អាមេរិក-ឥណ្ឌា-ចិន

ឥណ្ឌា​ចុះ​កិច្ចព្រមព្រៀង​វិស័យ​យោធា​ជាមួយ​​អាមេរិក ក្រោយ​ការប្រឈមមុខគ្នា​តាមព្រំដែនជាមួយចិន


សហរដ្ឋ​អាមេរិក​និង​ឥណ្ឌា​បាន​បញ្ជាក់​សាជាថ្មី​នូវ​ទំនាក់​ទំនង​វិស័យ​ការពារ​និង​សន្តិសុខ​របស់ពួកគេ នៅខណៈ​ដែល​ទីក្រុងវ៉ាស៊ីនតោន​បន្ត​ប្រមូល​សម្ព័ន្ធមិត្ត​នៅ​អាស៊ី នៅចំពេល​មាន​ការព្រួយបារម្ភ​អំពី​សកម្មភាព​យោធា​របស់​ចិន​ដែល​កំពុងកើនឡើង​នៅ​ក្នុងតំបន់។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់ CNN នាថ្ងៃទី២៧ តុលា ឆ្នាំ២០២០។
រដ្ឋមន្ត្រី​ការពារជាតិ, រដ្ឋមន្ត្រី​ការបរទេសអាមេរិក និងសមភាគី​ឥណ្ឌា​ទាំងពីរ ថ្លែង​ទៅកាន់​សន្និសីទ​កាសែត​ នាថ្ងៃទី២៧ តុលា ២០២០ នៅ​ទីក្រុង Hyderabad ឥណ្ឌា។ រូបថត AP
ដោយ

ក្នុង​សន្និសីទកាសែត​មួយ​នៅថ្ងៃអង្គារសប្ដាហ៍នេះ នៅ​រដ្ឋធានី​របស់​ឥណ្ឌា រដ្ឋមន្ត្រីការពារជាតិ​អាមេរិក​លោក Mark Esper និង​សមភាគី​ឥណ្ឌាលោក Rajnath Singh បាន​ប្រកាស​ឲ្យ​ដឹង​អំពី​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​មូលដ្ឋាន (BECA) ដែល​បើកផ្លូវ​​ដល់​ការ​បង្កើន​ការ​ចែករំលែក​ព័ត៌មាន​កាន់តែច្រើន​ថែមទៀត និង​កិច្ចសហប្រតិបត្តិការ​ការពារ​ជាតិ រវាង​ប្រទេស​ទាំងពីរ ។

រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក Esper បានមានប្រសាសន៍ថា “ទំនាក់ទំនង​ការពារជាតិ​រវាង​ប្រទេស​យើង​ទាំងពីរ [អាមេរិក-ឥណ្ឌា] នៅតែ​ជា​សសរ​ស្តម្ភ​ដ៏​សំខាន់​នៃ​ទំនាក់​ទំនង​ទ្វេភាគី​របស់​យើង។ ផ្អែកលើ​គុណ​តម្លៃ​រួម​និង​ផលប្រយោជន៍​រួម​របស់​យើង​ យើង​គាំទ្រ​រួមគ្នា​ដើម្បី​គាំទ្រឥណ្ឌូ-ប៉ាស៊ីហ្វិក​ដោយ​សេរី​និង​បើក​ចំហ សម្រាប់​ទាំង​អស់​គ្នា ជាពិសេស នៅចំពោះមុខ​សកម្មភាព​​ឈ្លានពាន​​ដែល​កើនឡើង និង​ការ​​បង្ក​អស្ថិភាព​ពី​សំណាក់​ប្រទេស​ចិន។"

រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌា លោក Singh បាន​និយាយថា កិច្ចព្រមព្រៀង​នេះ​បាន​ពង្រឹង​បន្ថែម​នូវ​ការប្តេជ្ញាចិត្ត​របស់​ភាគីទាំងពី [ឥណ្ឌា-អាមេរិក] ក្នុង​ការ​ធានា​"ការអនុវត្ត​ច្បាប់​និង​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​នៅ​លើ​សមុទ្រ​អន្តរជាតិ" ទន្ទឹមគ្នា​នឹង​ "ការ​ថែ​រក្សា​បូរណភាព​ទឹកដី​និង​អធិបតេយ្យភាព​របស់​រដ្ឋ​ទាំង​អស់ ។" 

ទាំង​ឥណ្ឌា​និង​អាមេរិក​គ្រោង​នឹង​ចូលរួម​សមយុទ្ធ​​នាវា​ចម្បាំង​ ម៉ាឡាបា ដែល​នឹង​ត្រូវធ្វើឡើង​នៅ​មហាសមុទ្រ​ឥណ្ឌា នៅ​ខែ​ក្រោយនេះ ។ សមយុទ្ធនេះ​នឹង​បង្ហាញ​ពី​សមាជិក​ទាំង​អស់​នៃ​សម្ព័ន្ធ​មិត្រ Quad ដែល​ជា​សម្ព័ន្ធមិត្ត​ក្រៅផ្លូវការ​របស់​សហរដ្ឋ​អាមេរិក ឥណ្ឌា ជប៉ុន និង​ អូស្ត្រាលី ដែលត្រូវបាន​មនុស្ស​មួយ​ចំនួន​ហៅថា “NATO នៅអាស៊ី” ដែល​បង្កើត​ឡើង​ក្នុង​គោលបំណង​ប្រឆាំង​តបត​នឹង​កម្លាំង​យោធា​របស់​ចិន​ នៅ​ក្នុង​តំបន់។

នៅក្នុង​កិច្ច​ប្រជុំ​មួយ​របស់ Quad កាលពីដើមខែនេះ នៅទីក្រុង​តូក្យូ ប្រទេស​ជប៉ុន រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក Mike Pompeo បាន​និយាយ​ប្រឆាំង​នឹង​“​ការបិទ​បាំង​របស់​បក្សកុំម្មុយនិស្ត​ចិន” នៅក្នុង​ដំណាក់កាល​ដំបូងៗ​នៃ​ជំងឺ​រាតត្បាតកូរ៉ូណា និង​បាន​និយាយ​ថា “ឥឡូវ​នេះ​ គឺ​សំខាន់​ជាង​ពេល​ណាៗ​ទាំងអស់ ដែល​យើង​ត្រូវ​សហការគ្នា​ដើម្បី​ការពារ​ប្រជាជន​និង​ដៃគូ​របស់​យើង​ពីការកេងប្រវ័ញ្ច អំពើពុករលួយ និង​ការបង្ខិត​បង្ខំ​របស់​ [បក្ស​កុំម្មុយនិស្តចិន] CCP ។"

ទន្ទឹមនឹងការវិវឌ្ឍថ្មី​ជុំវិញ​កិច្ចព្រមព្រៀង​វិស័យ​យោធា​រវាង​អាមេរិក​និង​ឥណ្ឌា និង​សមយុទ្ធ​នាវា​ចម្បាំង​​នៅ​មហាសមុទ្រ​ឥណ្ឌានាខែក្រោយនេះ សារព័ត៌មាន​ផ្លូវការរបស់​ចិន​ក៏​ឆ្លើយតប​ដោយ​វោហារសាស្ត្រ​ខ្លាំង​ៗ​ផងដែរ ។

នៅក្នុង​បទអត្ថាធិប្បាយ​មួយ​នៅសប្តាហ៍​នេះ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋចិន ស៊ីនហួ បាន​ប្រកាស​ថ្កោលទោស​ការ​ធ្វើសមយុទ្ធ​ម៉ាឡាបា ក្នុង​ពេល​ឆាប់ៗ​នេះ ដោយ​និយាយ​ថា នេះ​ជាភ័ស្ដុតាង​បង្ហាញ​ថា "Quad កំពុង​ធ្វើកិច្ចសហប្រតិបត្តិការ​ខាង​យោធា​និង​សន្តិសុខ ដើម្បី​ផលប្រយោជន៍​នយោបាយ​បម្រើ​ខ្លួន​ឯង ។"

ស៊ីនហួ បាន​និយាយ​ថា "សមាជិក Quad ចាំបាច់​ត្រូវដឹង​ថា ការប៉ុនប៉ង​ដើម្បី​ដាស់តឿន​គូប្រជែង​នៅក្នុង​តំបន់ គឺផ្ទុយនឹង​និន្នាការ​នៃ​សម័យកាល ហើយ​នឹង​មិន​ត្រូវបាន​ទទួល​យក​ដោយ​ប្រទេស​ធំៗ​នៅ​លើ​ពិភព​លោក​ឡើយ ។ ការប៉ុនប៉ង​របស់​ប្រទេស​ខ្លះ​ក្នុង​ការ​ផ្សព្វផ្សាយ​ផ្នត់គំនិត​​នៃ​សង្គ្រាម​ត្រជាក់ និងបង្កើត​ភាពវឹកវរ​នៅ​ក្នុង​តំបន់ គឺប្រៀប​បីដូចជា​ពួកគេ​នឹង​បាញ់​ជើង​ខ្លួនឯង​តែប៉ុណ្ណោះ ។"

នៅ​ក្នុង​សំណេរ​​លើបណ្តាញសង្គម Twitter នាសប្ដាហ៍នេះ ឆ្លើយតបទៅនឹង​អត្ថបទ​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឥណ្ឌា អំពី​របៀប​ដែល រដ្ឋាភិបាលក្រុង​ដេលី គួរ​ឱបក្រសោប​សម្ព័ន្ធ​មិត្ត Quad អ្នកការទូតចិន លោក Li Bijian បានសួរថា "តើ​អ្នក​ដឹង​ទេ​ថា តើនឹង​មាន​អ្វី​កើត​ឡើង​បន្ទាប់​ពី​ការលេង​ជាមួយ​ភ្លើង?" ៕ (ប្រភព ៖ CNN)




អត្ថបទបន្ទាប់


គម្រោង ខុនដូ Urban Village និង​ក្រុមហ៊ុន​អចលនទ្រព្យ AP នាំយក​អំណោយ​ទៅ​ចែក​ជូន​ជនរងគ្រោះ​ទឹកជំនន់​ក្នុង​ខណ្ឌដង្កោ​ក្នុង​យុទ្ធនាការ “រួបរួមគ្នា​ធ្វើ​ឲ្យ​កម្ពុជា​ប្រសើរ​ឡើង”​របស់​ខ្លួន

កាលពីថ្ងៃ​ចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០ គម្រោងខុនដូ Urban Village ជាគម្រោងខុនដូដែលមានការ បណ្ដាក់ទុនមកពីទីក្រុងហុងកុងធំជាងគេនៅកម្ពុជា នៅ…

រាជរដ្ឋាភិបាលកម្ពុជា អនុម័តគម្រោងថាមពលអគ្គិសនី តម្លៃជាង៨៣០ លានដុល្លារ

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុម័តគម្រោងវារីអគ្គិសនីចំនួន១ និងគម្រោងវិនិយោគអភិវឌ្ឍសាងសង់ខ្សែបណ្ដាញបញ្ជូនអគ្គិសនីចំនួន ២ ដែលមានតម្លៃសរុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ