របាយការណ៍ស្តីអំពី វិបត្តិកូវីដ១៩ និងវិស័យទេសចរណ៍ ដែលចេញផ្សាយដោយ សន្និសីទអង្គការសហប្រជាជាតិស្តីពី ពាណិជ្ជកម្ម និងការអភិវឌ្ឍ ហៅកាត់ថា UNCTAD បានធ្វើការបង្ហាញឲ្យដឹងថា វាមានសេណារីយ៉ូ ចំនួន ៣ ក្នុងការបកស្រាយពីផលប៉ះពាល់នេះ បើសិនជា វិធានការរឹតបន្តឹងរបស់ប្រទេសនីមួយៗ មានរយៈពេល ៤ខែពេញ នោះប្រាក់ចំណូលនៅក្នុងវិស័យទេសចរណ៍ នឹងធ្លាក់ចុះ ១,១ទ្រីលានដុល្លារអាមេរិក។
នៅក្នុងសេណារីយ៉ូទី ២ បើសិនជា វិធានការនោះ មានរយៈពេល ៨ខែ ពិតណាស់នឹងមានការខាតបង់ប្រមាណ ២,២ទ្រីលានដុល្លារអាមេរិក ហើយចំពោះការប៉ាន់ស្មានចុងក្រោយ បើសិនជា ការរឹតបន្តឹងមានរយៈពេល ១ឆ្នាំពេញ នោះវិស័យទេសចរណ៍សកល នឹងខាតបង់ប្រាក់ ៣,៣ទ្រីលានដុល្លារអាមេរិក ដែលស្មើនឹង ៤,២% នៃ GDP សរុបរបស់ពិភពលោកតែម្តង។
បើតាមរបាយការណ៍ដដែលនេះ ពុំបានបញ្ជាក់ច្បាស់ថា សេណារីយ៉ូមួយណា អាចនឹងកើតមានឡើងនោះទេ តែមន្រ្តីជាន់ខ្ពស់នៃ អង្គការសហប្រជាជាតិ បានមានប្រសាសន៍ថា សេណារីយ៉ូទី ២ ទំនងនឹងក្លាយជាការពិត។
វិស័យទេសចរណ៍អន្តរជាតិ ត្រូវបានផ្អាកសឹងតែទាំងស្រុងទៅហើយ ហើយវិស័យទេសចរណ៍ក្នុងស្រុកទៀតសោត ក៏ត្រូវបានកាត់បន្ថយអស់ជាច្រើន ដោយសារតែវិធានការរឹតបន្តឹង នៅក្នុងប្រទេសនីមួយៗ ហើយបើទោះបីជាមាន កន្លែងទេសចរណ៍មួយចំនួន បើកដំណើរការឡើងវិញក៏ដោយ មនុស្សជាច្រើន នៅតែខ្លាច ពុំហ៊ានធ្វើដំណើរតាមជើងហោះហើរអន្តរជាតិនោះទេ ហើយខ្លះទៀត ក៏ពុំទាន់មានប្រាក់គ្រប់គ្រាន់ សម្រាប់ដំណើរកម្សាន្តផងដែរ ដោយសារតែវិបត្តិសេដ្ឋកិច្ច នាអំឡុងពេលនេះ។
បើតាមការសិក្សានេះ បង្ហាញថា សហរដ្ឋអាមេរិក ជាអ្នកខាតបង់ប្រាក់ចំណូលច្រើនជាងបំផុត ក្នុងចំណោមសេណារីយ៉ូទាំង ៣ ហើយនៅក្នុងសេណារីយ៉ូ ៤ខែ អាមេរិក ខាតប្រមាណ ១៨៧ពាន់លានដុល្លារអាមេរិកទៅហើយ ខណៈប្រទេសចិន ឈរនៅលំដាប់ទី ២ ខាតបង់ ១០៥ពាន់លានដុល្លារអាមេរិក។
គួរជម្រាបដែរថា ប្រទេសក្បែរខាងយើង គឺប្រទេសថៃ អាចនឹងខាតបង់ប្រាក់ចំណូលពី វិស័យទេសចរណ៍ប្រមាណ ៤៧ពាន់លានដុល្លារអាមេរិកផងដែរ។ ទោះយ៉ាងណាក៏ដោយ របាយការណ៍នេះ ពុំបានបង្ហាញពី តួលេខរបស់ប្រទេសកម្ពុជានោះទេ ដោយវាគ្របដណ្តប់តែលើ ប្រទេស និងតំបន់ចំនួន ៦៥ប៉ុណ្ណោះ៕