វិធានការនេះជាជំហានដែលធ្វើឡើងដោយរដ្ឋបាលរបស់ប្រធានាធិបតី ជូ បៃដិន (Joe Biden) រួមទាំងការផ្អាកលើការប្រមូលប្រាក់កម្ចីសិក្សាសម្រាប់សិស្សនិស្សិតស្ទើរតែទាំងអស់។ គេនៅចាំថា នៅក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតកាលពីឆ្នាំ២០២០ លោក បៃដិន (Biden) បានអំពាវនាវឱ្យលុបចោលបំណុលកម្ចីសិក្សាសម្រាប់និស្សិតចំនួន ១ម៉ឺនដុល្លារ សម្រាប់អ្នកខ្ចីម្នាក់ៗ ដែលសរុបទៅទឹកប្រាក់លើការលុបចោលកម្ដីនេះ មានច្រើនជាង ៤០០ ពាន់លានដុល្លារអាមេរិកឯណោះ។
ចាប់តាំងពីគាត់ត្រូវបានជាប់ឆ្នោតមក សេតវិមានបាននិយាយថា សភាត្រូវតែចាត់វិធានការសម្រាប់ការផ្តល់ប្រាក់កម្ចីដល់និស្សិតឱ្យកាន់តែទូលំទូលាយផងដែរ។ ជាមួយគ្នានេះ រដ្ឋាភិបាលបាននិយាយថា យ៉ាងហោចណាស់អ្នកខ្ចី ៤ម៉ឺននាក់ នឹងទទួលបានការលុបចោលបំណុលភ្លាមៗក្រោមកម្មវិធីអនុគ្រោះសេវាកម្ចីសាធាណៈ (Public Service Loan Forgiveness)នេះ ។
លើសពីនេះ នាយកដ្ឋានអប់រំបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកខ្ចីជាច្រើនពាន់នាក់ដែលមានប្រាក់កម្ចីចាស់ក៏នឹងទទួលបានការលើកលែង តាមរយៈការអនុគ្រោះកាត់ប្រាក់ចំណូលសម្រាប់ការទូទាត់សងបំណុល រួមទាំងអ្នកខ្ចី ៣លាន៦សែន នាក់ផ្សេងទៀត នឹងទទួលបានឥណទានបន្ថែម យ៉ាងហោចណាស់បីឆ្នាំផងដែរ។
ជាងនេះទៅទៀត បំណុលសិក្សារបស់និស្សិតត្រូវបានគេមើលឃើញថា ជាការធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ច ហើយវាដាក់បន្ទុកលើអ្នកជំនាញវ័យក្មេងអស់រយៈពេលជាច្រើនឆ្នាំបន្ទាប់ពីបញ្ចប់ការសិក្សា ខណៈពេលដែលលទ្ធភាពទទួលបានប្រាក់កម្ចីទូលំទូលាយ ក៏បានជំរុញឲ្យតម្លៃសម្រាប់ការសិក្សាមានការកើនឡើងកាន់តែខ្លាំងដែរ។
សូមជម្រាបថា នៅអាមេរិកចំនួនសិស្សនិស្សិតមានកម្ចីសិក្សានេះ ប្រហែល ៤៣លាន ៤សែននាក់ ហើយពួកគេទាំងនេះ កំពុងមានបំណុលសរុប ១,៦ ទ្រីលានដុល្លារ ពោលគឺជាមធ្យមនិស្សិតម្នាក់មានជាប់បំណុលសិក្សានេះច្រើនជាង ៣ម៉ឺន៧ពាន់ដុល្លារ។ នេះបើយោងតាមទិន្នន័យពីស្ថាប័នគំនិតផ្តួចផ្តើមទិន្នន័យអប់រំរបស់អាមេរិក។
នាយកដ្ឋានអប់រំអាមេរិកបានបន្តថា រដ្ឋបាល លោក បៃដិន បានលុបចោលបំណុលជាង ១៧ ពាន់លានដុល្លារសម្រាប់អ្នកខ្ចី ជាង ៧២ម៉ឺននាក់ ក្នុងឆ្នាំដំបូងគ្រាដែលលោកបានកាន់តំណែងជាប្រធានាធិបតី ហើយរដ្ឋាភិបាលអាមេរិកក៏កំពុងបន្តការផ្អាកលើការសងប្រាក់កម្ចី ដែលបានផ្តល់ការអនុគ្រោះបណ្តោះអាសន្នយ៉ាងហោចណាស់សម្រាប់អ្នកខ្ចី ៤១ លាននាក់ផងដែរ៕
អត្ថបទ៖ ម៉ុន សុកែវ