នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានឌីជីថលខេមបូណូមីស ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជាបានអះអាងថា ភាពស្រពិចស្រពិលនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក ក៏ដូចជាកម្ពុជានាពេលបច្ចុប្បន្ន ដែលបង្កឡើងដោយបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ជម្លោះពាណិជ្ជកម្មរវាងចិននិងអាមេរិក និងបញ្ហាមួយចំនួនទៀតនោះ បានបង្កជាការព្រួយបារម្ភយ៉ាងច្រើនទៅដល់អ្នកវិនិយោគនៅក្នុងផ្សារមូលបត្រកម្ពុជា និង បានចោទជាសំណួរថា តើគួរទិញភាគហ៊ុនដែរឬទេនៅក្នុងកាលៈទេសៈដែលមិនទាន់មានភាពច្បាស់លាស់បែបនេះ។
ឯកឧត្តម ហុង សុហួរ បានបញ្ជាក់បន្ថែមថា ដោយសារតែវិស័យផ្សារហ៊ុនកម្ពុជានៅមានកម្រិតតូចនៅឡើយ បើធៀបនឹងប្រទេសដ៏ទៃ ដូច្នេះហើយ បើទោះបីជាជួបនូវវិបត្តិផ្សេងៗយ៉ាងណាក្តី តែវាមិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការជួញដូរភាគហ៊ុននៅក្នុងផ្សារមូលបត្រកម្ពុជានោះទេ។ អ្នកជំនាញរូបនេះជឿជាក់ថា ប្រសិនជាគ្មានវិបត្តិផ្សេងៗកើតមានឡើងដូចបច្ចុប្បន្នទេ នោះស្ថានភាពនៃការវិនិយោគនៅក្នុងទីផ្សារភាគហ៊ុនកម្ពុជាពេលនេះ នឹងមានការរីកចម្រើនកាន់តែខ្លាំង ដ្បិតបច្ចុប្បន្នការការយល់ដឹង និងចាប់អារម្មណ៍វិនិយោគក្នុងវិស័យភាគហ៊ុនរបស់ប្រជាពលរដ្ឋ ហាក់មានសម្ទុះកើនឡើងខ្លាំងមែនទែនពីមួយថ្ងៃទៅមួយថ្ងៃ។ សម្រាប់អ្នកជំនាញអ្នកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរូបនេះ បើទោះជាបញ្ហាសកលមិនបានឲ្យប៉ះពាល់ដល់ការជួញដូរដូរភាគហ៊ុនក្តី ប៉ុន្តែវាក៏បានធ្វើឱ្យអ្នកដែលចង់ចូលខ្លួនប្រឡូកនៅក្នុងផ្សារមូលបត្រកម្ពុជា ហាក់នៅមានការស្ទាក់ស្ទើរ និងមានការប្រយ័ត្នប្រយែងជាងមុននៅក្នុងការវិនិយោគ តួរយ៉ាងមានអ្នកវិនិយោគមួយចំនួនបានពន្យាពេលក្នុងការវិនិយោគ ឬកាត់បន្ថយទំហំនៃការវិនិយោគជាដើម។
ជុំវិញស្ថានភាពជួយដូរភាគហ៊ុននៅកម្ពុជាឯកឧត្តម ហុង សុហួរ បានបញ្ជាក់ថា នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយសនេះការជួញដូរភាគហ៊ុនមានក្នុងទំហំចន្លោះពី២០ទៅ៣០ម៉ឺនដុល្លារក្នុងមួយថ្ងៃ គឺមានការធ្លាក់ចុះតិចតួចបើធៀបនឹងទំហំជួយដូរកាលពីឆ្នាំ២០២២ ហើយការធ្លាក់ចុះនេះឯកឧត្តម អះអាងថា ក៏ដោយសារប៉ុន្មានខែកន្លងមកនេះមិនសូវមានការជួញដូរទំហំធំៗច្រើន ដោយភាគច្រើនគឺជាការជួញដូរទំហំតូច ឬជាការជួញដូរបែបសន្សំប៉ុណ្ណោះ។
សូមបញ្ជាក់ថា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន២០បានចុះបញ្ជីបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលនៅផ្សារមូលបត្រកម្ពុជា ក្នុងនោះក្រុមហ៊ុនចំនួន១១បានចុះបញ្ជីបោះផ្សាយភាគហ៊ុន និង៩ក្រុមហ៊ុនចុះបញ្ជីលក់សញ្ញាបណ្ណ ឬបណ្ណបំណុល៕