សង្គ្រាមពាណិជ្ជកម្ម​អាមេរិក-ចិន

អាមេរិក និងចិន នឹងត្រួតពិនិត្យកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ ឡើងវិញ


នៅពាក់កណ្តាលខែសីហានេះមន្រ្តីជាន់ខ្ពស់តំណាងឲ្យភាគីអាមេរិក និងភាគីចិន នឹងធ្វើកិច្ចប្រជុំមួយ ដើម្បីត្រួតពិនិត្យឡើងវិញនូវ ការអនុវត្តកិច្ចព្រមព្រៀងដំណាក់កាលទី ១ ដោយក្នុងនោះ ក៏មានគម្រោងនឹងធ្វើការផ្សព្វផ្សាយផ្ទាល់នៅក្នុងសន្និសីទវីដេអូ បង្ហាញពី ភាពមិនពេញចិត្តដែលបានកើតឡើងនៅក្នុងទំនាក់ទំនង ដែលកាន់តែតានតឹងឡើងនាពេលបច្ចុប្បន្ននេះ។ នេះបើយោងតាម សារព័ត៌មាន Reuters ចេញផ្សាយនៅក្នុងថ្ងៃនេះ។
ប្រធានាធិបតីចិន (ឆ្វេង) និងប្រធានាធិបតីអាមេរិក (ស្ដាំ) (http://www.sundaynews.co.zw)
ដោយ

បើតាម អ្នកពាក់ព័ន្ធ​នឹងគម្រោង​ខាងលើ ដែលសុំ​មិន​បញ្ចេញឈ្មោះ បានបញ្ជាក់​ប្រាប់ដល់ សារព័ត៌មាន​ Reuters ថា តំណាង​ចរចា​ពាណិជ្ជកម្ម​អាមេរិក លោក រ៉ូបឺត ឡៃធីសឺ និងឧបនាយករដ្ឋមន្រ្តី​ចិន លោក លូ ហេ នឹងដើរ​តួជា​អ្នកចរចា តំណាង​ឲ្យប្រទេស​ទាំងពីរ នៅក្នុង​ការត្រួត​ពិនិត្យ​ការអនុវត្ត ក្នុងរយៈពេល ៦ខែកន្លងមកនេះ ​គិតចាប់​ពីថ្ងៃទី ១៥ ខែកុម្ភៈ ដែល​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​នេះចូល​ជាធរមាន។

នៅក្រោមកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី ១ ចិន បាន​សន្យាថា នឹង​ជំរុញ​ការទិញ​ទំនិញ​ពី​អាមេរិក ជាង ២០០ពាន់​លាន​ដុល្លារ​អាមេរិក រាប់បញ្ចូល​ទាំង ផលិតផល​កសិកម្ម និង​ឧស្សាហកម្ម ថាមពល និងសេវាកម្ម តែយ៉ាងណា​ក៏ដោយ ដោយសារតែ​ការចុះអន់​ខ្សោយ​នៃសេដ្ឋកិច្ច​សកលលោក ដែលកំពុង​រងគ្រោះ​ដោយវិបត្តិ​កូវីដ-១៩នោះ ចិន ស្ថិតនៅឆ្ងាយ​ពីគោលដៅ ដែលគ្រោង​នឹងទិញ​ទំនិញ​អាមេរិក ៧៧ពាន់​លានដុល្លារ នៅក្នុងឆ្នាំទី ១នេះ។

ការទិញទំនិញ​កសិកម្មពី អាមេរិកស្ថិត​នៅក្នុង​កម្រិតទាប​ណាស់ ឆ្ងាយពី​គោលដៅ ៣៦ពាន់​លាន​ដុល្លារ​អាមេរិក សម្រាប់ឆ្នាំ​២០២០នេះ ហើយសូម្បី​តែ​វិស័យ​ថាមពល ចិន ទើបតែ​ទិញបាន​ ៥% នៃថាមពល​សរុប ដែលបាន​កំណត់​គោលដៅ ២៥ពាន់​លាន​ដុល្លារ​អាមេរិក​នោះ។

យ៉ាងណាក៏ដោយ ប្រភពដដែល បានបញ្ជាក់ថា ភាគីចិន​មានបំណង​ជជែកពី​បញ្ហាផ្សេងៗ ក្រៅពី​ការអនុវត្ត​កិច្ចព្រមព្រៀង​ដំណាក់កាល​ទី ១នេះ។

ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅអាមេរិក បានលើក​ឡើងដែរថា ជាធម្មតា​គម្រោង​សម្រាប់​កិច្ចប្រជុំ និងពិភាក្សា​ប្រចាំ​ឆមាស គឺមាន​ស្រាប់​ទៅហើយ ហើយលោក​រំពឹងថា វានឹងមាន​លទ្ធផល​វិជ្ជមាន​សម្រាប់​ប្រទេសទាំងពីរ។

គួររម្លឹកបន្តិចថា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់គំរាម​បញ្ចប់​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម ដោយហេតុផល​អះអាងថា ចិន មិនគ្រប់គ្រង​បញ្ហា​មេរោគ​កូវីដ-១៩ ដែលកើត​មាន​ឡើង​នៅក្នុង​ទីក្រុងវូហាន និងធ្វើឲ្យ​រីករាលដាល​ដល់​ប្រទេស​ដទៃ និងមាន​ជម្លោះ​ជាច្រើន​ទៀត រវាង​ប្រទេស​ទាំងពីរ ជាពិសេស​នៅក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​នាពេល​ចុងក្រោយ​នេះ៕

None



អត្ថបទបន្ទាប់


ADB ឲ្យថៃខ្ចីប្រាក់ ១,៥ពាន់លានដុល្លារដើម្បីជំរុញ និងស្តារសេដ្ឋកិច្ចឡើងវិញ

គណៈរដ្ឋមន្រ្តីថៃ បានសម្រេចអនុម័តលើសំណើរបស់ ក្រសួងហិរញ្ញវត្ថុ ក្នុងការខ្ចីប្រាក់ ១,៥ ពាន់លានដុល្លារអាមេរិកពី ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដ…

អតិរេកពាណិជ្ជកម្មរបស់វៀតណាម កើនឡើង ៣ដង នៅ៧ខែឆ្នាំ២០២០

នៅក្នុងរយៈពេល ៧ខែ ដើមឆ្នាំ២០២០នេះ ទំហំអតិរេកពាណិជ្ជកម្មរបស់ប្រទេសវៀតណាម សម្រេចបានជាង ៦,៤ពាន់លានដុល្លារអាមេរិក ដែលមានកំណើនដល់ទៅ ៣២៨%…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ