លោក គ្រីស្តូហ្វើ វ៉ាល័រ (Christopher Waller) ទេសាភិបាលនៃធនាគារកណ្ដាលអាម៉រិក (Federal Reserve) កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ បានចេញមុខអះអាងថា ប្រាក់ដុល្លារអាម៉េរិក នៅតែបន្តជារូបិយប័ណ្ណបម្រុងរបស់ពិភពលោក និងនៅតែមានឥទ្ធិពលគ្របដណ្ដប់លើពាណិជ្ជកម្មអន្តរជាតិ ជាអត្ថប្រយោជន៍ដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចអាម៉េរិក នៅលើឆាកអន្តរជាតិ។
ថ្លែងក្នុងសន្និសីទមួយកាលពីពេលថ្មីៗ លោក គ្រីស្តូហ្វើ វ៉ាល័រ (Christopher Waller) បានថ្លែងថា ការព្រមានកាលពីពេលថ្មីៗនេះអំពីការធ្លាក់ចុះឋានៈនៃប្រាក់ដុល្លារអាម៉េរិក បានធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីផលប៉ះពាល់នៃទណ្ឌកម្មលើប្រទេសរុស្ស៊ី ការជាប់គាំងនយោបាយរបស់សហរដ្ឋអាម៉េរិក ការកើនឡើងនូវរូបិយប័ណ្ណឌីជីថល (គ្រីបតូ) និងកិច្ចខិតខំប្រឹងប្រែងរបស់មហាយក្សចិន ក្នុងការជំរុញការប្រើប្រាស់ប្រាក់យន់ (Yuan)។
ទាក់ទិនបញ្ហានេះ លោក គ្រីស្តូហ្វើ វ៉ាល័រ (Christopher Waller) អះអាងថា ការព្រួយបារម្ភទាំងនោះមិនបានធ្វើឱ្យធ្លាក់ចុះគួរឱ្យកត់សម្គាល់ នូវឥទ្ធិពលដ៏ធំសម្បើមរបស់ប្រាក់ដុល្លារអាម៉េរិក ក្នុងប្រព័ន្ធសេដ្ឋកិច្ចពិភពលោកនោះឡើយ។ លោកបានកត់សម្គាល់ថា ការកើនឡើងនូវការប្រើប្រាស់រូបិយប័ណ្ណឌីជីថល (គ្រីបតូ) ដែលមានទំនាក់ទំនងខ្លាំងលើសលប់ជាមួយប្រាក់ដុល្លារ ទំនងជាធ្វើឱ្យអន្តរជាតិចាប់អារម្មណ៍កាន់តែខ្លាំងមកលើប្រាក់ដុល្លារអាម៉េរិក ទៅវិញទេ។
លោកអះអាងថា បច្ចាមិត្តរបស់សហរដ្ឋអាម៉េរិក មានជម្រើសតិចតួចណាស់ក្រៅពីប្រើប្រាស់ប្រាក់ដុល្លារអាម៉េរិក ហើយនោះក៏ដោយសារតែបណ្ដាវិនិយោគិនបរទេសមានការស្ទាក់ស្ទើរក្នុងការប្រើប្រាស់រូបិយប័ណ្ណយន់ របស់ចិន ព្រោះខ្វះទំនុកចិត្តមកលើបណ្ដាស្ថាប័នរបស់ចិន។
បន្ថែមពីលើនេះ បណ្ដាវិនិយោគិនបានសម្រុកទៅទិញប័ណ្ណរតនាគាររបស់សហរដ្ឋអាម៉េរិក ក្នុងគ្រាដែលពិភពលោកកំពុងស្ថិតក្នុងស្ថានភាពចលាចល ដើម្បីការពារស្ថិរភាពនៃទ្រព្យសកម្មរបស់ពួកគេ។
លោក គ្រីស្តូហ្វើ វ៉ាល័រ (Christopher Waller) លើកឡើងថា លោករំពឹងថានឹងមិនឃើញប្រាក់ដុល្លារអាម៉េរិក បាត់បង់ឋានៈជារូបិយប័ណ្ណបម្រុងរបស់ពិភពលោកក្នុងពេលឆាប់ៗនេះឡើយ ហើយក៏មិនឃើញការធ្លាក់ចុះគួរឱ្យកត់សម្គាល់នូវឥទ្ធិពលរបស់ប្រាក់ដុល្លារអាម៉េរិក នៅក្នុងប្រព័ន្ធពាណិជ្ជកម្ម និងហិរញ្ញវត្ថុអន្តរជាតិនោះដែរ។ អ្នកខ្លះបានព្រមានថា ស្ថានការណ៍វិវត្តន៍កាលពីពេលថ្មីៗនេះអាចគំរាមកំហែងដល់ឋានៈរបស់ប្រាក់ដុល្លារ ជារូបិយប័ណ្ណបម្រុងរបស់ពិភពលោក ហើយបើទោះជាការគំរាមកំហែងទាំងនោះកើតមានមែន ក៏វានៅឆ្ងាយខ្លាំងណាស់ មិនមែនឆាប់ៗនេះនោះទេ៕
ដោយ: តែម សុខុម