ថ្លែងប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ លោកហ្គូទ័ររ៉េស និយាយថា កីឡាអូឡាំពិកព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយ ហើយវាក៏ជាព្រឹត្តិការណ៍ដែលតំណាងឲ្យតួនាទីរបស់កីឡា ក្នុងការនាំយកមនុស្សជាតិមកពីគ្រប់ទីកន្លែង មកជួបប្រជុំគ្នាប្រកបដោយសន្តិភាព។
យ៉ាងណាមិញ លោកបានសង្កត់ធ្ងន់ថា ការចូលរួមរបស់លោក ពុំស្ថិតក្នុងចេតនានយោបាយនោះទេ ហើយលោកចង់បញ្ជូនសារឲ្យប្រាកដថា កីឡាអូឡាំពិក ចាំបាច់ត្រូវតែជាផ្នែកមួយ នៃសុខសន្តិភាពរបស់ពិភពលោក។
គួរកត់សម្គាល់ថា ការបញ្ជាក់ពីវត្តមានរបស់ប្រមុខដឹកនាំអង្គការសហប្រជាជាតិ នៅកីឡាអូឡាំពិករដូវរងាឆ្នាំនេះ ធ្វើឡើងជួនចំពេលដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមួយចំនួនទៀត បានធ្វើពហិការការទូត មិនបញ្ជូនមន្ត្រីរបស់ខ្លួនឲ្យទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកនៅប៉េកាំងនោះឡើយ។ គិតត្រឹមពេលនេះ ប្រទេសដែលបានចូលរួមធ្វើពហិការ រួមមានប្រទេសជប៉ុន អូស្រ្តាលី កាណាដា និងអង់គ្លេស។
សូមជម្រាបថា ការសម្រេចធ្វើពហិការការទូតពីប្រទេសទាំងអស់នេះ ធ្វើឡើងក្រោមហេតុផលថាប្រទេសចិននៅតែបន្តរំលោភសិទ្ធិមនុស្សលើជនជាតិភាគតិច អ៊ុយហ្គ័រ ក្នុងតំបន់ស៊ិនជាំង។ យ៉ាងណាមិញប្រទេសចិន បានបដិសេដការចោទប្រកាន់នេះ ហើយបានថ្កោលទោសការធ្វើពហិការទាំងឡាយ ថាជាអំពើផ្ទុយពីគោលការណ៍កីឡាអូឡាំពិកថែមទៀតផង៕