ជាមួយគ្នានេះ សង្គ្រាមឧស្សាហកម្មបន្ទះឈីបរវាងអាមេរិក និងចិននេះ វាក៏បានរាលដាលដល់ក្រុមហ៊ុនឈីបធំៗផ្សេងៗទៀតដែរ ដូចជាក្រុមហ៊ុនផលិតបន្ទះឈីបរបស់កូរ៉េខាងត្បូងថ្មីៗនេះ បានលើកឡើងពីសេណារីយ៉ូដ៏អាក្រក់បំផុត អាចនឹងរុញច្រានឲ្យក្រុមហ៊ុនបិទរោងចក្រនៅប្រទេសចិនចោល ជាមួយនឹងការមើលឃើញពីការខាតបង់ប្រាក់ចំណេញយ៉ាងសន្ធឹកសន្ធាប់ ដោយសារតែសង្គ្រាមបច្ចេកវិទ្យាមួយនេះផងដែរ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
យោងតាមការចុះផ្សាយរបស់កាសែត The Financial Times កាលពីថ្ងៃចន្ទ ទី២៤តុលាឱ្យដឹងថា ក្រុមហ៊ុនឈីបចិន Yangtze Memory Technologies Co (YMTC) បានបណ្តេញនយោជិកជនជាតិអាមេរិកាំង ចេញពីតំណែងសំខាន់ៗនៅក្នុងក្រុមហ៊ុន។ ប៉ុន្តែគេមិនបានដឹងច្បាស់ទេថា មានមនុស្សប៉ុន្មាននាក់ដែលត្រូវបានបណ្តេញចេញ។
សារព័ត៌មាននេះ បានដកស្រង់សម្តីចេញពីប្រភពម្នាក់ដែលជិតស្និទ្ធនឹងក្រុមហ៊ុនចិននេះថា ការស្នើឱ្យបុគ្គលិកជនជាតិអាមេរិក លាឈប់ពីក្រុមហ៊ុននេះ គឺជាភាពចាំបាច់សម្រាប់ក្រុមហ៊ុន និងជាសិទ្ធិរុះរើបុគ្គលិកផងដែរ ស្របទៅតាមការតម្រូវថ្មីរបស់អាជ្ញាធរអាមេរិកលើការគ្រប់គ្រងការនាំចេញផលិតផលបច្ចេកវិទ្យាបន្ទះឈីបទៅកាន់ប្រទេសចិន។
គួររំលឹកថា កាលពីសប្តាហ៍មុន មានសេចក្តីរាយការណ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បានផ្អាកផែនការប្រើប្រាស់ឈីបអង្គចងចាំពីក្រុមហ៊ុនចិនដ៏ធំបំផុត YMTC នេះ ដើម្បីបំពាក់លើផលិតផលរបស់ខ្លួន ជាពិសេសគឺទូរសព្ទ iPhone។ ការផ្អាកផែនការនេះ បន្ទាប់ពីមានវិធានការតឹងរ៉ឹងដែលបានដាក់ដោយរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ទៅលើក្រុមហ៊ុនបច្ចេកវិទ្យាផលិតផលបន្ទះឈីបរបស់ចិន។
ឈីបដែល Apple គ្រោងនឹងប្រើនេះ គឺជាបច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុន YMTC ហើយម្យ៉ាងទៀតវាមានតម្លៃធូរថ្លៃប្រមាណ ២០% បើធៀបនឹងឈីបរបស់ Samsung។
គួរដឹងដែរថា ក្រុមហ៊ុន YMTC ក៏បានចាប់ផ្តើមងាកចេញបន្តិចម្តងៗពីការពឹងផ្អែកលើដង្ហើមរបស់ក្រុមហ៊ុនអាមេរិកផងដែរ បន្ទាប់ពីបានឃើញមេរៀនជាក់ស្តែងរបស់ក្រុមហ៊ុន Huawei ដែលត្រូវបានរដ្ឋាភិបាលអាមេរិក ដាក់ទណ្ឌកម្មកាលពីឆ្នាំ២០២០។
ជុំវិញវិធានការរឹតត្បិតការនាំចេញគ្រឿងបរិក្ខារផលិតឈីបរបស់អាមេរិកនេះដែរ ក៏បានធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនឈីបធំៗរបស់កូរ៉េខាងត្បូងផងដែរ។ ក្រុមហ៊ុនកូរ៉េ SK Hynix អាចនឹងពិចារណាលក់រោងចក្រផលិតឈីបអង្គចងចាំក្នុងប្រទេសចិន ក្នុងករណី ដែលក្រុមហ៊ុនមានជួបផលប៉ះពាល់ផ្នែកប្រតិបត្តិការខ្លាំង ដោយសារតែវិធានការរឹតបន្ដឹងរបស់អាមេរិក។ ជាមួយគ្នានេះ ក្រុមហ៊ុន SK Hynix ក៏កំពុងរងគ្រោះនៃការធ្លាក់ចុះប្រាក់ចំណេញ ដោយសារតែបញ្ហាអតិផរណាផងដែរ។
ចំណែកក្រុមហ៊ុនយក្សមួយទៀត គឺក្រុមហ៊ុន Samsung ក៏បង្ហាញពីភាពមិនច្បាស់លាស់ពីអនាគតរោងចក្ររបស់ខ្លួននៅប្រទេសចិនផងដែរ បើទោះបីជាទទួលបានភ្លើងខៀវពីរដ្ឋាភិបាលអាមេរិក ដែលអាចបន្តប្រើគ្រឿងបរិក្ខារផលិតឈីបរបស់ក្រុមហ៊ុនអាមេរិក រយៈពេល១ឆ្នាំទៀត ដូច SK Hynix ក៏ដោយ។
វិធានការរបស់អាមេរិកនេះ ក៏នឹងបង្កផលប៉ះពាល់ដល់ក្រុមហ៊ុនក្នុងស្រុកខ្លួនឯងដែរ ។ ក្នុងនោះ ក្រុមហ៊ុន KLA ដែលជាអ្នកនាំមុខផ្គត់ផ្គង់គ្រឿងបរិក្ខារផលិតឈីប បានព្រមានពីផលប៉ះពាល់ចំណូលរបស់ខ្លួនដល់ ៩០០លានដុល្លារនៅឆ្នាំក្រោយ ដោយសារតែការរឹតត្បិតការនាំចេញទៅប្រទេសចិននេះ។ រីឯក្រុមហ៊ុន LAM ក៏ប៉ាន់ស្មានថា ខ្លួននឹងទទួលរងផលប៉ះពាល់ប្រាក់ចំណូលដល់ជាង ២ពាន់លានដុល្លារផងដែរ។
ការប៉ះទង្គិចលើឧស្សាហកម្មផលិតបន្ទះឈីប ដោយសារតែសង្គ្រាមពាណិជ្ជកម្មបច្ចេកវិទ្យារវាងមហាអំណាចលេខ១ និងលេខ២របស់ពិភពលោកនេះ វាក៏បានធ្វើឲ្យប៉ះពាល់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់សម្រាប់ការផលិតគ្រឿងឧបករណ៍អេឡិចត្រូនិកជាច្រើនផងដែរ ពិសេសឧស្សាហកម្មរថយន្ដ ទូរស័ព្ទដៃ និងកុំព្យូទ័រជាដើម ដោយសារតែការផលិតទាំងនេះ ត្រូវការបន្ទះឈីបជាគ្រឿងបង្គុំជាចាំបាច់៕
អត្ថបទ៖ នៅ សំភី