ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ធំបំផុតមួយក្នុងលោក បានរងការរំខានដល់ប្រតិបត្តិការរបស់ខ្លួននៅប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈការរឹតត្បិតពាណិជ្ជកម្ម ដែលបានដាក់ចេញដោយរដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លើការលក់បន្ទះឈីប និង គ្រឿងបន្លាស់សម្រាប់ទូរស័ព្ទស្មាតហ្វូន។ ក្រោមមក ក្រោមរដ្ឋបាលរបស់លោក ចូ បៃឌិន ក្រុមហ៊ុន Huawei បានរងសម្ពាធមួយកម្រិតទៀត ក្រោយអាមេរិកបន្ថែមការរឹតត្បិត និងបដិសេធអាជ្ញាបណ្ណលក់បន្ទះឈីបទៅឲ្យក្រុមហ៊ុននេះ សម្រាប់យកទៅអភិវឌ្ឍបណ្តាញ 5G។
សហរដ្ឋអាមេរិកបានផ្តល់អាជ្ញាបណ្ណ ដោយនឹងអនុញ្ញាតឲ្យអ្នកផ្គត់ផ្គង់បន្ទះឈីបនៅអាមេរិក អាចលក់ផលិតផលទាំងនេះដល់ក្រុមហ៊ុន Huawei បានឡើងវិញហើយ ប៉ុន្តែសម្រាប់តែបន្ទះឈីប ដែលជាគ្រឿងបន្លាស់របស់យានយន្ត ដូចជាអេក្រង់ អិលស៊ី ឌី និង សេនសឺ (sensors) តែប៉ុណ្ណោះ។
នៅពេលនិយាយដល់បញ្ហាបន្ទះឈីបសម្រាប់យានយន្ត និង សម្រាប់បច្ចេកវិទ្យា 5G រដ្ឋាភិបាលអាមេរិកក៏កំពុងពិចារណាផ្តល់អាជ្ញាបណ្ណលក់បន្ទះឈីបសម្រាប់អភិវឌ្ឍបណ្តាញ 5G ដល់ Huawei វិញផងដែរ។ ប៉ុន្តែបើតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មអាមេរិកបានអះអាងផ្ទុយពីនេះថា រដ្ឋាភិបាលអាមេរិកនៅតែបន្តអនុវត្តគោលនយោបាយមិនផ្តល់អាជ្ញាបណ្ណដល់ Huaweiដដែល ដើម្បីបញ្ជៀសសកម្មភាពទាំងឡាយណា ដែលអាចបង្កអន្តរាយដល់សន្តិសុខជាតិ និងផលប្រយោជន៍គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។
គួរកត់សម្គាល់ថា ការលេចឭដំណឹងអំពីការផ្តល់អាជ្ញាបណ្ណឡើងវិញនេះ ធ្វើឡើងស្របពេលដែលក្រុមហ៊ុន Huawei កំពុងបង្វែរប្រតិបត្តិការអាជីវកម្មរបស់ខ្លួនពីការផលិតទូរស័ព្ទទៅរកផលិតផលផ្សេងៗដែលមិនសូវរងការរឹតត្បឹត និងដាក់សម្ពាធពីសហរដ្ឋអាមេរិក។
សូមរំឭកថា សហរដ្ឋអាមេរិកបានដាក់ក្រុមហ៊ុន Huawei ចូលក្នុងបញ្ជីខ្មៅរបស់ក្រសួងពាណិជ្ជកម្មកាលពីឆ្នាំ ២០១៩ ដែលបានហាមឃាត់ការលក់ទំនិញ និងបច្ចេកវិទ្យារបស់អាមេរិកទាំងអស់ទៅឱ្យក្រុមហ៊ុនមួយនេះ លុះត្រាតែមានអាជ្ញាបណ្ណពិសេសពីរដ្ឋាភិបាល។ ជាមួយគ្នានេះ អាមេរិកបានស្នើឲ្យសម្ព័ន្ធមិត្តរបស់ខ្លួន ឈប់សហការជាមួយក្រុមហ៊ុន Huawei ក្នុងការអភិវឌ្ឍបណ្តាញ 5G ដោយសារព្រួយបារម្ភអំពីអំពើចារកម្មពីក្រុងប៉េកាំង។ ប៉ុន្តែក្រុមហ៊ុន Huawei បានបដិសេធការចោទប្រកាន់ទាំងអស់នេះ។