នាយករដ្ឋមន្ត្រីថៃ លោក ស្រ៊ីថា ថាវីស៊ីន បានទម្លាយឱ្យដឹងថា ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំប្រទេសថៃ លោក រ៉ូបឺត ហ្គោឌិក (Robert Godec) បានសរសេរលិខិតផ្ញើទៅកាន់លោក ដើម្បីស្នើសុំឱ្យកងទ័ពអាកាសថៃ ជួយទិញយន្តហោះចម្បាំងដ៏ទំនើបរបស់សហរដ្ឋអាម៉េរិក F-16 Block 70 ជាច្រើនគ្រឿងពីក្រុមហ៊ុនអាម៉េរិក ឡក់ហ៊ីដ ម៉ាទីន (Lockheed Martin)។
លោកបានបន្តថា លោកបានពិភាក្សាអំពីគម្រោងរបស់កងទ័ពអាកាសថៃ ក្នុងការទិញយន្តហោះចម្បាំងថ្មីៗជាមួយមេបញ្ជាការទ័ពអាកាសថៃលោក ប៉ានប៉ាក់ឌី ប៉ាណាតាគុល (Panpakdee Patanakul) ប៉ុន្មានលើករួចមកហើយ ដោយសារកងទ័ពអាកាសថៃ បានប្រើប្រាស់យន្តហោះចម្បាំងធុន F-16 Block 35 យូរណាស់មកហើយ។
នាយករដ្ឋមន្ត្រីថៃរូបនេះបានបន្ថែមទៀតថា លោកបានណែនាំឱ្យមេបញ្ជាការទ័ពអាកាសថៃ លោក ប៉ានប៉ាក់ឌី ប៉ាណាតាគុល (Panpakdee Patanakul) ជ្រើសរើសយន្តហោះចម្បាំងធុន F-16 Block 70 ដោយផ្អែកលើផែនការអភិវឌ្ឍកងទ័ពអាកាសរយៈពេល១០ឆ្នាំ និងគោលនយោបាយប៉ះប៉ូវរបស់លោក ដែលតម្រូវឱ្យក្រុមហ៊ុនផ្គត់ផ្គង់អាវុធ វិនិយោគក្នុងទំហំដូចគ្នានឹងតម្លៃទិញលក់អាវុធនៅក្នុងប្រទេសថៃ។
សូមបញ្ជាក់ថា សំណើរបស់ឯកអគ្គរដ្ឋទូតអាម៉េរិកនេះត្រូវបានធ្វើឡើងក្រោយប្រទេសស៊ុយអែត កំពុងស្នើសុំលក់យន្តហោះចម្បាំងធុន SAAB Gripen របស់ខ្លួនទៅឱ្យកងទ័ពអាកាសថៃ។ យោងតាមគេហទំព័រ Aerotime ឱ្យដឹងថា យន្តហោះចម្បាំងដ៏ទំនើបរបស់សហរដ្ឋអាម៉េរិកធុន F-16 Block 70 មានតម្លៃរហូតដល់ទៅជាង៦០លានដុល្លារអាម៉េរិកឯណោះនៅក្នុង១គ្រឿង៕
ដោយ: តែម សុខុម