ការបំពានលើការប្តេជ្ញាចិត្ត ដែលជាការចោទរបស់អាមេរិកទៅកាន់រុស្ស៊ីនោះ គឺនៅត្រង់ថា រុស្ស៊ីមានការរឹតបន្ដឹងការនាំចូលកសិកម្ម និងមានគោលនយោបាយជំនួសការនាំចូល ដែលវាបានប៉ះពាល់ទៅដល់ពាណិជ្ជកម្មរបស់ប្រទេសជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ដែលមានរកស៊ីជាមួយរុស្ស៊ី រួមទាំងសហរដ្ឋអាមេរិកផងដែរ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើននៅថ្ងៃនេះ។
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំដាក់ទៅកាន់រដ្ឋសភាអាមេរិក អំពីភាពអនុលោមតាមច្បាប់អង្គការពាណិជ្ជកម្មពិភពលោករបស់រុស្ស៊ី តំណាងពាណិជ្ជកម្មអាមេរិក បានលើកឡើងថា នៅឆ្នាំ២០២១ ប្រទេសរុស្ស៊ីបានណែនាំឲ្យប្រើប្រាស់ប្រព័ន្ធតាមដានថ្មី សម្រាប់ការបញ្ជូនទំនិញតាមរយៈខ្សែចង្វាក់ផ្គត់ផ្គង់ និងការរក្សានូវការរឹតបន្ដឹងលើការនាំចូលផលិតផលកសិកម្មដែលមិនពឹងផ្អែកលើបច្ចេកវិទ្យាផងដែរ។
តំណាងពាណិជ្ជកម្មអាមេរិក បានគូសបញ្ជាក់ទៀតថា នៅមួយឆ្នាំកន្លងមកនេះ ប្រទេសរុស្ស៊ីបានបន្ដដើរតាមគន្លងសេដ្ឋកិច្ចរបស់ខ្លួន ប្រាសចាកពីគោលការណ៍ណែនាំរបស់អង្គការពាណិជ្ជកម្មពិភពលោក គឺការមិនរើសអើង, ពាណិជ្ជកម្មដោយសេរី, ភាពអាចព្យាករទុកមុនបាន, តម្លាភាព និងការប្រកួតប្រជែងដោយស្មើភាពគ្នាជាដើម។ អាមេរិកបានចោទ រុស្ស៊ីថា បានដើរផ្ទុយពីគោលការណ៍ទាំងអស់នេះ ដោយរុស្ស៊ីបានរក្សាវិធានការរឹតត្បិតនៅតាមព្រំដែន ដើម្បីរារាំងការធ្វើពាណិជ្ជកម្ម និងអនុវត្តនូវគោលនយោបាយឧស្សាហកម្ម ដែលហាក់ដូចជាមានគោលការណ៍ ជំនួសការនាំចូល និងការតម្រូវឲ្យមានការផលិតផលិតផល ឬសេវាកម្មនៅក្នុងស្រុកដោយបង្ខំជាដើម។សហរដ្ឋអាមេរិកបានលើកឡើងពីក្ដីបារម្ភអំពី សកម្មភាពរបស់រុស្ស៊ី ហើយអាមេរិកនឹងប្រើគ្រប់មធ្យោបាយសមស្របដើម្បីដោះស្រាយបញ្ហានេះ និងធ្វើយ៉ាងណារក្សាទីផ្សាររុស្ស៊ីឲ្យនៅបើកចំហរសម្រាប់ការនាំចេញរបស់អាមេរិក។
គួរបញ្ជាក់ថា អាមេរិក និងរុស្ស៊ីនៅមួយរយៈចុងក្រោយនេះ កាន់តែពាក់មុខយក្ស សម្ញែងឫទ្ធិដាក់គ្នាកាន់តែខ្លាំង ទាក់ទងនឹងបញ្ហានៅប្រទេសអ៊ុយក្រែន។ ទោះយ៉ាងណា គេនៅមិនទាន់ឃើញមានផែនការអំពីការចាត់វិធានការថ្មីៗបន្ថែមរបស់សហរដ្ឋអាមេរិក ទៅលើប្រទេសរុស្ស៊ីនោះទេ ប្រសិនបើប្រធានាធិបតីរុស្ស៊ីលោក Valdimir Putin ពិតជាចូលឈ្លានពានអ៊ុយក្រែនមែននោះ។ ប៉ុន្ដែ មន្ត្រីរដ្ឋបាលលោកចូបៃឌិន បានអះអាងថា ប្រសិនបើរឿងនេះ កើតឡើងមែន នោះអាមេរិកនឹងពិចារណាវិធានការត្រួតពិនិត្យលើការនាំចេញដ៏តឹងរឹង ដើម្បីបង្អាក់សេដ្ឋកិច្ចរុស្ស៊ី រួមទាំងការបញ្ឈប់លទ្ធភាពនាំចូលផលិតផលស្មាតហ្វូនរបស់រុស្ស៊ី យន្ដហោះសំខាន់ៗ និងគ្រឿងបន្លាស់យានយន្ដ និងសម្ភារៈផ្សេងៗទៀតផងដែរ៕