រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន និងសមាជិកសភាមកពីគណបក្សសាធារណរដ្ឋបានបញ្ចប់ការពិភាក្សាជុំវិញកម្រិតពិដានបំណុលសាធារណៈ ដែលមានទំហំទឹកប្រាក់ ៣១,៤ ទ្រី លានដុល្លារត្រឹមថ្ងៃសុក្រទាំងគ្មានដំណោះស្រាយ ដោយភាគីទាំងពីរបានបន្ទោសគ្នាទៅវិញទៅមកអំពីចំណុចដែលភាគីទាំងពីរចង់បានហួសហេតុ។ នេះបើតាមសេចក្តីរាយការណ៍របស់រ៉យទ័រ។
ក្រុមមន្ត្រីមកពីភាគីទាំងពីរមិនបានជួបគ្នាទេកាលពីថ្ងៃសៅរ៍ បន្ទាប់ពីកិច្ចប្រជុំចំនួនពីរបានបញ្ចប់នៅថ្ងៃសុក្រ ដោយមិនមានការរីកចម្រើនណាមួយដែលត្រូវបានលើកឡើងដោយភាគីទាំងសងខាងឡើយ ហើយពួកគេមិនប្រាកដថាពេលណាការចរចាថ្មីនឹងកើតឡើងនោះទេ។ ប៉ុន្ដែ នៅថ្ងៃចន្ទទី២២ ខែឧសភានេះ លោកចូ បៃឌិន និងលោក ម៉ាកឃឺធី ប្រធានសភាអាមេរិក នឹងជួបគ្នាជាថ្មីទៀត ដើម្បីស្វែងរកដំណោះស្រាយរួមគ្នាមួយជុំវិញបញ្ហាពិដានបំណុលដែលចម្រូងចម្រាសនេះ។
ពេលផុតកំណត់ត្រឹមថ្ងៃទី ០១ ខែមិថុនា ដែលរតនាគារសហរដ្ឋអាមេរិកបានដៅកាន់តែខិតមកកៀក ប៉ុន្តែភាគីទាំងពីរនៅតែមិនអាចរកដំណោះស្រាយបាន ស្របពេលដែលសេដ្ឋកិច្ចវិទូ បានព្រមានរួចហើយថា វិបត្តិនេះនឹងបង្កឱ្យមានភាពមិនប្រក្រតីដែលអាចបង្កឱ្យមានចលាចលនៅក្នុងទីផ្សារហិរញ្ញវត្ថុ និងការកើនឡើងអត្រាការប្រាក់។
លោកស្រី ខារីន ហ្សង់-ព្យែ (Karine Jean-Pierre) លេខាធិការផ្នែកព័ត៌មានរបស់សេតវិមាន បានកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក បៃដិន និងប្រធានសភា លោក ខេនវិន ម៉ាកខាធី បានយល់ស្របថា កិច្ចព្រមព្រៀងថវិកាណាមួយនឹងត្រូវមានការយល់ព្រមពីគណបក្សទាំងពីរ ហើយលោកស្រីបានចោទប្រកាន់គណបក្សសាធារណរដ្ឋថាធ្វើសំណើហួសហេតុពេក។
លោកស្រីបានថ្លែងថា ភាគីខាងសេតវិមាន នៅតែមានឆន្ទៈពិភាក្សាលើបញ្ហានេះពេលណាក៏បាន ហើយលោក បៃដិន នៅតែមានសុទិដ្ឋិនិយមថា វិបត្តិនឹងអាចបញ្ចៀសបាន ។
សភាដែលដឹកនាំដោយគណបក្សសាធារណរដ្ឋរបស់លោក ម៉ាកខាធី កាលពីខែមុន បានអនុម័តច្បាប់ដែលនឹងបើកផ្លូវឲ្យកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលនៅឆ្នាំក្រោយយ៉ាងច្រើនពោលគឺរហូតដល់ទៅ ៨ % ។ រីឯគណបក្សប្រជាធិបតេយ្យបាននិយាយថា ការអនុម័តនេះវានឹងបង្ខំឱ្យរដ្ឋាភិបាលកាត់បន្ថយជាមធ្យម ២២% នៃកម្មវិធីនានា ដូចជាអប់រំ និងការពង្រឹងច្បាប់។
ប្រភពដែលដឹងអំពីការចរចាបាននិយាយថា គណបក្សសាធារណរដ្ឋបានស្នើឲ្យមានការបង្កើនការចំណាយលើវិស័យការពារជាតិ ហើយកាត់បន្ថយការចំណាយទូទៅផ្សេងទៀត។ ប្រភពដដែលបាននិយាយថា សមាជិកសភាមកពីគណបក្សសាធារណរដ្ឋចង់បន្តគោលនយោបាយកាត់បន្ថយពន្ធដែលត្រូវបានអនុម័តក្នុងអាណត្តិរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ដែលនឹងបន្ថែមបំណុលចំនួន ៣,៥ ទ្រីលានដុល្លារលើបំណុលរដ្ឋាភិបាលសហព័ន្ធ៕
ដោយៈ សរ សុជាតិ