ១៩៧១ បានប្តូរអាសនៈនៅក្នុងអង្គការអន្តរជាតិមួយនេះ ពីតៃវ៉ាន់ ដែលកាលនោះហៅថា សាធារណៈរដ្ឋចិន ទៅឲ្យចិនដីគោកវិញ ហើយមានឈ្មោះជាផ្លូវការថា «សាធារណរដ្ឋប្រជាមានិតចិន»។ ការណ៍នេះហើយបានបន្តឲ្យមានភាពល្អក់កករមកដល់សព្វថ្ងៃនេះ រវាងចិនដីគោក និងកោះតៃវ៉ាន់៕