នៅត្រីមាសទី៤នៃឆ្នាំ២០២៣ កន្លងទៅ ស្ថានភាពសេដ្ឋកិច្ចអាម៉េរិក បានកើនឡើងក្នុងល្បឿន៣,៣% ដ៏រឹងមាំគួរឱ្យភ្ញាក់ផ្អើល ដោយរបាយការណ៍ពីការិយាល័យពាណិជ្ជកម្មនៃប្រទេសមហាអំណាចពិភពលោកនេះបានរាយការណ៍ថា អត្រាផលិតផលក្នុងស្រុកសរុបនៅតែឆ្លុះបញ្ចាំងពីភាពធន់ដ៏គួរឱ្យភ្ញាក់ផ្អើល។
ទិន្នន័យចុងក្រោយបំផុតបានបង្ហាញថា អត្រាផលិតផលក្នុងស្រុកសរុបអាម៉េរិក ប្រចាំឆ្នាំបានកើនឡើងក្នុងល្បឿនប្រចាំឆ្នាំ២% ស្របពេលដែលអ្នកប្រើប្រាស់ ដែលមានប្រហែល៧០% នៃសេដ្ឋកិច្ចសរុបជាអ្នកដែលបានជំរុញកំណើននេះ។
ការចំណាយរបស់ប្រជាជនបានកើនឡើងក្នុងអត្រាប្រចាំឆ្នាំជិត៣% ខណៈដែលការចំណាយលើទំនិញរាប់ចាប់ពីសម្លៀកបំពាក់ គ្រឿងសង្ហារិម យានជំនិះ កម្សាន្ត និងការចំណាយទិញទំនិញផ្សេងៗទៀត រហូតដល់សេវាកម្មដូចជាសណ្ឋាគារ និងអាហារភោជនីយដ្ឋានជាដើម គឺសុទ្ធតែកើនឡើង។
ពាក់ព័ន្ធនឹងស្ថានភាពនេះ លោក ជេរ៉ូម ផូវែល (Jerome Powell) ប្រធានក្រុមប្រឹក្សាភិបាល ធនាគារកណ្តាលអាម៉េរិក បានថ្លែងនៅក្នុងសន្និសីទកាសែតបន្ទាប់ពីអ្នកជំនាញការសេដ្ឋកិច្ច អាម៉េរិកបានជួបប្រជុំគ្នាកាលពីសប្តាហ៍មុននេះថា ក្រុមប្រឹក្សាសេដ្ឋកិច្ចអាម៉េរិកនឹងជួបប្រជុំគ្នាជាថ្មីម្តងទៀតនៅក្នុងរង្វង់ខែមីនា។
តាមទំព័រសារព័ត៌មានធំៗបានឲ្យដឹងថា នៅក្នុងសន្និសីទកាសែតនោះ លោក ជេរ៉ូម មិនបានបង្ហាញចំៗនូវអ្វី ដែលពិភពលោកកំពុងតែរង់ចាំនោះទេ ប៉ុន្តែលោកបានបង្ហាញនូវសូចនាករដ៏វិជ្ជមានផ្សេងៗ ដោយបញ្ជាក់ថា នេះអាចជារបៀបវារៈនៃការសម្រេចចិត្តនៅក្នុងខែមីនា នោះ ប៉ុណ្ណោះ។
ដោយឡែកអ្នកវិភាគសេដ្ឋកិច្ចពីររូបផ្សេងទៀត ដូចជាលោក ស្ទូអាត ប៉ូល (Stuart Paul) និងលោក អេស្តែល អ៊ូ (Estelle Ou) បានបង្ហាញនូវការជឿជាក់ថា ខែមីនា ខាងមុខពិតជាពេលដែលធនាគារកណ្តាលអាម៉េរិកនឹងសម្រេចចិត្តលើបញ្ហាអាត្រាការប្រាក់នេះ ។ ពួកគេបានបញ្ជាក់ថា វាគួរតែដល់ពេលហើយ ដែលធនាគារកណ្តាលចាប់ផ្តើមចាត់វិធានការឆ្ពោះទៅរកការកាត់បន្ថយអត្រាការប្រាក់នៅក្នុងប៉ុន្មានខែខាងមុខនេះ ខណៈដែលគេដឹងថា អត្រាការប្រាក់នៅអាម៉េរិកនៅពេលនេះគឺនៅក្នុងរង្វង់៥%៕
ដោយៈសរ សុជាតិ