ភាពតានតឹងក្នុងប្រព័ន្ធធនាគារពិភពលោក

ធនាគារកណ្ដាលអាមេរិកសហការជាមួយធនាគារកណ្ដាលរបស់ប្រទេសនានា បន្ធូរបន្ថយភាពតានតឹងក្នុងប្រព័ន្ធធនាគារពិភពលោក


ធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិក (Fed) បានធ្វើការសហការគ្នាជាមួយធនាគារកណ្តាលក្នុងពិភពលោកមួយចំនួនទៀត ដើម្បីធ្វើឱ្យប្រាកដថា ប្រាក់ដុល្លារអាមេរិកអាចរកបាន ដោយងាយស្រួលនៅគ្រប់កន្លែង ដើម្បីទប់ស្កាត់ការព្រួយបារម្ភអំពីបញ្ហាប្រតិបត្តិការសាច់ប្រាក់ងាយស្រួល ឬទុនបង្វិលណាមួយនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុសកល។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានអាមេរិក CNBC។
ធនាគារកណ្ដាលអាមេរិកសហការជាមួយធនាគារកណ្ដាលរបស់ប្រទេសនានា បន្ធូរបន្ថយភាពតានតឹងក្នុងប្រព័ន្ធធនាគារពិភពលោក រូបភាព CNBC

ធនាគារកណ្ដាលអាមេរិកកាលពីថ្ងៃអាទិត្យ ទី១៩មីនា បាននិយាយថា ខ្លួនបានចូលរួមជាមួយធនាគារកណ្ដាលកាណាដា អង់គ្លេស ជប៉ុន អឺរ៉ុប និងស្វីសផងដែរ សម្រាប់សកម្មភាពសម្របសម្រួលមួយ ដើម្បីបង្កើនការផ្តល់សាច់ប្រាក់ងាយស្រួល ឬទុនបង្វិល តាមរយៈការរៀបចំប្រព័ន្ធប្តូរប្រាក់ដុល្លារអាមេរិកឲ្យមានរបៀបរៀបរយ។

អាជ្ញាធររូបិយវត្ថុបាននិយាយថា ការធ្វើបែបនេះនឹង«ដើរតួនាទីជាលំហូរសាច់ប្រាក់ដ៏សំខាន់មួយ ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅក្នុងទីផ្សារផ្តល់មូលនិធិសកល ដោយហេតុនេះ វានឹងជួយកាត់បន្ថយផលប៉ះពាល់នៃភាពតានតឹង ទៅលើការផ្គត់ផ្គង់ឥណទានដល់គ្រួសារ និងអាជីវកម្ម។

វិធានការនេះបានធ្វើឡើងនៅថ្ងៃតែមួយស្របពេលដែលធនាគារដ៏ធំរបស់ស្វីស គឺ UBS បានប្រកាសថា ខ្លួននឹងទិញយកធនាគារ Credit Suisse ដើម្បីជួយដោះស្រាយការព្រួយបារម្ភអំពីប្រព័ន្ធហិរញ្ញវត្ថុសកល ហើយអាជ្ញាធរស្វីសបានរៀបចំកិច្ចព្រមព្រៀងនេះ ដើម្បីការពារការដួលរលំ នៃធនាគារ Credit Suisse ខណៈដែលមានការព្រួយបារម្ភចេះតែកើនឡើងពីភាពចលាចលផ្នែកហិរញ្ញវត្ថុនៅក្នុងតំបន់ ក៏ដូចជាពិភពលោក។

វិធានការនេះ បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះនៅមុនពេលកិច្ចប្រជុំរយៈពេល២ថ្ងៃរបស់ធនាគារ កណ្ដាលអាមេរិក បន្ទាប់ពីនោះមក ធនាគារកណ្ដាលនេះនឹងប្រកាសពីចេតនារបស់ខ្លួនពីការដំឡើងអត្រាការប្រាក់ ជាថ្មីទៀត។ ទីផ្សារមួយចំនួនកាលពីល្ងាចថ្ងៃអាទិត្យបានបង្ហាញឲ្យឃើញថា មានឱកាសប្រហែល ៧៤% ដែលធនាគារកណ្ដាលអាមេរិក នឹងធ្វើការដំឡើងអត្រាការប្រាក់គោល ០,២៥%ថែមទៀត នៅថ្ងៃពុធសប្ដាហ៍នេះ។ នេះបើយោងតាមសន្ទស្សន៍តម្លៃ FedWatch របស់ក្រុមហ៊ុន CME Group ។

លោក Krishna Guha ប្រធានគោលនយោបាយសកល និងយុទ្ធសាស្ត្រធនាគារកណ្តាលនៅក្រុមហ៊ុន Evercore ISI បាននិយាយថា កិច្ចព្រមព្រៀងធនាគារ UBS និងធនាគារ Credit Suisse ព្រមទាំងវិធានការប្ដូរប្រាក់នេះ ប្រហែលជាបង្កើនឱកាសនៃការដំឡើងអត្រាការប្រាក់ថែមទៀត៕

អត្ថបទ ៖ សុខ ជា




អត្ថបទបន្ទាប់


លោក ពូទីន ស្វាគមន៍លោក ស៊ី មកកាន់ទីក្រុងមូស្គូ ចំពេលស្ថានភាពសង្រ្គាមនៅអ៊ុយក្រែនបន្ដឆេះឆួល

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន រំពឹងថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងបង្ហាញសាមគ្គីភាពប្រឆាំងនឹងអនុត្តរភាពបស្ចឹមលោកនៅពេលដែល…

បុរសខ្លាំងលោក គីម ជុងអ៊ុន ប្រាប់ឱ្យកងទ័ពត្រៀមខ្លួនក្នុងការវាយប្រហារនុយក្លេអ៊ែរលើកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបាននិយាយកាលពីថ្ងៃចន្ទ ទី ២០ មីនា ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអំពាវនាវឱ្យយោធារបស់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ