នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
យោងតាមការប្រកាសរបស់ក្រសួងពាណិជ្ជកម្មអាមេរិក ដែលជាអ្នកគ្រប់គ្រងនយោបាយការនាំចេញអាមេរិកបានឱ្យដឹងថា ក្រុមហ៊ុន និងអង្គភាពសរុបចំនួន២៨របស់ប្រទេសចិន និងរុស្ស៊ី រួមទាំងហ្វាំងឡង់ និងអាល្លឺម៉ង់មួយចំនួនផង ត្រូវបានអាមេរិកដាក់ចូលក្នុងបញ្ជីខ្មៅ។ ទណ្ឌកម្មនេះ នឹងធ្វើឱ្យក្រុមហ៊ុនផ្គត់ផ្គង់អាមេរិកពិបាកដឹកជញ្ជូនបច្ចេកវិទ្យាទៅឱ្យក្រុមហ៊ុនទាំងនោះដែរ។ ក្រុមហ៊ុន៩ក្នុងចំណោមនោះ គឺជាក្រុមហ៊ុនរបស់ចិន និងរុស្ស៊ី ដែលត្រូវបានអាមេរិករកឃើញថា បានពាក់ព័ន្ធដោយផ្គត់ផ្គង់បច្ចេកវិទ្យាដ្រូនទៅឱ្យក្រុមហ៊ុនមជ្ឈមណ្ឌលបច្ចេកវិទ្យាពិសេសរបស់រុស្ស៊ី ដែលស្ថិតក្នុងបញ្ជីខ្មៅអាមេរិករួចទៅហើយ។
ការស៊ើបអង្កេតមួយបានរកឃើញថា ក្រុមហ៊ុននាំចេញ (Asia Pacific Links Ltd) ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង គឺជាអ្នកផ្គត់ផ្គង់ដ៏សំខាន់បំផុតសម្រាប់កម្មវិធីដ្រូនរបស់រុស្ស៊ី។ ក្រុមហ៊ុននេះ រួមជាមួយនឹងក្រុមហ៊ុននាំចូល SMT iLogic គឺជាគោលដៅនៃការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកកាលពីខែឧសភា។ លោក អាឡេន អេស្ទីវេស (Alan Estevez) ប្រធាននាយកដ្ឋាននាំចេញរបស់ក្រសួងពាណិជ្ជកម្មអាមេរិកថា អាមេរិកមិនស្ទាក់ស្ទើរក្នុងការចាត់វិធានការតឹងរ៉ឹង និងមានន័យចំពោះអ្នកដែលបន្តគាំទ្រសង្គ្រាម ពូទីន ដោយខុសច្បាប់ក្នុងប្រទេសអ៊ុយក្រែននោះទេ។
ក្រៅពីនោះ ក្រុមហ៊ុនចិនចំនួនប្រាំមួយផ្សេងទៀត ត្រូវបានអាមេរិកប្រកាសថា បានទិញគ្រឿងបន្លាស់អវកាសពីក្រុមហ៊ុនផលិតយន្តហោះអ៊ីរ៉ង់។ ក្រុមហ៊ុននេះធ្លាប់បានបង្កើតយន្តហោះដ្រូនឱ្យយោធាអ៊ីរ៉ង់ប្រើ ដើម្បីវាយប្រហារនាវាដឹកប្រេងនៅមជ្ឈិមបូព៌ា និងរុស្ស៊ីប្រើនៅអ៊ុយក្រែនទៀតផង។ នេះបើយោងតាមក្រសួងពាណិជ្ជកម្មអាមេរិក។ បន្ថែមពីនេះ ក្រុមហ៊ុនហ្វាំងឡង់ចំនួនបី និងក្រុមហ៊ុនអាឡឺម៉ង់មួយ ត្រូវបានបញ្ជូលទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជុំវិញគម្រោងនេះ។ រីឯ ក្រុមហ៊ុនប្រាំពីរផ្សេងទៀតជារបស់ប៉ាគីស្ថាន ពីរមកពីអូម៉ង់ និងមួយមកពីអារ៉ាប់រួម (UAE) ក៏ត្រូវបានដាក់ទណ្ឌកម្មកាលពីថ្ងៃចន្ទនោះផងដែរ៕