ការផ្ដល់ជំនួយសម្រាប់ផ្នែកយោធានេះ ធ្វើឡើងខណៈដែលហ្វីលីពីនកំពុងពិចារណា ឲ្យយោធាអាមេរិក មកតាំងមូលដ្ឋានបន្ថែមទៀតនៅលើទឹកដីរបស់ខ្លួនផងដែរ ចំពេលទំនាក់ទំនងរវាងប្រទេសកោះមួយនេះ ជាមួយនឹងប្រទេសចិនកំពុងប្រឈមនឹងសម្ពាធកាន់តែខ្លាំង ជុំវិញបញ្ហានៅសមុទ្រចិនខាងត្បូង។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗ។
ក្រសួងការពារជាតិអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសាងសង់គម្រោងនៅក្នុងតំបន់មូលដ្ឋានយោធាចំនួន ៣ ក្នុងចំណោមទីតាំងចំនួន ៥ របស់ហ្វីលីពីន គឺត្រូវបានធ្វើឡើងក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ (EDCA) រវាងប្រទេសទាំងពីរ ដែលនឹងត្រូវចាប់ផ្តើមនៅឆ្នាំក្រោយ។
ក្នុងនោះ ក្រសួងការពារជាតិអាមេរិកបានប្តេជ្ញាចិត្តក្នុងការពន្លឿនការអនុវត្តកិច្ចព្រមព្រៀង EDCA នេះដោយបញ្ចប់គម្រោងឱ្យកាន់តែឆាប់ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធថ្មីៗនៅទីតាំងសហប្រតិបត្តិការការពារជាតិរវាងអាមេរិក និងហ្វីលីពីនដែលមានស្រាប់»។
មែនទែនទៅ ប្រទេសហ្វីលីពីន គឺជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់សហរដ្ឋអាមេរិកតាំងពីយូរយារណាស់មកហើយ ហើយកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ (EDCA) ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា មានសារៈសំខាន់សម្រាប់ភាគីទាំងសងខាង ដោយព្រួយបារម្ភពីឥទ្ធិពលចិនកាន់តែកាន់តែខ្លាំងឡើងក្នុងការក្រសោបយកតំបន់សមុទ្រចិនខាងត្បូង។
ប្រទេសទាំងពីរ អាមេរិក និងហ្វីលីពីន មានសន្ធិសញ្ញាការពារទៅវិញទៅមកដែលមានអាយុកាល៧០ឆ្នាំ។ ក្នុងនោះ យោធាទីក្រុងវ៉ាស៊ីនតោន-ម៉ានីលបានចូលរួមធ្វើសមយុទ្ធហ្វឹកហ្វឺនរួមគ្នារាប់សិបដងជារៀងរាល់ឆ្នាំ រាប់ចាប់ពីសមយុទ្ធជើងគោល និងការវាយប្រហារតាមអាកាស រហូតដល់បេសកកម្មមនុស្សធម៌ និងសមយុទ្ធប្រឆាំងភេរវកម្មជាដើម។
កាលពីថ្ងៃច័ន្ទនេះដែរ ប្រមុខយោធាហ្វីលីពីន លោក បាតូឡូមេ បាការ៉ូ (Bartolome Bacarro) បាននិយាយថា សហរដ្ឋអាមេរិកបានស្នើឱ្យមានតាំងមូលដ្ឋានយោធាចំនួនប្រាំបន្ថែមទៀតនៅក្នុងកិច្ចព្រមព្រៀង EDCA ប៉ុន្តែវានឹងស្ថិតនៅក្រោមការយល់ព្រមពីក្រសួងការពារជាតិ និងក្រសួងការបរទេសរបស់ហ្វីលីពីននៅទីបំផុត។
ទន្ទឹមនឹងគ្នានេះ មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃអង្គារថា អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris នឹងធ្វើទស្សនកិច្ចនៅកោះផាឡាវ៉ាន់ (Palawan) របស់ហ្វីលីពីន ដែលស្ថិតនៅមាត់ទ្វារនៃសមុទ្រចិនខាងត្បូងដែលកំពុងមានជម្លោះជាមួយប្រទេសចិននោះ។
ដំណើរទស្សនកិច្ចនេះនឹងគ្រោងឡើងនៅថ្ងៃអង្គារសប្តាហ៍ក្រោយ ដែលនឹងធ្វើឱ្យលោកស្រី ហារីស ក្លាយជាមន្ត្រីអាមេរិកលំដាប់ខ្ពស់បំផុតក្នុងការទៅទស្សនាកោះដែលនៅជាប់ទីប្រជុំកោះស្ពាតលី (Spratly) ផងដែរ។
ជុំវិញបញ្ហាសមុទ្រចិនខាងត្បូងនេះ ប្រទេសចិនបាន និងកំពុងបូមខ្សាច់ពីបាតសមុទ្រ ដើម្បីសាងសង់កំពង់ផែ និងផ្លូវអាកាសនៅលើប្រជុំកោះ Spratlys ដែលផ្នែកខ្លះនៃតំបន់នោះក៏ត្រូវបានមានភាពរកាំរកូស និងទាមទារយប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងវៀតណាមផងដែរ។
ជាការពិត ទីក្រុងប៉េកាំងបានក្រសោបយកទឹកដីមួយចំនួននៅក្នុងដែនទឹកបិទនៃកោះ Palawan និងភាគច្រើននៃសមុទ្រចិនខាងត្បូង ដោយសំអាងលើផែនទីប្រវត្តិសាស្ត្ររបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ សេចក្តីសម្រេចនៃអាជ្ញាកណ្តាលអន្តរជាតិឆ្នាំ ២០១៦ បាននិយាយថា ការអះអាងរបស់ចិនមិនមានមូលដ្ឋានផ្លូវច្បាប់ទេ ដោយឱ្យហ្វីលីពីនឈ្នះក្តី តែទីក្រុងប៉េកាំងក៏មិនបានអនុវត្តតាមការសម្រេចរបស់តុលាការអន្តរជាតិនេះឡើយ។
សមុទ្រចិនខាងត្បូងដែលផ្ទុកដ៏មហាសាលនូវធនធានប្រេង និងឧស្ម័នធម្មជាតិ ព្រមទាំងជាផ្លូវទឹកដ៏សំខាន់ដែលមានការធ្វើពាណិជ្ជកម្មដឹកជញ្ជូនទំនិញប្រមាណ ៥ ទ្រីលានដុល្លារជារៀងរាល់ឆ្នាំ ប៉ុន្តែវាក៏ជាចំណុចប្រសព្វមួយនៃភាពតានតឹងរបស់ចិន និងសហរដ្ឋអាមេរិកជុំវិញប្រតិបត្តិការកងទ័ពជើងទឹករវាងប្រទេសទាំងពីរផងដែរ៕