ថ្លែងក្នុងសន្និសីទអន្តរជាតិលើកទី២៥ ស្តីពី«អនាគតរបស់អាស៊ី» នៅប្រទេសជប៉ុន សម្តេច ហ៊ុន សែន បានរំពឹងថា អាមេរិកនិងចិនអាចឈានទៅបញ្ចប់ជម្លោះពាណិជ្ជកម្មនេះ ខណៈដែលប្រជាជនរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះគឺជាអ្នកទទួលរងការប៉ះពាល់បំផុត ពីការដំឡើងពន្ធលើមុខទំនិញ។
សម្តេចហ៊ុន សែន បានមានប្រសាសន៍ដូច្នេះថា ៖ «សម្រាប់យើងខ្ញុំពិតជាមានការប៉ះពាល់ តែការប៉ះពាល់នេះវាតិចណាស់ព្រោះសំខាន់បំផុត ប្រព័ន្ធសេដ្ឋកិច្ចរបស់កម្ពុជាគឺនិយាយរូម មុខទំនិញដែលគេវាយពន្ធទៅវិញ ទៅមក មិនមាននៅក្នុងបញ្ជីមុខទំនិញរបស់កម្ពុជាទេ។»
ហើយម្យ៉ាងទៀត បើយោងតាមសម្តេច គឺកម្ពុជាមិនគ្រាន់តែរកស៊ីជាមួយសហរដ្ឋអាមេរិកនិងចិនទេ គឺរកស៊ីជាមួយប្រទេសផ្សេងដទៃទៀត ដូចជា ជាមួយជប៉ុន ជាដើម។
សម្តេច ហ៊ុន សែន បានអះអាងថា ៖ «យើងមានដៃគូច្រើន។ ឯមួយទៀត បើនិយាយពីប្រព័ន្ធហិរញ្ញវត្ថុ យើងមិនមានការភ័យខ្លាចទេ ដោយសារយើងមិនទាន់មានសមាហរណកម្មពេញលេញដែលអាចថា ភាពរង្គោះរង្គើរនៃហិរញ្ញវត្ថុរបស់អាមេរិក ឬហិរញ្ញវត្ថុរបស់ចិន អាចមានផលប៉ះពាល់ខ្លាំងក្លាសម្រាប់យើងទេដែរ។»
សម្តេច ហ៊ុន សែន បានថ្លែងផងដែរថា នៅពេលសហរដ្ឋអាមេរិកបន្ថែមពន្ធ ២៥ភាគរយលើទំនិញរបស់ចិន ហើយចិនបន្ថែមពន្ធវិញទៅលើទំនិញរបស់អាមេរិក ជាការឆ្លើយតបនោះ អ្នកទទួលរងគ្រោះមុនគេ គឺប្រជាជនអាមេរិកនិងចិននោះឯង ដែលត្រូវបង្កើនការចំណាយរបស់ពួកគាត់។
សម្តេច ហ៊ុន សែន មានប្រសាសន៍ថា ៖ «ប៉ុន្តែ យ៉ាងណាក៏ដោយ ខ្ញុំមានការសង្ឃឹមថា ចិននិងសហរដ្ឋអាមេរិកនៅតែជំនះបាននូវការលំបាក មិនមែនជាបញ្ហាប្រឈមដែលមិនចេះចប់នោះទេ។»
យោងតាមសារព័ត៌មានអន្តរជាតិ កាលពីដើមខែនេះ ចិនបានឆ្លើយតបវិញតាមរយៈការបង្កើនពន្ធលើទំនិញដែលមានតម្លៃ ៦០ពាន់លានដុល្លារ ជាការសងសឹកចំពោះការសម្រេចចិត្តរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបានដំឡើងពន្ធលើទំនិញរបស់ចិនមួយសប្តាហ៍មុន។
កិច្ចចរចាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានទទួលបរាជ័យក្នុងខែឧសភានេះ ដោយសារការមិនត្រូវគ្នាលើចំណុចការលួចកម្មសិទ្ធិបញ្ញា៕