យោងតាមរបាយការណ៍មួយចេញដោយក្រសួងការបរទេសអាមេរិក ទីក្រុងប៉េកាំងបានចំណាយប្រាក់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ លើការរៀបចំ និងគ្រប់គ្រងព័ត៌មាន និងទិញភាគហ៊ុននៅក្នុងប្រព័ន្ធផ្សព្វផ្សាយបរទេសតាមរយៈ «មធ្យោបាយសាធារណៈ និងមិនមែនសាធារណៈ»។ តាមរបាយការណ៍នោះ រដ្ឋាភិបាលចិន បានឧបត្ថម្ភអ្នកមានឥទ្ធិពលលើអ៊ីនធឺណិត និងធានាកិច្ចព្រមព្រៀងចែកចាយមាតិកាណាដែលលើកកម្ពស់រដ្ឋាភិបាលចិន។
ទោះយ៉ាងណា ស្ថានទូតចិននៅទីក្រុងវ៉ាស៊ីនតោន មិនទាន់ឆ្លើយតបទៅកាន់អ្នកសារព័ត៌មានភ្លាមៗចំពោះការចោទប្រកាន់នោះទេ។ ប៉ុន្ដែ រឿងហេតុក៏បានកើតឡើងស្រដៀងគ្នាកាលពីខែកក្កដា ដែលសេច្តីថ្លែងការណ៍រួមមួយរបស់អង្គការណាតូ ចោទចិនថា បានផ្សព្វផ្សាយព័ត៌មានមិនពិត និងគោលនយោបាយបង្ខិតបង្ខំ។ នៅគ្រានោះ ទីក្រុងប៉េកាំងបានឆ្លើយតបវិញថា សេចក្តីថ្លែងការណ៍ណាតូនោះ មិនឆ្លុះបញ្ជាំងពីមូលដ្ឋានការពិត ហើយមានចេតនាបង្ខូចកេរ្តិ៍ឈ្មោះចិន និងបំភ្លៃគោលនយោបាយខ្លួន។
មែនទែនទៅ ការចេញរបាយការណ៍ក្រសួងការបរទេសអាមេរិកកើតឡើង ចំពេលមានភាពចម្រូងចម្រាស់របស់ប្រទេសចិនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ លើការពង្រីកការបោះជំហានជាសកលលើប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរដ្ឋាភិបាលចិន។
ជាពិសេសនៅពេលដែលការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនកាន់តែមានភាពតានតឹង មេដឹកនាំចិនបានព្យាយាមប្រយុទ្ធប្រឆាំងនឹងការផ្សព្វផ្សាយរូបភាពអវិជ្ជមានចំពោះប្រទេសចិន ដើម្បីឱ្យពិភពលោកបានដឹង។
ក្នុងនោះរបាយការណ៍ក៏បានឱ្យដឹងទៀតថាទីក្រុងប៉េកាំងបានបង្កើតប្រព័ន្ធអេកូព័ត៌មានផ្ទាល់ខ្លួន ដោយសហការគ្នាជាមួយឥស្សរជននយោបាយបរទេស និងអ្នកសារព័ត៌មាននៅក្នុងប្រទេសនោះ។ ចិនព្រមទាំងបានវិនិយោគលើបណ្តាញផ្កាយរណប និងសេវាទូរទស្សន៍ឌីជីថលនៅក្នុងតំបន់កំពុងអភិវឌ្ឍន៍ ដែលផ្តល់អាទិភាពដល់ខ្លឹមសារប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្រដោយរដ្ឋ៕