ខណៈដែលគណៈកម្មាធិការទីផ្សារបើកចំហរបស់សហព័ន្ធត្រៀមរៀបចំកិច្ចប្រជុំរបស់ខ្លួនរយៈពេល២ថ្ងៃចុងក្រោយសម្រាប់ឆ្នាំ២០២៣ នៅថ្ងៃអង្គារ ទី១២ ធ្នូ លោក ផៅវែល កំពុងប្រឈមមុខនឹងរូបភាពសេដ្ឋកិច្ចចម្រុះកាន់តែខ្លាំងឡើង ហើយស្របពេលដែលទីផ្សារការងារ និងការចំណាយរបស់អ្នកប្រើប្រាស់មានភាពរឹងមាំនោះ ក៏មានសញ្ញាបង្ហាញពីកំណើនយឺត និងអតិផរណាថយចុះផងដែរ។
ឆ្លើយតបនឹងបញ្ហានេះ ធនាគារកណ្ដាលអាម៉េរិកគ្រោងនឹងរក្សាអត្រាការប្រាក់ឱ្យនៅដដែលនៅក្នុងកិច្ចប្រជុំគោលនយោបាយជាប់ៗគ្នាលើកទីបីរបស់ពួកគេ ហើយរក្សាអត្រាមូលនិធិសហព័ន្ធនៅកម្រិតខ្ពស់ក្នុងអត្រាចន្លោះពី៥,២៥%ទៅ៥,៥% នៅក្នុងរយៈពេល២២ឆ្នាំមកនេះ។
ប៉ុន្តែខណៈដែលមន្ត្រីបានបន្តការផ្អាកដំឡើងអត្រាការប្រាក់លើកដំបូងតាំងពីខែកក្កដា នោះ ពេលនេះពួកគេមិនទាន់ត្រៀមខ្លួននឹងនិយាយថា អត្រាការប្រាក់នេះបានឈានដល់កម្រិតមួយ ដែលគ្រប់គ្រាន់ ដើម្បីទម្លាក់អតិផរណាឱ្យធ្លាក់ចុះតាមគោលដៅ២%របស់ពួកគេនៅឡើយទេ ហើយពួកគេក៏មិនទាន់ត្រៀមខ្លួនដើម្បីពិភាក្សាជាសាធារណៈ ពីពេលវេលា ដែលត្រូវកាត់បន្ថយការចំណាយលើកម្ចីនៅឆ្នាំក្រោយឱ្យលើសពីសម្ពាធតម្លៃដែលល្អប្រសើរនោះដែរ។
បញ្ហាប្រឈមសម្រាប់លោក ផៅវែល នៅសប្តាហ៍នេះ គឺថាទីផ្សារហិរញ្ញវត្ថុមិនទាន់ជឿការព្រមានរបស់លោកនៅឡើយទេ ដែលថា ការរឹតបន្តឹងរូបិយវត្ថុបន្ថែមនៅតែជាលទ្ធភាពអាចកើតឡើង។
វិនិយោគិនជឿថា ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកនេះ កំពុងមានល្បឿនយឺតគ្រប់គ្រាន់ហើយ ដើម្បីទប់ស្កាត់តម្រូវការនៃការកើនឡើងនូវអត្រាការប្រាក់បន្ថែមទៀត ហើយជាងនេះទៅទៀត ពួកគេក៏ជឿដែរថា ទិន្នន័យនឹងបង្ខំឱ្យធនាគារកណ្តាលអាម៉េរិក កាត់បន្ថយអត្រាការប្រាក់លឿនជាងការរំពឹងទុក។
ការរំពឹងរបស់វិនិយោគិននេះ បានធ្វើឱ្យលក្ខខណ្ឌហិរញ្ញវត្ថុមានភាពធូរស្រាលបន្តិចនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប៉ុន្តែវាបានបង្កើនការព្រួយបារម្ភដែរថា ការងារមួយចំនួនរបស់ធនាគារកណ្តាលអាម៉េរិកក្នុងការព្យាយាមបំពេញតាមគំនិតនេះកំពុងស្ថិតក្នុងគ្រោះថ្នាក់នៅឡើយ។
លោកស្រី អេឡិន មីដ (Ellen Meade) អតីតទីប្រឹក្សាជាន់ខ្ពស់នៅក្រុមប្រឹក្សាទេសាភិបាលរបស់ធនាគារកណ្តាលអាម៉េរិកបាននិយាយថា វិនិយោគិនប្រហែលជាយល់ថា ធនាគារនេះបានបញ្ចប់ការដំឡើងអត្រាការប្រាក់ហើយប៉ុន្តែវានៅតែមានហានិភ័យ និងការចំណាយជាច្រើនពាក់ព័ន្ធនឹងរឿងនេះ ដូច្នេះហើយពួកគេត្រូវតែរង់ចាំមើលស្ថានភាពក្នុងពេលឆាប់ៗនេះជាមុនសិន៕
អត្ថបទ៖ សុខ ជា