ហេតុអ្វីក៏ការផ្ដល់វិភាគទានរបស់អាមេរិកទៅអង្គការសុខភាពពិភពលោកធ្លាក់ចុះ នៅអំឡុងមេរោគរាតត្បាតយ៉ាងដូច្នេះ? ការធ្លាក់ចុះនេះ គឺដោយសារតែកាលពី២ឆ្នាំកន្លងទៅនេះ អតីតប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ បានសម្រេចកាត់បន្ថយប្រាក់ឧបត្ថម្ភទៅឲ្យអង្គការនេះ ដ្បិតថាកាលនោះ លោកត្រាំ បានស្ដីបន្ទោសទៅលើការគ្រប់គ្រងរបស់អង្គការសុខភាពពិភពលោក ដែលបណ្ដោយឲ្យមានមេរោគកូវីដ១៩ការរីករាលដាលពាសពេញពិភពលោក រួមទាំងសហរដ្ឋអាមេរិក ហើយលោកត្រាំក៏បានចោទប្រកាន់អង្គការសុខភាពពិភពលោកចំៗទៀតថា បានជួយការពារប្រទេសចិន ជុំវិញនឹងរឿងដ៏រកាំរកូសអំពីប្រភពដើមកូវីដ១៩ជាដើម។
បើទោះបីជា នៅអាណត្តិលោកដូណាល់ត្រាំបានកាត់បន្ថយការផ្ដល់ប្រាក់ទៅឲ្យអង្គការសុខភាពពិភពលោកនៅរយៈពេល២ឆ្នាំកន្លងមកនេះក៏ដោយ ប៉ុន្ដែ ចូលដល់អាណត្តិលោកចូ បៃឌិន កញ្ចប់ថវិកាផ្ដល់ជូនអង្គការសុខភាពពិភពលោកក៏ចាប់ផ្ដើមបង្កើនឡើងវិញ នៅក្នុងរយៈពេល២ឆ្នាំខាងមុខនេះ ជាមួយនឹងការសន្យាកាលពីខែធ្នូកន្លងទៅនេះថា នឹងផ្ដល់ថវិកាបន្ថែម ២៨០លានដុល្លារអាមេរិក។
ទោះជាបែបនេះក្ដី រដ្ឋបាលលោក ចូ បៃឌិន នៅតែមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ ក្នុងការបង្ហាញពីការគាំទ្ររបស់ទីក្រុងវ៉ាស៊ិនតោននាពេលអនាគតចំពោះអង្គការសុខភាពពិភពលោកនេះ។ កាលពីឆ្នាំ២០២០-២០២១ អង្គការសុខភាពពិភពលោកធ្លាប់បានទទួលថវិកាគាំទ្រពីអាមេរិកជាង ៦៧០លានដុល្លារអាមេរិក សម្រាប់ពីឆ្នាំ២០១៨-២០១៩មានដល់ទៅជាង ៨៩០លានដុល្លារ ពោលគឺមានការថយចុះជាង ២០០លានដុល្លារ ខណៈដែលអង្គការសុខភាពពិភពលោក ក៏កំពុងគ្រប់គ្រង និងបង្កើនមូលនិធិបន្ថែមពីម្ចាស់ជំនួយផ្សេងៗទៀតផងដែរ។ តាមរយៈតួលេខនេះ បង្ហាញថា សហរដ្ឋអាមេរិកលែងជាកំពូលប្រទេសអ្នកផ្ដល់ជំនួយទៅឲ្យអង្គការសុខភាពពិភពលោកតទៅទៀតហើយ ដោយប្រទេសអាល្លឺម៉ង់បានចូលមកជំនួសតំណែងអាមេរិកវិញម្ដង។
ជាក់ស្ដែង នៅ២ឆ្នាំចុងក្រោយកន្លងទៅនេះ អាល្លឺម៉ង់បានផ្ដល់ថវិកាជាង១ពាន់លានដុល្លារទៅឲ្យអង្គការសុខភាពពិភពលោក។ ស្របពេលដែលអាមេរិកធ្លាក់មកឈរក្នុងតំណែងលេខ២ក្នុងនាមជាម្ចាស់ជំនួយធំរបស់អង្គការសុខភាពពិភពលោកនោះ មូលនិធិ Bill and Melinda Gate របស់មហាសេដ្ឋីអាមេរិក Bill Gates និងអតីតភរិយា គឺបានឈរក្នុងតំណែងលេខ៣ ដោយបានផ្ដល់ថវិកាដល់ធនាគារពិភពលោកសរុប ជាង៥៨០លានដុល្លារនៅពីរឆ្នាំកន្លងមកនេះ។
សូមបញ្ជាក់ថា អតីតប្រធានាធិបតីអាមេរិក លោក ដូ ណាល់ត្រាំ បានកាត់បន្ថយមូលនិធិផ្ដល់ឲ្យអង្គការសុខភាពពិភពលោកក្នុងពេលលោកកាន់តំណែង ព្រមទាំងចង់ដកអាមេរិកចេញពីសមាជិកអង្គការសុខភាពពិភពលោកផងដែរ ដោយលោកត្រាំ ចោទថា អង្គការអន្តរជាតិមួយនេះ មានការជិតស្និទ្ធខ្លាំងជាមួយប្រទេសចិន ហើយបរាជ័យក្នុងការគ្រប់គ្រងការរាតត្បាតនៃមេរោគនៅក្នុងដំណាក់កាលដំបូង៕