សហរដ្ឋ​អាមេរិក-​កសិកម្ម

ទូត​អាមេរិក៖ ពេល​វេលា​​ល្អ​មកដល់​ហើយ​សម្រាប់​ក្រុមហ៊ុន​អាមេរិក​​ពិចារណា​វិនិយោគ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា


លោក William Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​នៅ​ថ្ងៃទី២៦ កញ្ញា ២០១៨​ ថា វា​ដល់​ពេល​វេលា​ល្អ​ហើយ ដែល​​ក្រុមហ៊ុន​អាមេរិក​ធំៗ​គួរ​សម្លឹង​មក​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​កម្ពុជា ដើម្បី​ធ្វើ​ធុរកិច្ច​ក្នុង​វិស័យ​កសិកម្ម​នៅ​ក្នុង​ប្រទេស​នេះ ខណៈ​ដែល​គេ​មើល​ឃើញ​ថា ទីផ្សារ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​បាន​និងកំពុង​ពង្រីក​ខ្លួន​យ៉ាង​លឿន។
លោក William Heidt ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា។
ដោយ

ប្រសាសន៍​របស់​ឯកអគ្គរដ្ឋទូត​អាមេរិក​រូប​នេះ ធ្វើ​ឡើង​នៅ​ឯ​វេទិកា​«ឱកាស​ធុរកិច្ច​​នៅ​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា» ដែល​ចូលរួម​ដោយ​គណៈប្រតិភូ​ធុរកិច្ច​អាមេរិក​មក​ពី​ជាង ១០​ក្រុមហ៊ុន និង​សមភាគី​កម្ពុជា ព្រមទាំង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​មកពី​ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​កសិកម្ម។ កម្មវិធី​ដែល​មាន​រយៈពេល​ពីរ​ថ្ងៃ​នេះ ប្រព្រឹត្ត​ទៅ​ដោយ​មាន​ការ​សម្រប​សម្រួលពី​សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា និង​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​រាជ​ធានី​ភ្នំពេញ។ 

លោក William Heidt ថ្លែង​ប្រាប់​អ្នកកាសែត​យ៉ាងដូច្នេះ ៖ «កត្តា​សំខាន់​ដែល​នាំ​ឲ្យ​យើង​គិត​ថា វា​ដល់​ពេល​ត្រឹមត្រូវហើយ គឺ​ថា មានក្រុមហ៊ុន​កម្ពុជា​​មួយ​ចំនួន​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​អាមេរិក ដែល​កាល​១០ឆ្នាំ​មុន គឺ​មិនមាន​បែប​នេះ​ទេ។ ... ក្រុមហ៊ុន​កម្ពុជា​មួយ​ចំនួន​ធំ​ល្ម និង​មាន​ជំនាញ​គ្រប់គ្រាន់​ល្មម​នឹង​អាចធ្វើ​ជាដៃគូ​ល្អបាន»។

គួរ​បញ្ជាក់ថា តំណាងក្រុមហ៊ុនធំៗមកពីសហរដ្ឋអាមេរិកជាង ១០ក្រុមហ៊ុន ក្នុង​នោះរួមទាំង​ក្រុមហ៊ុន​ល្បីៗ​ ដូចជា Walmart, John Deere, Cargill ជាដើម បាន​ធ្វើ​ដំណើរ​មក​កម្ពុជា ដើម្បី​ស្វែងយល់​ពី​ឱកាស​ធុរកិច្ច​នៅ​ក្នុង​វិស័យ​កសិកម្ម។

ថ្លែង​ក្នុង​វេទិកា​ផ្គូផ្គង​ធុរកិច្ច​រវាង​គណៈ​ប្រតិភូ​ធុរកិច្ច​មក​ពី​អាមេរិក និង​សមភាគី​កម្ពុជា លោកជំទាវ ចម និមល រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម​ថ្លែងថា វិស័យ​កសិកម្ម​បាន​ចូលរួម​ចំណែក​ច្រើន​គួរសម​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា និង​ជា​វិស័យ​អាទិភាព​មួយ​របស់​រដ្ឋាភិបាល ក្នុង​ការ​ជំរុញ​កំណើន និង​បង្កើត​ការងារ។ 

លោក​ជំទាវ​បន្ត​ថា វិស័យ​កសិកម្ម​នៅ​មាន​ភាព​ប្រឈម​ជា​ច្រើន ប៉ុន្តែ ថា ភាព​ប្រឈម​ទាំង​នេះ​ ក៏​ជា​ឱកាស​សម្រាប់​ក្រុមហ៊ុន​អាមេរិក​ក្នុង​ការ​វិនិយោគ​ផង​ដែរ។

ទន្ទឹម​នឹង​នេះ តំណាង​ក្រុមហ៊ុន​ធំៗ​របស់​អាមេរិក ក៏​បាន​សម្ដែង​សុទិដ្ឋិនិយម​ចំពោះ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ផងដែរ។ 

លោក Stuart Damien Moxham តំណាង​ក្រុមហ៊ុន JOHN DEERE ជាក្រុមហ៊ុន​ផលិត​គ្រឿងចក្រ​បម្រើ​វិស័យ​កសិកម្ម សំណង់​ និង​រុក្ខា​ប្រមាញ់​ ចំណាស់​ជាង ១៨០ឆ្នាំ ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ​ប្រាប់​អ្នក​សារព័ត៌មានថា ៖ «រដ្ឋាភិបាល​កម្ពុជា​គាំទ្រ​វិស័យ​កសិកម្ម​ដោយ​ការ​មិន​យក​ពន្ធ​លើ​ផលិតផល​នាំចូល ដូច្នេះ យើង​ឃើញ​ថា កម្ពុជា​ជា​កន្លែង​ល្អ​សម្រាប់​រកស៊ី។ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ យើង​ឃើញ​ទីផ្សារ​កសិកម្ម​បាន​រីក​លូតលាស់​គួរ​ឲ្យ​កត់​សម្គាល់។ ខ្ញុំ​គិត​ថា កម្ពុជា​មាន​បរិយាកាស​ធុរកិច្ច​ល្អ​សម្រាប់​វិស័យ​កសិកម្ម​នេះ»។

លោក Bruce W. Blakeman តំណាងក្រុមហ៊ុន Cargill ថ្លែងថា ៖ «យើង​មក​នេះ គឺ​យើង​​មើល​ទៅ​លើ​ដំណាំ​ណា​ដែល​កម្ពុជា​ធ្វើ​បាន​ល្អ​លើ​ទីផ្សារ​អន្តរជាតិ និង​ជួយ​កសិករ និង​ផលិតករ​លើក​កម្ពស់​គុណភាព​ផលិតផល​ឲ្យ​ត្រូវ​នឹង​ស្តង់ដារ​អន្តរជាតិ ដើម្បី​យើង​អាច​នាំចេញ​ផលិតផល​ពី​កម្ពុជា​ទៅ​កាន់​ពិភពលោក»។

សហរដ្ឋអាមេរិកគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយ និងជាទីផ្សារធំបំផុតសម្រាប់ការនាំចេញរបស់​កម្ពុជា។ ឆ្នាំ២០១៧ ពាណិជ្ជកម្មទ្វេភាគីរវាងសហរដ្ឋអាមេរិក និងកម្ពុជា សម្រេចបានទឹកប្រាក់សរុប ៣ពាន់ ៥រយលានដុល្លារអាមេរិក។ 

ឆ្នាំ២០១៧ ដដែល កម្ពុជានាំទំនិញចេញទៅអាមេរិក តម្លៃ ៣ពាន់ ១លានដុល្លារអាមេរិក និងនាំចូលពីអាមេរិកមកវិញ ក្នុងតម្លៃទឹកប្រាក់ ៤០០លានដុល្លារអាមេរិក៕

None



អត្ថបទបន្ទាប់


អាជ្ញាធរថៃ បន្តវិធានការក្ដៅ បោសសម្អាតអាជីវកម្មលក់ដូរតាមចិញ្ចើមផ្លូវ ក្នុងទីក្រុងបាងកក

យ៉ាងហោចណាស់ កាលពីពេលកន្លងទៅ អាជីវកម្មលក់ដូរតាមចិញ្ចើមផ្លូវជាង ២០ម៉ឺនអាជីវកម្មនៅក្នុងទីក្រុង ត្រូវបានអាជ្ញាធរថៃ បោសសម្អាតចេញពីផ្លូវ មិនឲ្…

វៀតណាមរំពឹងថា កម្រិតបំណុលសាធារណៈនឹងថយចុះ ២,៣% នៅឆ្នាំនេះ

រំលងតែ១ខែប៉ុណ្ណោះ របស់រដ្ឋាភិបាលវៀតណាម បានព្យាករជាថ្មីថា កម្រិតបំណុលសាធារណៈប្រទេសនេះ អាចនឹងថយចុះមកនៅ តែជាង ៦១% ប៉ុណ្ណោះនៃ GDP ខណៈដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ