ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានឲ្យដឹងថា អាមេរិកបាននាំចូលស្វាយពីវៀតណាមសរុបជាង២ពាន់តោន ដែលមានតម្លៃជាទឹកប្រាក់ជាង៤លាន៦សែនដុល្លារអាមេរិក កាលពីឆ្នាំមុន ហើយបើធៀបនឹងបរិមាណនាំចេញកាលពីឆ្នាំ២០១៩ គឺមានការកើនឡើង ៦៦%។ ជាមួយគ្នានោះ ផ្លែស្វាយស្រស់វៀតណាមដែលបាននាំចេញទៅអាមេរិកមានជាង១ពាន់តោន និងជិត១ពាន់តោនទៀតជាស្វាយក្លាសេបង្កក ។ ចំនួននាំចេញស្វាយស្រស់នេះ មានការកើនឡើងជិត៤០% បើធៀបនឹងឆ្នាំ២០១៩។
ស្វាយរបស់វៀតណាមទទួលបានអាជ្ញាបណ្ណនាំចូលទៅអាមេរិកជាផ្លូវការកាលពីឆ្នាំ២០២០ ហើយមានក្រុមហ៊ុនជាច្រើនបាននាំចេញស្វាយទៅអាមេរិក ប៉ុន្ដែការនាំចេញរបស់ពួកគេនៅតែមានតិចតួចនៅឡើយ ព្រោះការនាំចេញទៅអាមេរិកមានការរឹតត្បិតលើស្ដង់ដារខ្ពស់ណាស់។
ទោះយ៉ាងណា អ្នកជំនាញបាននិយាយថា អាមេរិកនឹងមានកំណើននាំចូលស្វាយក្នុងប្រទេសរបស់ខ្លួន៣%បន្ថែមទៀតក្នុងមួយឆ្នាំ ចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០២៥ ដែលវាជាការបើកឱកាសសម្រាប់អាជីវកម្មវៀតណាមពង្រីកចំណែកទីផ្សាររបស់ពួកគេបន្ថែមទៀត៕