តម្លៃភាគហ៊ុនប្រមាណ ៥ពាន់លានដុល្លារអាមេរិកនេះ គឺនៅមានកម្រិតតិចតួចនៅឡើយទេ ពោលគឺមិនបានទៅនឹងអ្វីដែលលោកធ្លាប់បានសន្យាកាលពីចុងសប្ដាហ៍មុននេះ នឹងលក់ភាគហ៊ុនចេញពីក្រុមហ៊ុន Tesla ក្នុងតម្លៃដល់ទៅ ២០ពាន់លានដុល្លារអាមេរិកឯណោះ។ នេះបើតាមការរាយការណ៍មួយដោយសារព័ត៌មាន New York Times។
ហេតុអ្វីបានជាលោកមហាសេដ្ឋីអាមេរិក អ៊ីឡុន ម៉ាស ត្រូវលក់ភាគហ៊ុន Tesla បែបនេះ?
ចំពោះមូលហេតុចម្បងដែលធ្វើឱ្យលោកលក់ភាគហ៊ុនរាប់លានហ៊ុន ដែលមានតម្លៃរាប់ពាន់លានដុល្លារចេញពីក្រុមហ៊ុន Tesla យ៉ាងដូច្នេះ នោះក៏ដោយសារតែរូបលោកត្រូវប្រឈមមុខនឹងការបង់ពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលមានតម្លៃប្រហែលជាង ១៥ពាន់លានដុល្លារអាមេរិកឯណោះនៅចុងឆ្នាំនេះ ហើយក៏ទំនងជាលោកត្រូវការប្រាក់បន្ថែមសម្រាប់ការវិនិយោគផ្សេងទៀត នៅដើមឆ្នាំក្រោយ។
យ៉ាងណាមិញ មុនសម្រេចលក់ភាគហ៊ុន គេនៅចាំថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន មហាសេដ្ឋីពិភពលោក អ៊ីឡុន ម៉ាស់ ដែលជានាយកប្រតិបត្ដិរបស់ក្រុមហ៊ុនផលិតរថយន្ដតេស្លាបានសួរទៅអ្នកដែលកំពុងតាមដានខ្លួន (Follower) ជាង ៦២លាននាក់នៅក្នុងបណ្ដាញសង្គមTwitterថា តើលោកគួរលក់ភាគហ៊ុនចេញពីក្រុមហ៊ុន Tesla ឬយ៉ាងណា?
លោកបានសរសេរ នៅក្នុងបណ្ដាញសង្គមTwitter ដែលមានន័យជាខេមរភាសាថា «ខ្ញុំគ្មានប្រាក់ខែ ឬប្រាក់បន្ថែមពីណានោះទេ អ្វីដែលខ្ញុំមានគឺភាគហ៊ុន។ ហេតុនេះ មធ្យោបាយតែមួយគត់ដែលធ្វើឱ្យខ្ញុំមានលទ្ធភាពបង់ពន្ធនៅពេលនេះ គឺការលក់ភាគហ៊ុន»។
គួរកត់សម្គាល់ថា អស់ពេលជិត១សប្តាហ៍ បន្ទាប់ពីការស្ទង់មតិខាងលើ មានអ្នកចូលរួមបោះឆ្នោតដល់ទៅជាង ៣លាន៥សែននាក់ និងមានជិត៦០%នៃពួកគេ ឆ្លើយថាគួរតែលក់ ខណៈជាង៤០%ទៀត ឆ្លើយថាមិនគួរលក់នោះទេ។
លោក អេឡុន ម៉ាស់
បានចាប់ផ្ដើមលក់ភាគហ៊ុនរបស់លោកនៅក្នុងក្រុមហ៊ុន តេស្លាតាំងពីថ្ងៃចន្ទមកម្ល៉េះ
ដោយគិតមកទល់ថ្ងៃពុធសប្ដាហ៍នេះ គឺលោកបានលក់ភាគហ៊ុនសរុបប្រហែល ជាង៤លាន៥សែនភាគហ៊ុន
ហើយក្នុងមួយភាគហ៊ុនតម្លៃជាង១ពាន់ដុល្លារអាមេរិក
ដែលធ្វើឲ្យលោកទទួលបានប្រាក់ពីការលក់ភាគហ៊ុននេះ ក្នុងតម្លៃជិត ៥ពាន់លានដុល្លារ។ នេះបើតាមឯកសារដែលបានដាក់ទៅកាន់ផ្សារភាគហ៊ុននៅអាមេរិក។
បើទោះបីជាលោក អេឡុន ម៉ាស់ បានលក់ភាគហ៊ុនអស់ជិត៥លានភាគហ៊ុនក៏ដោយចុះ ប៉ុណ្ណោះ លោកនៅតែមានកាន់កាប់ប្រមាណ ១៧% ភាគរយទៀតនៃភាគហ៊ុនសរុបរបស់ក្រុមហ៊ុនតេស្លា ដោយភាគហ៊ុន ១៧%នេះ មានតម្លៃប្រហែល ១៨០ពាន់លានដុល្លារ។
សូមបញ្ជាក់ថា ថ្មីៗនេះ ក្រុមហ៊ុន តេស្លា ក៏ទើបតែបានហក់ឡើងតម្លៃទីផ្សារមូលធនរបស់ខ្លួនដល់ទៅ ១ទ្រីលានដុល្លារអាមេរិក៕