ក្រោយច្បាប់ថ្មីដែលព្រឹទ្ធសភាអាមេរិកបានអនុម័តថ្មីៗក្នុងថ្ងៃពុធសប្តាហ៍នេះ បានសន្មតថា រាល់ទំនិញផលិតនៅក្នុងតំបន់ស៊ិនជាំងទាំងអស់ ដែលត្រូវបានផលិតឡើងដោយការបង្ខំមនុស្សឲ្យធ្វើការ នឹងត្រូវបានហាមឃាត់នាំចូលមកកាន់ទីផ្សារអាមេរិក ឬទាល់តែមានលិខិតបញ្ជាក់អនុញ្ញាតពីអាជ្ញាធរអាមេរិកជាមុនសិនទើបអាចនាំចូលបាន។ក្រោយពីបានទទួលការអនុម័តពីព្រឹទ្ធភាពអាមេរិករួចហើយ ច្បាប់នេះ នឹងត្រូវឆ្លងទៅដល់សភាតំណាងរាស្ត្រ មុននឹងត្រូវបានបញ្ជូនទៅកាន់សេតវិមានដើម្បីឲ្យប្រធានាធិបតីលោកចូបៃឌិន ចុះហត្ថលេខា។ ប៉ុន្ដែ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា តើច្បាប់ថ្មីៗនេះ នឹងត្រូវចូលធរមានភ្លាមៗ ឬ ក៏ត្រូវរង់ចាំដល់ពេលណានោះទេ។ តែយ៉ាងណា មានសមាជិកព្រឹទ្ធសភាខ្លះមកពីគណបក្សសាធារណរដ្ឋ បានអំពាវនាវឲ្យច្បាប់នេះ ត្រូវបានដាក់ចេញឲ្យបានកាន់តែឆាប់កាន់តែល្អ។
ជំនួយការគណបក្សប្រជាធិបតេយ្យ និង សាធារណរដ្ឋ បាននិយាយថា ពួកគេរំពឹងថា វិធានការនេះ នឹងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសភាអាមេរិក ដោយពួកគេកត់សម្គាល់ថា សភាកាលពីឆ្នាំមុន ក៏បានអនុម័តវិធានការស្រដៀងគ្នានេះម្ដងរួចមកហើយដែរ។ហើយថ្មីៗនេះ រដ្ឋបាលលោកចូបៃឌិន ត្រូវបានគេមើលឃើញថា មានការបង្កើនការដាក់ទណ្ឌកម្មកាន់តែខ្លាំង ដោយសូមបញ្ជាក់ថា កាលពីថ្ងៃអង្គារក្នុងសប្ដាហ៍នេះ ទើបតែបានដាក់ចេញនូវសេក្ដីជូនដំណឹងពីការព្រមានទៅដល់អាជីវកម្មនានា ថា ពួកគេអាចស្ថិតក្នុងការរំលោភបំពានច្បាប់របស់អាមេរិក ប្រសិនបើមានប្រតិបត្តិការជាប់ទាក់ទងដោយផ្ទាល់ ឬ ប្រយោល ទៅនឹងបណ្ដាញឃ្លាំមើលនៅក្នុងតំបន់ស៊ិនជាំងប្រទេសចិន។
អង្កការសិទ្ធិមនុស្ស អ្នកស្រាវជ្រាវ អតីតអ្នកស្នាក់នៅ សមាជិកសភា និង មន្ត្រីអាមេរិកនិយាយថា អាជ្ញាធរតំបន់ស៊ិនជាំង មានការសម្របសម្រួលឲ្យមានការការធ្វើការងារដោយបង្ខំ ដោយចាប់ឃុំខ្លួនជនជាតិអ៊ុយហ្គួរ និង កម្មករកាន់សាសនាមូស្លីមផ្សេងៗទៀតសរុបប្រមាណជិត១លាននាក់តាំងពីឆ្នាំ២០១៦មកម្ល៉េះ។ នេះបើតាមការបញ្ជាក់ពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។សូមបញ្ជាក់ថា តំបន់ស៊ិនជាំងនេះ មានឈ្មោះពេញហៅថា តំបន់ស្វយ័តស៊ិនជាំងអ៊ុយហ្គួរ ដែលបច្ចុប្បន្ន មានជនជាតិអ៊ុយហ្គួរប្រហែល ១២លាននាក់រស់នៅ ភាគច្រើនជាអ្នកកាន់សាសនាមូស្លីម។
ក្រោយពីមានការចោទប្រកាន់ពីមជ្ឈដ្ឋានអន្តរជាតិ ពិសេសអាមេរិក កន្លងមកប្រទេសចិនក៏បានចេញមុខបដិសេធយ៉ាងដាច់អហង្ការថា ខ្លួនមិនបានប្រព្រឹត្តិបទឧក្រិដប្រឆាំងមនុស្សជាតិ និងអាចឈានដល់ការប្រល័យពូជសាសន៍ជនជាតិអ៊ុយហ្គួរ និង ក្រុមជនជាតិមូស្លីម នៅក្នុងតំបន់ស៊ិនជាំង ដូចការចោទប្រកាន់របស់អាមេរិកនោះទេ។ ជាមួយគ្នានេះ ប្រទេសចិន ក៏បានច្រានចោលការចោទប្រកាន់ទាំងអស់ ទាក់ទងនឹងការរំលោភសិទ្ធិមនុស្សនៅក្នុងតំបន់ស៊ិនជាំងនេះ ដោយខ្លួនបានអះអាងថា នៅក្នុងប្រព័ន្ធគ្រប់គ្រងជំរុំអប់រំកែប្រែឡើងវិញរបស់ខ្លួន នៅក្នុងតំបន់នេះ គឺធ្វើឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងការបំបែកខ្លួន និង ក្រុមជីវពលឥស្លាមតែប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់ពីសារព័ត៌មាន BBC។
យ៉ាងណាក៏ដោយចុះ បញ្ហាជនជាតិអ៊ុយហ្គួរ និងក្រុមជនជាតិមូស្លីមនៅតំបន់ស៊ិនជាំងនេះ នៅតែជាចំណុចរសើបមួយរបស់ចិន ដែលប្រទេសលោកខាងលិច ពិសេសអាមេរិក តែងតែចេញមុខរិះគន់ និង បានដាក់ទណ្ឌកម្មទៅលើប្រទេសចិនជាបន្ដបន្ទាប់ ខណៈដែលចិនវិញក៏បានឆ្លើយបតដោយការដាក់ទណ្ឌសងសឹកទៅវិញជាហូរហែរដែរ។ យើងនឹងរង់ចាំមើលបន្ដទៀតថា តើបញ្ហានេះ នឹងវិវត្តទៅជាយ៉ាងណាបន្ដទៀត?