ស្រែអំបិលកម្ពុជា និងវៀតណាម

ការផលិតអំបិលរបស់កម្ពុជា និងវៀតណាម កំពុង​រងទុក្ខ​ប្រហាក់​ប្រហែល​គ្នា


មិនមែនតែការផលិតអំបិលនៅកម្ពុជាទេ ដែលកំពុងប្រឈមមុនខ្លាំង នឹងបញ្ហាអាកាសធាតុ និងកង្វះកម្លាំងពលកម្ម នៅឯប្រទេសវៀតណាម ឯណោះវិញ ការផលិតអំបិលក្នុងស្រុកក៏ប្រឈមផលប៉ះពាល់ដោយសារតែបញ្ហាអាកាសធាតុ រួមទាំងការនាំចូលអំបិលពីក្រៅប្រទេសផងដែរ។
កសិករ​ប្រមូល​អំបិល​នៅ​ខេត្ត​កំពត។ រូបភាពឯកសារ៖ ហេង ភារម្យ
ដោយ

សារព័ត៌មាន​VnExpress  បាន​ឲ្យដឹងថា ការផលិត​អំបិល​របស់​ប្រជាកសិករ​វៀតណាម គឺបានធ្វើឡើង​ជាច្រើន​ជំនាន់​មនុស្ស​មកហើយ ប៉ុន្ដែ ប៉ុន្មានឆ្នាំមកនេះ ការងារស្រែ​អំបិលនៅ​វៀតណាម គឺ​ប្រឈមការ​លំបាក​ច្រើន​ហើយចំណូល​ក៏​មិនមាន​និរន្តរភាព ការនាំចូល​អំបិលពី​ក្រៅ​ប្រទេស​កើនឡើង​ និង​បញ្ហា​មួយទៀតនោះ គឺ​ការ​ការប្រែប្រួល​អាកាសធាតុ​។

កសិករស្រែ​អំបិល​នៅវៀតណាម​បាន​និយាយថា ជីវិត​ធ្វើការ​នៅស្រែអំបិលនេះ គឺលំបាកលំបិន​ណាស់ ពិសេស​នៅរដូវ​ប្រមូលផល​អំបិល​ចាប់ពីខែ​មករា ដល់ខែ មិថុនា។ កសិករ​បញ្ជាក់ថា ការងារ​នៅទីនោះ​លំបាក ព្រោះថា ពួកគាត់​ត្រូវធ្វើការ​ក្រោមកំដៅថ្ងៃ នៅរដូវក្ដៅ ហើយនៅរដូវ​រងារ គឺស្រែអំបិល​លែងផលិត​បាន​ទៀតហើយ។ 

បើតាម​ម្ចាស់​ស្រែអំបិលទាំងនោះ បាន​បញ្ជាក់ទៀតថា អំបិល​របស់ពួកគេ ដែល​ប្រមូលផលបាន គឺ​លក់ទៅឲ្យ​ឈ្មួញ​ក្នុងស្រុក​ដែលឈ្មួញទាំងនោះ បន្តយកអំបិល​ទាំងនោះ​ទៅកែច្នៃបន្ថែម ជា​ខ្សែច្រវ៉ាក់តម្លៃ រហូតដល់​ប្រើប្រាស់​លើ​តុអាហារ​សម្រាប់ទទួលទាន​តែម្ដង ឬមួយវិញ​ទៀត​យកទៅចូល​រោងចក្រ​ ដែលគេប្រើប្រាស់វា​សម្រាប់​ប្រឡាក់ត្រី ផលិតទឹកត្រី និងប្រើប្រាស់​ជាគ្រឿងផ្សំ​ផ្សេងទៀត។

កសិករ​ស្រែអំបិល​វៀតណាម បាន​លើកឡើង​ទៀតថា ពីំមុន​ការផលិត​អំបិល​មិនដែល​ចេះខាតទេ ប៉ុន្ដែ បច្ចុប្បន្ននេះ មានការ​ខាតបង់។

ជាប្រធាន​បច្ចេកទេស​ក្នុងការផលិតអំបិល ពលរដ្ឋ​វៀតណាម​ម្នាក់​អាចរកចំណូល​បាន​ប្រហែល​៣៦០ ដុល្លារក្នុងមួយខែ ដែល​ចំណូលនេះ គឺមាន​ខ្ពស់ជា​កម្មករ​ស្រែអំបិល​ធម្មតាៗ​រហូតដល់​២ដងឯណោះ។ ប៉ុន្ដែ​ចំណូលនេះ អាស្រ័យលើ​តម្រូវការទីផ្សារដែរ ដោយវា​ប្រែប្រួល​ទៅតាម​ការនាំចូល​អំបិល​ពីក្រៅ​ប្រទេស។ មានន័យថា បើ​ការនាំចូលអំបិលពីក្រៅច្រើន នោះចំណូល​ពួកគាត់​នឹង​ថយចុះ តែបើបរិមាណ​នាំចូលអំបិល​ពីក្រៅ តិច នោះចំណូលពួកគាត់​នឹងកើន​ឡើង។  

របាយការណ៍​ផ្លូវការ​មួយ ដែលបាន​ផ្សាយ​ដោយសារព័ត៌មាន VnExpress បានឲ្យដឹងថា កាលពីឆ្នាំ ២០១៥​ ប្រទេសវៀតណាម ផលិតអំបិលបាន​ប្រហែល​១លានតោន ប៉ុន្ដែ​ប្រទេសនេះ នៅតែមាន​នាំចូលអំបិល​ពីក្រៅប្រទេស ពិសេស គឺភាគច្រើន​នាំចូល​ពីប្រទេសចិន និងឥណ្ឌា។

នៅឆ្នាំ ២០១៧ ប្រទេសវៀតណាម បាន​នាំចូល​ផលិតផល​រ៉ែ (ក្នុងនោះក៏​មាន​អំបិលដែរ) ប្រមាណ ៥០ ម៉ឺនតោន បើទោះបីជា​ផលិតផលរ៉ែ​ក្នុងស្រុក​របស់ប្រទេសនេះ ផលិតបាន​ប្រមាណជាង ១៤ម៉ឺនតោន​ទៅហើយក្ដី។

របាយការណ៍​បានបញ្ជាក់​ទៀតថា ការនាំចូល​ផលិតផល​អំបិល​ពីក្រៅនេះ គឺដើម្បី​បំពេញ​តម្រូវការ​អំបិល​ដែលមាន​គុណភាព​សម្រាប់​ប្រើប្រាស់​ក្នុង​ឧស្សាហកម្ម ខណៈដែល​អំបិល​ក្នុងស្រុក​មិនមាន​គុណភាព ស្រប​តាមដែល​តម្រូវការ​ចង់បាន។ 

ការផលិត​អំបិល​កម្ពុជា​កំពុង​ត្រដាបត្រដួស

មិនខុសពី​ប្រទេសវៀតណាម​ទេ ការងារ​ស្រែ​អំបិល​នេះ នៅកម្ពុជាយើង​ គឺមាន​រាប់ជំនាន់​មនុស្ស​មកហើយ

ប៉ុន្ដែ​នៅប៉ុន្មានឆ្នាំនេះការផលិតអំបិល​របស់កម្ពុជាបាននិង​កំពុងប្រឈម​នឹងបញ្ហា​កាន់តែច្រើន ខណៈដែល​សហគមន៍អ្នកផលិតអំបិលខេត្ត​កំពត កែប ត្រូវបាន​រំលាយចោល ដោយសារតែ​លែងសូវ​មាន​កសិករ​ចង់ផលិតបន្ដ​ដោយសារតែខ្វះទុន និងកម្លាំងពលកម្ម និងខ្លះទៀត​មិនចង់​ផលិត​ក្រោមការ​គ្រប់គ្រង​របស់សហគមន៍​ជាដើម។

បើតាម​អ្នកជំនាញ ក្នុងវិស័យនេះ អះអាងថា ការផលិត​អំបិល​ក្នុងស្រុក​អាច​ប្រឈមកាន់តែខ្លាំង​ថែមទៀត​ ក្រោយពី​សហគមន៍នេះ រំលាយ ព្រោះ​ការផលិត​នឹង​លែងមាន​ការត្រួតពិនិត្យ​ពីសហគមន៍ទៅទៀត ដែលការផលិត​អាច​នឹង​មិនត្រូវ​តាម​បច្ចេកទេស។ និងមួយទៀតនោះ គឺ​បញ្ហា​កង្វះ​អំបិល​លើទីផ្សារ ដែលវាអាចនឹង​តម្រូវ​ឲ្យមាន​ការនាំចូលអំបិល​ពីក្រៅប្រទេស​បន្ថែមទៀត ខណៈដែលកាល​ពីឆ្នាំមុន កម្ពុជា​បានចុះកិច្ច​ព្រមព្រៀងទិញ​អំបិលពីចិន ៣ម៉ឺនតោន​រួចហើយ។

តាម​ការចុះអង្កេត​ផ្ទាល់ របស់​ខេមបូណូមីស នាពេលថ្មីៗនេះ នៅស្រែអំបិល​ខេត្តកំពតកែប និងបាន​សាកសួរ​អ្នកផលិតអំបិល​នៅទីនោះ បាន​បង្ហើប​ឲ្យដឹងថា ម្ចាស់ស្រែអំបិល មួយចំនួន​បាន​លក់​ដីស្រែអំបិល​របស់ខ្លួន​ ដោយអ្នកខ្លះ​មាន​ដី​ទីតាំងល្អ នៅជិត​ផ្លូវធំៗ អាចលក់បាន​រហូតដល់​ខ្ទង់លាន​ដុល្លារ សម្រាប់ដី១ហិកតា និងអ្នកខ្លះ​មានដី​នៅឆ្ងាយពីផ្លូវ​ ក៏អាច​លក់បាន​មួយហិកតា ១០ ទៅ ២០​ម៉ឺន​ដុល្លារដែរ។

ទោះយ៉ាងណា ថ្នាក់ដឹកនាំ​សហគមន៍​ផលិតអំបិល​ខេត្ត​កំពត​កែប ធ្លាប់​បាន​គូសបញ្ជាក់​ម្ដងហើយ​ម្ដងទៀតថា ការទិញលក់ដោះ​ដូរដីស្រែ​អំបិលនេះ វាជារឿង​របស់អ្នកលក់ និងអ្នកទិញ​។ ប៉ុន្ដែ លក្ខខណ្ឌ ដីស្រែអំបិល​នេះ ត្រូវបាន​កំណត់​ពី​ក្រសួង​ពាក់ព័ន្ធរួចហើយថា គឺ​មិនអាច​យកទៅធ្វើ​អ្វីបាន​ក្រៅតែពីការ​ផលិត​អំបិលនោះឡើយ។ 

ដូច្នេះ អ្នកទិញដីទាំងនោះ ជាការទិញ​លោតឆ័ត្រ ឬយ៉ាងណា?

គួរបញ្ជាក់ថា ដីស្រែអំបិល​ខេត្តកំពត​កែប​ មាន​ផ្ទៃដីផលិត​អំបិល​ទំហំ ជាង ៤.៥០០ ហិកតា ជាកម្មសិទ្ធិ​ឯកជន របស់កសិករ​ផលិតអំបិល ជាង ២០០ នាក់។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិក​អំពាវនាវ​ឱ្យ​រដ្ឋាភិបាលកម្ពុជា​​ដក​ចេញ​នូវ​ការ​រឹត​ត្បិត​ផ្នែក​នយោបាយ

ព័ត៌មាន
សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​សុក្រ​នេះ បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​ចេញ​នូវ​ការ​រឹតត្បិត​ផ្នែក​នយោបាយ​និង​ដោះលែង​អ្នក​ទោស​នយោបាយ​…

ឧកញ៉ាទឹកត្រីកំពត៖ សហគ្រិនពូកែ ត្រូវចេះកែច្នៃអ្វីដែលខ្លួនកំពុងមាន ដើម្បីសម្រេចគោលដៅ

ព័ត៌មាន
«មានមុខរបរមួយជាក់លាក់ សម្រាប់ខ្លួនឯង» នេះគឺជាក្ដីស្រមៃមួយ ដែលមនុស្សជាច្រើនតែងប្រាថ្នា ប៉ុន្ដែ មិនមែនគ្រប់គ្នាសុទ្ធតែអាចទៅដល់ក្ដីប្រាថ្នានេះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ