នៅព្រឹកថ្ងៃសុក្រ ទី៣០ខែកក្កដា ជំនួយវ៉ាក់សាំងកូវីដ១៩ ប្រភេទ ចនសុន ចនសុន ចំនួន៥០ម៉ឺនដូសនៃវ៉ាក់សាំង១លានដូសបានដឹកមកដល់កម្ពុជាហើយ តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ ដោយមានវត្តមានរដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង ក្នុងការទទួលការមកដល់នៃវ៉ាក់សាំងនេះផងដែរ។ រីឯវ៉ាក់សាំងចំនួន៥០ម៉ឺនដូសទៀត ត្រូវបានរំពឹងថា នឹងដឹកមកដល់នៅថ្ងៃទី ២ ខែសីហាខាងមុខនេះ។ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ឱ្យដឹងថា ជំនួយ វ៉ាក់សាំងរបស់សហរដ្ឋអាមេរិកនេះជាផ្នែកមួយនៃការគាំទ្រដល់ប្រជាជនកម្ពុជា ប្រឹងប្រែងងើបចេញពី ជំងឺរាតត្បាតដ៏ធ្ងន់ធ្ងរមួយនេះ។
នៅថ្ងៃដដែលនេះដែរ វ៉ាក់សាំងកូវីត Pfizer-BioNTech ចំនួន ១លាន ៥សែនដូសក្នុងចំណោម ២លាន ៥សែនដូស ដែលបានបរិច្ចាគដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏បានដឹកមកដល់អាកាសយានដ្ឋានសុវណ្ណភូមិ ប្រទេសថៃដែរ។ នេះបើយោងតាមស្ថានទូតអាមេរិកប្រចាំនៅទីក្រុងបាងកក។ ការបរិច្ចាគនេះនឹងជួយប្រទេសថៃពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងការពារសុខភាពប្រជាជនថៃទាំងអស់ និងចាប់ផ្តើមដំណើរការនៃការស្តារសេដ្ឋកិច្ចឡើងវិញ។ យ៉ាងណាមិញ រដ្ឋាភិបាលថៃក៏បានបញ្ជាទិញថ្នាំវ៉ាក់សាំង Pfizer-BioNTech ចំនួន ២០ លានដូសបន្ថែមទៀតដល់ប្រជាជនរបស់ខ្លួន ដើម្បីចាក់ជូនជូននៅត្រីមាសទី ៤ ឆ្នាំនេះ ខណៈដែរប្រទេសនេះកំពុងតែមានការឆ្លងរីរាលដាលជាខ្លាំង។
យ៉ាងណាមិញមិនមែនមានតែកម្ពុជា និងថៃនោះទេ ប្រទេសក្បែរខាងចំនួនពីរទៀតក៏បានទទួលនូវជំនួយវ៉ាក់សាំងពីសហរដ្ឋអាមេរិកដែរ។ ក្នុងនេះកាលពីថ្ងៃទី១៩ ខែកក្កដា ប្រទេសឡាវទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ -១៩ ប្រភេទ Johnson & Johnson ចំនួនជាង១លានដូសផងដែរ ពីសហរដ្ឋអាមេរិកតាមរយៈមជ្ឈមណ្ឌលកូវ៉ាក់។ រដ្ឋាភិបាលឡាវ ជឿជាក់ថា ការមកដល់នៃវ៉ាក់សាំងបង្ការកូវីដ-១៩របស់អាមេរិកនេះ នឹងបង្កើនកិច្ចខិតខំប្រឹងប្រែងនៃការចាក់វ៉ាក់សាំងដើម្បីឈានដល់ ៥០ ភាគរយនៃចំនួនប្រជាជននៅក្នុងឆ្នាំ ២០២១។
ដោយឡែក នៅប្រទេសវៀតណាមឯណោះវិញ នាពេលថ្មីៗនេះក៏បានទទួលវ៉ាក់សាំង Moderna ចំនួនជាង ២លានដូសដែរ ពីរដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយៈយន្ដការកូវ៉ាក់។ បន្ថែមពីនេះ អាមេរិក គ្រោងនឹងផ្ដល់ជូនវ៉ាក់សាំង Moderna ដល់វៀតណាមបន្ថែមចំនួន ៣លានដូសទៀត សម្ព័ន្ធ GAVI។ ឯកអគ្គរាជទូតអាមេរិកប្រចាំវៀតណាម បានមានប្រសាសន៍ថា ការដឹកជញ្ជូននេះបាននាំមកនូវក្តីសង្ឃឹមថា វៀតណាមនឹងអាចបិទរបញ្ចប់ការឆ្លងរីករាលដាលជំងឺកូវីដ -១៩ ដោយជោគជ័យក្នុងពេលឆាប់ៗខាងមុខនេះ។
សូមបញ្ជាក់ថា សហរដ្ឋអាមេរិកប្តេជ្ញាធ្វើការជាមួយដៃគូនៅទូទាំងពិភពលោកដើម្បីបញ្ចប់ផលប៉ះពាល់សុខភាពសាធារណៈ និងសេដ្ឋកិច្ចឡើងវិញ។ តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ សហរដ្ឋអាមេរិកបានផ្តល់វិភាគទានចំនួន ២ ពាន់លានដុល្លារដល់ហ្គាវី (Gavi) ដែលជាសម្ព័ន្ធវ៉ាក់សាំងដើម្បីគាំទ្រដល់ការទិញ និងចែកចាយវ៉ាក់សាំងការពារកូវីដ-១៩ ទៅប្រទេសចំណូលទាប និងមធ្យមចំនួន ៩២ប្រទេស៕
អត្ថបទ៖ ស៊ើង និមល់