សេដ្ឋកិច្ចអាមេរិក

តើនឹងមានអ្វីកើតឡើងចំពោះសេដ្ឋកិច្ចអាមេរិក ប្រសិនបើការដំឡើងពិដានបំណុលបរាជ័យ?


បញ្ហាជាប់គាំងនៃផែនការដំឡើងពិដានបំណុលរបស់រដ្ឋាភិបាលអាមេរិក កំពុងក្លាយជាកត្តាប្រឈមខ្លាំងមួយសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ១ក្នុងពិភពលោកមួយនេះ។ បច្ចុប្បន្ន បំណុលរបស់សហរដ្ឋអាមេរិកបានកើនដល់ជាង៣១,៤ទ្រីលានដុល្លារអាមេរិកហើយ ប៉ុន្ដែ រដ្ឋាភិបាលអាមេរិកក៏នៅតែត្រូវការខ្ចីបំណុលបន្ថែមទៀត ដើម្បីយកមកទូទាត់លើការចំណាយនានា បើមិនដូច្នោះទេ រដ្ឋាភិបាលលោកចូបៃឌិន នឹងត្រូវជួបវិបត្តិខ្វះសាច់ប្រាក់នៅប៉ុន្មានខែខាងមុខនេះជាក់ជាមិនខានឡើយ។
តើនឹងមានអ្វីកើតឡើងចំពោះសេដ្ឋកិច្ចអាមេរិក ប្រសិនបើការដំឡើងពិដានបំណុលបរាជ័យ?

ការដំឡើងពិដានបំណុលបន្ថែមកំពុងតែនៅគាំងស្ដូក ដ្បិតថា ប្រធានសភាអាមេរិក លោក ម៉ាកខេធី ដែលមកពីគណបក្សសាធារណរដ្ឋ មិនព្រមធ្វើតាមការស្នើរបស់ប្រធានាធិបតី ចូ បៃឌិនដែលមកពីគណបក្សប្រជាធិបតេយ្យនោះឡើយ ដោយលោក ម៉ាកខេធី នៅតែទាមទារឲ្យរដ្ឋបាលលោកចូបៃឌិន ត្រូវកាត់បន្ថយចំណាយរបស់ខ្លួនឲ្យតិចជាងមុន។ តើនឹងមានអ្វីកើតឡើងចំពោះសេដ្ឋកិច្ចអាមេរិក ប្រសិនជាផែនការដំឡើងពិដានបំណុល ត្រូវបរាជ័យ?

លោក ចូ បៃឌិន និងលោក ម៉ាកខេធី បានជួបគ្នាកាលពីថ្ងៃទី១០ខែឧសភា ក្នុងការចរចា ដើម្បីឲ្យមានការដំឡើងពិដានបំណុល ប៉ុន្ដែ ការពិភាក្សានោះ មិនបានទទួលបានលទ្ធផលនោះទេ។ ខណៈដែលការចរចាមិនមានលទ្ធផល ប្រធានាធិបតីចូបៃឌិន បានដាក់សម្ពាធបន្ថែមទៀតទៅកាន់សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ ដើម្បីពន្លឿនការសម្រេចផែនការដំឡើងពិដានបំណុលនេះឲ្យបានឆាប់ បើមិនដូច្នេះទេ ហានិភ័យនឹងកើតមានឡើងចំពោះសេដ្ឋកិច្ចអាមេរិក ដោយនឹងធ្លាក់ចូលក្នុងវិបត្តិ ដែលអាចធ្វើឲ្យបាត់បង់ការងារពលរដ្ឋរាប់ពាន់នាក់។ នេះបើតាមការព្រមានរបស់លោកចូបៃឌិន កាលពីថ្ងៃទី ១០ឧសភា។

យ៉ាងណាមិញ បើតាមការអះអាងរបស់ក្រសួងហិរញ្ញវត្ថុអាមេរិក រដ្ឋាភិបាលនឹងត្រូវអស់លទ្ធភាពក្នុងការទូទាត់ការចំណាយនានា នៅត្រឹមដើមខែមិថុនាខាងមុខនេះ ប្រសិនបើមិនមានការដំឡើងពិដានបំណុល សម្រាប់បើកផ្លូវឲ្យមានការខ្ចីមូលនិធិបន្ថែមទេនោះ។

តើអ្វីជាសេណារីយ៉ូអាក្រក់បំផុត ប្រសិនបើរដ្ឋាភិបាលអាមេរិកមិនអាចដំឡើងពិដានបំណុល?

សហរដ្ឋអាមេរិកនៅពេលនេះ នៅមានពេលវេលាតែប៉ុន្មានសប្ដាហ៍ទៀតប៉ុណ្ណោះ ក្នុងការដោះស្រាយបញ្ហានេះ ខណៈដែលក្រុមអ្នកនយោបាយមកពីគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យកំពុងដេញជាន់កែងគ្នាជុំវិញរឿងនេះ រកចំណុចស្រុះស្រួលគ្នាមិនទាន់បាននៅឡើយ។

បើតាមលោក Bernard Yaros ជំនួយការនាយកផ្នែកវិភាគនៅឯស្ថាប័នស្រាវជ្រាវ និងវាយតម្លៃសេដ្ឋកិច្ច Moody’s បានបញ្ជាក់នៅក្នុងបទសម្ភាសន៍មួយជាមួយនឹងទូរទស្សន៍ Al Jazeera ថា ចំពោះស្ថានភាព ក្នុងករណីពិដានបំណុលមិនត្រូវបានដំឡើងទេនោះ វានឹងធ្វើឲ្យមានការកើតមាននូវភាពជ្រួលច្របល់ភ្លាមៗនៅក្នុងសេដ្ឋកិច្ចអាមេរិក ហើយបន្ទាប់មក វានឹងរុញឲ្យធ្លាក់ចូលទៅក្នុងមាត់ជ្រោះនៃវិបត្តិសេដ្ឋកិច្ច ទៅតាមលំដាប់លំដោយដូចទៅនឹងវិបត្តិហិរញ្ញវត្ថុកាលពីឆ្នាំ២០០៨ដែរ។ ក្នុងសេណារីយ៉ូនេះ រដ្ឋាភិបាលអាមេរិក នឹងត្រូវកាត់បន្ថយចំណាយរបស់ខ្លួនភ្លាមៗ។ លោក Yaros បន្ថែមថា នៅពេលមានកាត់បន្ថយចំណាយទាំងនេះ វានឹងធ្វើឲ្យប៉ះពាល់យ៉ាងច្រើនលើសលុបចំពោះកំណើនសេដ្ឋកិច្ច។

ជាផ្នែកមួយដែលអាចកើតឡើងក្រោមសេណារីយ៉ូនេះ វានឹងធ្វើឲ្យទីផ្សារហិរញ្ញវត្ថុស្ថិតក្នុងភាពចលាចល អត្រាការប្រាក់នឹងកើនឡើងកាន់តែខ្លាំងថែមទៀត ហើយភាពរឹងមាំនៃប្រាក់ដុល្លារក៏នឹងដាំក្បាលចុះផងដែរ។ នេះបើតាមការអះអាងរបស់លោក Lawrence J White សាស្ត្រាចារ្យសេដ្ឋកិច្ចនៃសាកលវិទ្យាល័យញ៉ូវយក ដែលបានបញ្ជាក់នៅក្នុងសារព័ត៌មាន Al Jazeera ដោយលោកបានបញ្ជាក់បន្ថែមថា បញ្ហាចលាចលទីផ្សារហិញ្ញវត្ថុនេះ វានឹងអាចបន្ដនៅទូទាំងពិភពលោក។

យ៉ាងណាមិញ បើទោះបីជា សហរដ្ឋអាមេរិក អាចនឹងជួបបរាជ័យលើការទូទាត់សងបំណុលរបស់ខ្លួននៅក្នុងរយៈពេលខ្លីក៏ដោយ វាក៏នៅតែបង្កផលវិបាកដល់សេដ្ឋកិច្ចដូចគ្នាដែរ។ បើតាមលោក White ពិភពលោកនឹងលែងជឿជាក់លើ ក្រសួងហិរញ្ញវត្ថុអាមេរិកដូចពីមុនតទៅទៀត ហើយវានឹងធ្វើឲ្យមនុស្សជាច្រើនស្ទាក់ស្ទើរក្នុងការទិញមូលបត្រ ដែលបោះផ្សាយលក់ ឬធានាដោយរដ្ឋាភិបាលអាមេរិក។ ជាមួយគ្នានេះ ប្រាក់ដុល្លារអាមេរិក ក៏អាចបន្ដធ្លាក់ចុះ ដោយសារតែការបាត់បង់ទំនុកចិត្តផងដែរ។

យ៉ាងណាក៏ដោយចុះ ទាំងនេះ វាគ្រាន់តែជាសេណារីយ៉ូ ដែលបានលើកឡើងដោយក្រុមអ្នកជំនាញសេដ្ឋកិច្ច ក្នុងករណីដែលសហរដ្ឋអាមេរិកបរាជ័យលើការដំឡើងពិដានបំណុលតែប៉ុណ្ណោះ។ ប៉ុន្ដែ អ្នកជំនាញនៅតែមានភាពជឿជាក់ថា រដ្ឋាភិបាលអាមេរិកនឹងអាចដោះស្រាយវាបាន ដ្បិតរឿងនេះ គឺស្ថិតក្នុងរូបភាពនយោបាយតែប៉ុណ្ណោះ។ យ៉ាងណាមិញ លោកចូ បៃឌិនប្រធានាធិបតីអាមេរិក និងលោក ម៉ាកខេធី ប្រធានសភាអាមេរិក នឹងជួបគ្នាម្ដងទៀតនៅថ្ងៃទី ១២ ខែឧសភានេះ ដើម្បីបន្ដពិភាក្សាស្វែងរកដំណោះស្រាយជុំវិញរឿងពិដានបំណុលនេះ៕




អត្ថបទបន្ទាប់


រដ្ឋបាលខេត្តកែបកំពុងជំរុញវិនិយោគិនឲ្យពន្លឿនការអភិវឌ្ឍកោះមួយចំនួនក្នុងខេត្ត

ព័ត៌មាន
រដ្ឋបាលខេត្តកែប បាននិងកំពុងកែប្រែនូវមុខមាត់ថ្មី តាមរយៈការអភិវឌ្ឍកោះមួយចំនួន ក្នុងចំណោមកោះទាំង១២ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍។ បើថ្នាក់…

ក្រុមហ៊ុន Smart Axiata និងធនាគារ PPC Bank ចុះកិច្ចព្រមព្រៀងភាពជាដៃគូក្នុងការផ្តល់ ស៊ីម Smart Travellers ជូនភ្ញៀវទេសចរណ៍អន្តរជាតិ

ព័ត៌មាន
ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា និងធនាគារពាណិជ្ជកម្មដែលកំពុងលេចធ្លោPPCBankបានចុះហត្ថលេខាលើកិច្ចព្រម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ