UNបោះឆ្នោតព្យួរសមាជិកភាពរុស្ស៊ី

រុស្ស៊ីសម្រេចដើរចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សភ្លាមៗ ក្រោយត្រូវUNបោះឆ្នោតព្យួរសមាជិកភាពក្នុងសំឡេងភាគច្រើន


នៅទីបំផុតទៅ ប្រទេសរុស្ស៊ីត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិបោះឆ្នោតក្នុងសម្លេងភាគច្រើន ព្យួរសមាជិកភាពក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សហើយ ជុំវិញរបាយការណ៍នៃការសម្លាប់រង្គាលជនស៊ីវិល ក្នុងទីក្រុងប៊ូឆា និងតំបន់ជុំវិញទីក្រុងកៀវឯទៀត ក្នុងគ្រាដែលកងទ័ពរុស្ស៊ីកាន់កាប់។
រុស្ស៊ីសម្រេចដើរចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស!
ដោយ

ក្រោយពីលទ្ធផលបោះឆ្នោតព្យួរសមាជិកភាពរបស់រុស្ស៊ីនៅក្រុមប្រឹក្សាសិទ្ធិមនុស្សត្រូវបានបង្ហាញ ដោយសំឡេងគាំទ្រភាគច្រើននោះ ទីក្រុងម៉ូស្គូបានប្រកាសភ្លាមៗ ដើរចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិតែម្តង ក្រោយពីបានថ្លែងថា ការបោះឆ្នោតនេះ គឺជារឿងខុសច្បាប់ និងធ្វើឡើងក្រោមហេតុផលនយោបាយតែប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។ 

ការបោះឆ្នោតរបស់មហាសន្និបាតអង្គការសហប្រជាជាតិទាំង១៩៣ប្រទេស ព្យួររុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្ស បានសម្រេចជាលទ្ធផល សម្លេងគាំទ្រចំនួន៩៣ ទល់នឹងប្រឆាំង២៤សម្លេង ខណៈដែល៥៨សម្លេងផ្សេងទៀត អនុប្បវាទ ដែលក្នុងនោះ កម្ពុជាយើងក៏បានបោះឆ្នោត អនុប្បវាទផងដែរ។ សម្លេងគាំទ្រទាំង ៩៣គ្រប់គ្រាន់នឹងអាចឲ្យគេព្យួររុស្ស៊ីពីក្រុងប្រឹក្សាសិទ្ធិមនុស្ស ស្របតាមការកំណត់យកសម្លេងភាគច្រើន ២ភាគ៣នៃសម្លេងទាំងអស់ ដោយមិនរាប់បញ្ចូលសម្លេងអនុប្បវាទ។

ថ្លែងបន្ទាប់ពីការបោះឆ្នោត ឯកអគ្គរដ្ឋទូតរងរបស់រុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ លោក ចេនណាឌី គូសមីន(Gennady Kuzmin) បានពណ៌នាចំណាត់ការនេះថាជា រឿងដែលមិនស្របច្បាប់ និងធ្វើឡើងក្រោមហេតុផលនយោបាយសុទ្ធសាធ។ ក្រោយថ្លែងបែបនេះរួច លោកបានប្រកាសតែម្តងថា រុស្ស៊ីសូមចាកចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិតែម្តង។

ដោយឡែក ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី លីនដា ថូម៉ាស់គ្រីនហ្វៀល(Linda Thomas-Greenfield) បានបង្ហាញក្តីរីករាយចំពោះចំណាត់ការរបស់អង្គការសហប្រជាជាតិ។ លោកស្រីនិយាយថា វាបានផ្ញើសារយ៉ាងច្បាស់ថា ការរងទុក្ខរបស់ជនរងគ្រោះ និងអ្នករស់រានមានជីវិតនៅអ៊ុយក្រែន នឹងមិនត្រូវបានគេមើលរំលងឡើយ។

លោកស្រី លីនដា ថូម៉ាស់គ្រីនហ្វៀល បានថ្លែងនៅក្នុងសុន្ទរកថាយ៉ាងដូច្នេះថា៖ «យើងធានាថា អ្នករំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ នឹងមិនត្រូវបានអនុញ្ញាតឱ្យកាន់កាប់តំណែងជាអ្នកដឹកនាំផ្នែកសិទ្ធិមនុស្សនៅអង្គការសហប្រជាជាតិនោះទេ»។

គួរជម្រាបថា ក្រុមប្រឹក្សាសិទ្ធិមនុស្សគ្មានអំណាចធ្វើសេចក្តីសម្រេចចិត្តណាមួយ ដោយខ្លួនឯងបានទេ លើកលែងតែមានចំណាត់ការបែបនេះពីមហាសន្និបាត។

ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តនេះ បានផ្ញើសារច្បាស់លាស់មួយទៅឲ្យរុស្ស៊ីបានដឹងខ្លួនជាងមុន អំពីទង្វើបង្កសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន។ បន្ថែមពីលើនេះ ក្រុមប្រឹក្សាសិទ្ធិមនុស្ស បានអនុញ្ញាតឱ្យមានការស៊ើបអង្កេត ករណីសម្លាប់រង្គាលនៅប៊ូឆារួចហើយ រួមទាំងឧក្រិដ្ឋកម្មសង្គ្រាមដែលអាចកើតមាននៅក្នុងប្រទេសអ៊ុយក្រែនទាំងមូលផងដែរ។

គួរកត់សម្គាល់ថា នៅមុនការបោះឆ្នោតកាលពីម្សិលមិញ រុស្ស៊ីបានចេញលិខិតគំរាមប្រទេសសមាជិកអង្គការសហប្រជាជាតិទាំងអស់ថា រាល់ការបោះឆ្នោតយល់ព្រម និងអនុប្បវាទ ចំពោះសំណើព្យួររុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្ស គឺជា « អំពើអមិត្ត »ជាមួយរុស្ស៊ី។ មានន័យថា វាអាចនឹងមានផលវិបាក ទៅលើទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងនោះជាមួយរុស្ស៊ីទៅថ្ងៃអនាគត។

គួររំឭកថា គិតចាប់ពីរុស្ស៊ីបានបញ្ជូនទ័ព ធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែន អង្គការសហប្រជាជាតិ បានចេញសេចក្តីសម្រេចចិត្តចំនួន២លើកហើយ ជាមួយនឹងសម្លេងឆ្នោតភាគច្រើនលើសលប់ ដើម្បីថ្កោលទោសរុស្ស៊ី ព្រមទាំងទាមទារឲ្យរុស្ស៊ីទំលាក់អាវុធ បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ ដោយឡែក កាលពីថ្ងៃទី៣មេសា ភាគីអ៊ុយក្រែនបានផ្សព្វផ្សាយរូបភាព សាកសពជនស៊ីវីលអ៊ុយក្រែនប្រមាណជាង៤០០នាក់ នៅក្រុងប៊ូឆា ដែលខ្លះដេកស្លាប់តាមផ្លូវ ខ្លះទៀតដៃមានជាប់ចំណង និងមានស្លាកស្នាមគ្រាប់កាំភ្លើងស្រស់ៗនៅលើក្បាលជាដើម៕

None



អត្ថបទបន្ទាប់


កម្ពុជា និងធនាគារកណ្ដាលអាស៊ាន សម្លឹងឃើញពីតួនាទីសំខាន់នៃសារពើពន្ធ និងការអភិវឌ្ឍបៃតង ដើម្បីរជំរុញនិងស្ដារសង្គម-សេដ្ឋកិច្ចតំបន់

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា កាលនៅថ្ងៃទី ០៧ខែ មេសា បានរៀបចំសន្និសីទជាន់ខ្ពស់មួយស្តីពី «ហិរញ្ញប្បទានប្រកបដោយចីរភាព៖ ការកៀរគរហិរញ្…

ស្រីលង្កាអំពាវនាវឲ្យមានការរៀបចំរចនាសម្ព័ន្ធបំណុល១ពាន់លានដុល្លារឡើងវិញ ខណៈវិបត្តិសេដ្ឋកិច្ចកាន់តែដុនដាប

ប្រទេសស្រីលង្កាត្រូវតែស្វែងរកជាបន្ទាន់នូវមូលនិធិពីអ្នកផ្តល់ប្រាក់កម្ចីលក្ខណៈពហុភាគី ព្រមទាំងដាក់គោលដៅរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញឲ្យបានច្បាស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ