កូរ៉េខាងជើងបានបញ្ជាក់កាលពីថ្ងៃចន្ទថា ខ្លួនបានបាញ់បង្ហោះមីស៊ីលប៉ាលីស្ទិក Hwasong-១២។ វាជាប្រភេទអាវុធដែលខ្លួនធ្លាប់បានគម្រាមវាយប្រហារលើទឹកដីអាមេរិកក្នុងកោះ Guam ដែលបង្កឱ្យមានការព្រួយបារម្ភថា ប្រទេសកូរ៉េខាងជើងដែលមានប្រដាប់អាវុធនុយក្លេអ៊ែរនេះ អាចនឹងបន្តការសាកល្បងរយៈចម្ងាយឆ្ងាយឡើងវិញ។
គិតតាំងពីដើមខែមករាមកទល់ថ្ងៃទី ២ខែកុម្ភៈនេះ កូរ៉េខាងជើងបាន បាញ់សាកល្បងម៉ីស៊ីល៧លើកហើយ ខណៈការបាញ់បង្ហោះមីស៊ីលដែលសមត្ថភាពនុយក្លេអ៊ែរជាលើកទីដំបូងកាលពីឆ្នាំ ២០១៧។ អ្នកនាំពាក្យអង្គការសហប្រជាជាតិបាននិយាយថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃអង្គារបានលើកឡើងពីការថ្កោលទោសលើការបាញ់បង្ហោះនេះ ហើយបានជំរុញឱ្យក្រុងព្យុងយ៉ាង "បញ្ឈប់សកម្មភាពនៃការបាញ់មីស៊ីលទាំងនេះ" ។ក្នុងនោះផងដែរ អ្នកនាំពាក្យរងអង្គការសហប្រជាជាតិ លោក Farhan Haq បាននិយាយថា ការបាញ់បង្ហោះទាំងនេះ គឺជាការរំលោភបំពានយ៉ាងច្បាស់លើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ" ។
គូរបញ្វាក់ថា ប្រទេសកូរ៉េខាងជើងត្រូវបានទទួលរងនូវទណ្ឌកម្មរបស់អង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ២០០៦ មកម្ល៉េះ ដែលកើតចេញពីការពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាសន្តិសុខអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីកំណត់គោលដៅលើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ទីក្រុងព្យុងយ៉ាងនេះ។
បើទោះបីជា កន្លងមកអាមេរិកបានប្រកាសដាក់ទណ្ឌកម្មថ្មីលើកូរ៉េខាងជើង និងស្នើឲ្យអង្គការសហប្រជាជាតិបន្ថែមទណ្ឌកម្មទៅលើកូរ៉េខាងជើងក្ដី ប៉ុន្ដែ ប្រទេសចិន និងរុស្ស៊ីវិញ កាលពីខែមុន បានពន្យារពេលការស្នើឲ្យមានការដាក់ទណ្ឌកម្មនេះ៕
អត្ថបទ វ៉ាន់ ស្រីរ័ត្ន