ប្រសិនបើមិនមានប្រាក់សម្រាប់ចំណាយបន្ថែមទេ វាអាចនាំឱ្យរដ្ឋាភិបាលអាមេរិក នឹងអាចប្រឈមជួបបញ្ហាខ្វះសាច់ប្រាក់ ដែលអាចនឹងយ៉ាងយូរពីរទៅបីខែទៀតប៉ុណ្ណោះ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោកស្រី ចេនេត យ៉េលលិន (Janet Yellen) បានជូនដំណឹងដល់ប្រធានសភាអាមេរិក លោក ខេវិន ម៉េកខាស៊ី Kevin McCarthy ថា ក្រសួងបានចាប់ផ្តើមប្រើប្រាស់វិធានការគ្រប់គ្រងសាច់ប្រាក់ ហើយដែលវិធានការនេះអាចទប់ទល់បានយ៉ាងយូរត្រឹមថ្ងៃទី៥ខែមិថុនាប៉ុណ្ណោះ។ ប៉ុន្តែលោកស្រីបន្ថែមថា កាលបរិច្ឆេទនេះ គឺមិនមានភាពប្រាកដប្រជាឡើយ ដោយសារតែគេពិបាកនឹងការព្យាករ ចំណូលចំណាយរបស់រដ្ឋាភិបាលអាមេរិកនាពេលអនាគតណាស់។
ដោយឡែក គណបក្សសាធារណរដ្ឋមានបំណងពន្យារពេលឲ្យបានយូរជាងនេះសិន ដើម្បីឲ្យក្រសួងហិរញ្ញវត្ថុ អាចពិនិត្យមើលគម្រោងចំណាយរបស់ប្រធានាធិបតេយ្យអាមេរិក លោក ចូ បៃឌិន និងក៏ដូចជាព្រឹទ្ធសភា ដែលដឹកនាំដោយបក្សប្រជាធិបតេយ្យ។
យ៉ាងណាក៏ដោយចុះ លោកស្រី យ៉េលលិន បានផ្ញើរលិខិតអំពាវនាវទៅកាន់ថ្នាក់ដឹកនាំសភាឲ្យសហការគ្នា ដើម្បីការពារគោលជំហរសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកឲ្យបានពេញលេញដូចការរំពឹងទុក។ ប៉ុន្តែ មកទល់ពេលនេះ គឺគ្មានសញ្ញាអើពើណាមួយពីគណបក្សណាមួយក្នុងសភាឡើយ។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិករូបនេះ កំពុងព្រួយបារម្ភថា ការមិនចុះសម្រុងគ្នានៅសភា អាចធ្វើឱ្យអាមេរិកជួបញ្ហាអស់សាច់ប្រាក់សម្រាប់ចំណាយ ពិដានខ្ចីប្រាក់ក៏ដល់កំរិតកំណត់ ខណៈសមាជិកសភាទាំងពីរបក្ស ពិបាកស្រុះស្រួលគ្នាក្នុងការដំឡើងពិដានកម្ចីបន្ថែម។
បើតាមសមាជិកសភាអាមេរិក លោក ឈីប រ៉យ (Chip Roy) បានប្រាប់គូសបញ្ជាក់ដែរថា រដ្ឋាភិបាលអាមេរិកមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងបំណុល និងបង់ការប្រាក់ ប៉ុន្តែគេក៏មិនគួរបង្កើនកម្រិតបំណុល ឲ្យខ្ពស់ហួសហេតុពេកនោះដែរ។ លោកបានបន្ថែមទៀតថា អាមេរិក បាននិងកំពុងប្រឈមមុខការរអិលធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចរួចហើយ ដូចនេះលុះត្រាតែមានការសហការគ្នារវាងគោលនយោបាយរូបិយវត្ថុ និងគោលនយោបាយសារពើពន្ធប៉ុណ្ណោះ ទើបអាចជួយបន្ធូរបន្ថយបំណុលដ៏ច្រើនបែបនេះបាន។
សូមជម្រាបថា សភាអាមេរិកបានអនុម័តឱ្យមានការកំណត់លើកម្រិតបំណុលប្រចាំឆ្នាំ តាំងតែពីឆ្នាំ១៩៣៩មកម្ល៉េះ ដោយវាមានគោលបំណងបញ្ឈប់ការកើនឡើងដ៏លើសលុបនៃបំណុលជាតិអាមេរិក ប៉ុន្តែវិធានការនេះមិនបានផលនោះទេ ព្រោះការអនុវត្តជាក់ស្តែង សភាបានធ្វើការកំណត់កម្រិតផ្សេងមួយទៀត ដាច់ដោយឡែក ពីកម្រិតបំណុលចាស់ ដោយហេតុថា ខ្ទង់ចំណាយចេះតែបន្តមានច្រើនជារៀងរាល់ឆ្នាំ បើទោះបីពីមួយឆ្នាំទៅមួយឆ្នាំ អាមេរិកបន្តដំឡើងថវិកាជាតិសម្រាប់ឆ្នាំសារពើពន្ធរបស់ខ្លួនយ៉ាងណាក្តី៕