នាយកដ្ឋានពាណិជ្ជកម្មអាមេរិកបាននិយាយថា ក្រុមហ៊ុនដែលត្រូវបានក្នុងបញ្ជីខ្មៅទាំងនោះបានផ្គត់ផ្គង់សម្ភារៈនានាទៅឲ្យវិស័យយោធារុស្សីមុនថ្ងៃទី ២៤ ខែកុម្ភៈ ដែលរុស្សីបានបើកការវាយលុកទៅលើអ៊ុយក្រែន ហើយក្រុមហ៊ុនទាំងនោះទៀតសោត បាននិងកំពុង "បន្តកិច្ចសន្យាផ្គត់ផ្គង់សម្ភារៈយោធាជាមួយក្រុមហ៊ុនរុស្ស៊ី ដែលបានដាក់ទណ្ឌកម្មដោយអាមេរិក" ផងដែរ ។
ក្រៅពីក្រុមហ៊ុនចិនទាំង៥ខាងលើនេះ អាមេរិកក៏បានដាក់ក្រុមហ៊ុនចំនួន ៣១ ផ្សេងទៀតចូលទៅក្នុងបញ្ជីខ្មៅផងដែរ ដែលក្រុមហ៊ុនទាំងនោះមកពីប្រទេសដែលរួមមាន រុស្ស៊ី អារ៉ាប់រួម លីទុយអានី ប៉ាគីស្ថាន សិង្ហបុរី ចក្រភពអង់គ្លេស អ៊ូសបេគីស្ថាន និងវៀតណាម។
លោក អាឡាន អេស្ទីវែន (Alan Estevez) អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មសម្រាប់ឧស្សាហកម្ម និងសន្តិសុខបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការអនុម័តធ្វើឡើងនេះគឺចង់ផ្ញើសារដ៏មានធ្ងន់ និងបើកចំហរមួយទៅកាន់ក្រុមហ៊ុន និងបុគ្គលិកទាំងអស់ទូទាំងពិភពលោកថា ប្រសិនបើពួកគេហ៊ានគាំទ្រដល់ប្រទេសរុស្ស៊ី នោះសហរដ្ឋអាមេរិកនឹងកាត់ផ្តាច់ពួកគេពីទីផ្សារអាមេរិកតែម្តង។
គួរជម្រាបថា ក្រុមហ៊ុនចំនួន៥ក្នុងប្រទេសចិនដែលត្រូវបានចោទប្រកាន់ថា បានជួយដល់យោធារុស្ស៊ីនោះរួមមានក្រុមហ៊ុនអេឡិចត្រូនិច Connec Electronic Ltd ក្រុមហ៊ុន World Jetta ដែលមានមូលដ្ឋាននៅហុងកុង និងក្រុមហ៊ុន Logistics Limited ក្រុមហ៊ុនបច្ចេកវិទ្យា King Pai Technology Co, Ltd និងក្រុនហ៊ុនអេឡិចត្រូនិច Winninc Electronic។
ដោយឡែក ខណៈដែលមន្ត្រីអាមេរិកធ្លាប់បាននិយាយថា ប្រទេសចិនតែងតែអនុវត្តតាមការរឹតបន្តឹងរបស់អាមេរិក ហើយទីក្រុងវ៉ាស៊ីនតោនបានប្តេជ្ញាថា នឹងតាមដានយ៉ាងដិតដល់នូវការអនុវត្តតាមច្បាប់ទាំងនោះពីប្រទេសចិន។
លោក លោកស្រីធា រូសមេន ខេនល័រ (Thea Rozman Kendler) ជំនួយការរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកសម្រាប់ការនាំចេញ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដដែលថា "អាមេរិកនឹងមិនស្ទាក់ស្ទើរនោះឡើយក្នុងអនុវត្តសកម្មភាព ដោយមិនខ្វល់ពីកន្លែងដែលភាគីណាមួយស្ថិតនៅនោះទេ ប្រសិនបើពួកគេបំពានច្បាប់របស់សហរដ្ឋអាមេរិក"។
ទោះបីជាយ៉ាងណា ស្ថានទូតចិននៅទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបទៅនឹងការចោទប្រកាន់លើក្រុមហ៊ុនទាំងនេះនៅឡើយទេ ប៉ុន្តែធ្លាប់បាននិយាយពីមុនថា ទីក្រុងប៉េកាំងមិនដែលផ្តល់ជំនួយផ្នែកយោធាដល់រុស្ស៊ីក្នុងការសង្គ្រាមនៅអ៊ុយក្រែននោះទេ។ ហើយថា ខ្លួននឹងចាត់វិធានការចាំបាច់ ដើម្បីការពារសិទ្ធិរបស់ក្រុមហ៊ុនខ្លួន ដោយលើកហេតុផលថា ទណ្ឌកម្មរបស់អាមេរិកនេះគឺបំពានច្បាប់អន្តរជាតិហើយ៕
អត្ថបទ៖ ហ៊ុន គន្ធថៃ