អាមេរិកខ្វះការគាំទ្រផ្នែកភស្តុភារនៅតំបន់អាស៊ី

មន្ទីរបញ្ចកោណថា អាមេរិកខ្វះការគាំទ្រផ្នែកភស្តុភារនៅតំបន់អាស៊ី សម្រាប់ឆ្លើយតបបញ្ហាជម្លោះប្រដាប់អាវុធ


ឯកសារមួយរបស់មន្ទីរបញ្ចកោណនៅសហរដ្ឋអាមេរិកបានបង្ហាញថា ក្រសួងការពារជាតិអាមេរិកជឿជាក់ថា កងកម្លាំងសហរដ្ឋអាមេរិកកំពុងខ្វះសមត្ថភាពដឹកជញ្ជូនគ្រឿងភស្តុភារឱ្យបានគ្រប់គ្រាន់សម្រាប់តំបន់អាស៊ី ដើម្បីផ្ដត់ផ្គង់សម្ភារយោធា និងសព្វាវុធឡើងវិញឲ្យបានទាន់ពេលវេលា នៅក្នុងករណីមានជម្លោះប្រដាប់អាវុធកើតឡើងនៅក្នុងតំបន់។ នេះបើតាមការរាយការណ៍មួយដោយសារព័ត៌មានជប៉ុន Nikkei។
អាមេរិកខ្វះការគាំទ្រផ្នែកភស្តុភារនៅតំបន់អាស៊ី

ការ​វាយតម្លៃ​របស់​មន្ទីរ​បញ្ច​កោណ​អា​មេ​រិ​ក​នេះ គឺជា​ការ​កត់សម្គាល់​ពី​ភាព​បន្ទាន់​មួយ​ដែល​បាន​បង្ហាញ​នៅ​ក្នុង​ឯកសារ​រៀបចំ​ផែនការ សម្រាប់​កម្មវិធី​រយៈពេល​វែង គឺ​កម្មវិធី​ផ្ដួចផ្ដើម​កំញើញ​នៅ​តំបន់​ប៉ា​ស៊ី​ហ្វិ​ក​សហរដ្ឋអាមេរិក (US Pacific Deterrence Initiative_PDI) ដែល​គេ​បាន​ដាក់​ឲ្យ​សភា​ធ្វើការ​អនុម័ត​កាលពី​ពាក់កណ្តាល​ខែមេសា​កន្លង​ទៅ​នេះ​។

ឯកសារ​នេះ​បាន​បង្ហាញ​ថា គោល​ជំហរ​និង​សមត្ថភាព​ដឹក​ជញ្ជូន​គ្រឿង​ភស្តុ​ភារ​បច្ចុប្បន្ន ដើម្បី​ទ្រទ្រង់​កងកម្លាំង​អា​មេ​រិ​ក​នៅ​ក្នុង​តំបន់​អាស៊ី គឺ​មិន​គ្រប់គ្រាន់​ដល់​ការ​គាំទ្រ​ប្រតិបត្តិការ ជា​ពិសេស​នៅ​ក្នុង​បរិយាកាស​ប្រកួតប្រជែង​នោះ​ទេ​។

បន្ទាប់​ពី​គ្រឿង​ភស្តុ​ភារ​ត្រូវ​បាន​ដឹក​ជញ្ជូន​យក​ទៅ​ទប់ទល់​នឹង​រុ​ស្ស៊ី​ក្នុង​ពេល​ឈ្លានពាន​ទៅ​លើ​អ៊ុយ​ក្រែ​ន​នោះ មន្ទីរ​បញ្ច​កោណ​ក៏​បាន​ព្យាយាម​ដាក់​មេរៀន​នេះ ដើម្បី​ធ្វើការ​ថ្លឹងថ្លែង​សមត្ថភាព​ភស្ដុ​ភារ​កម្ម​យោធា​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​តែ​ម្ដង​។

កម្មវិធី​ផ្ដួចផ្ដើម​កំញើញ​នៅ​តំបន់​ប៉ា​ស៊ី​ហ្វិ​ក​សហរដ្ឋអាមេរិក PDI ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​មុន​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ជំហរ​ឥរិយាបថ និង​ការ​ត្រៀមខ្លួន​ជា​ស្រេច​របស់​យោធា​អា​មេ​រិ​ក​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​។ កម្មវិធី​នេះ​បាន​លៃ​ទុក​ថវិកា​ដោយឡែក ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​កើនឡើង​នូវ​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​។

មន្ទីរ​បញ្ច​កោណ​បាន​ប៉ាន់​ប្រមាណ​ថា កម្មវិធី PDI នឹង​ត្រូវការ​ថវិកា​ជាង ២៧ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ៥ ឆ្នាំ​ដោយ​ចាប់ផ្តើម​ពី​ឆ្នាំ​សារពើពន្ធ ២០២៣ ដែល​ចាប់ផ្តើម​នៅ​ក្នុង​ខែតុលា​ខាង​មុខ​នេះ​។ ចំនួន​ទឹកប្រាក់​នេះ គឺ​ប្រហែល​ច្រើន​ជាង ២០% ចំពោះ​អ្វី​ដែល​បញ្ជាការដ្ឋាន​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​កបាន​ស្នើ​សុំ​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០២១​សម្រាប់​រយៈពេល​ដូច​គ្នា​។

មន្ទីរ​បញ្ច​កោណ​បាន​ស្នើ​សុំ​ឱ្យ​ចំណាយ​ថវិកា ជាង​១​ពាន់​លាន​ដុល្លារ​លើ​វិស័យ​ភស្ដុ​ភារ​កម្ម​យោធា​ក្នុង​រយៈពេល​៥​ឆ្នាំ​គិត​ចាប់ពី​ឆ្នាំ​សារពើពន្ធ​២០២៣​។ ភាព​ខុស​គ្នា​នៃ​ធាតុ​ចំណាយ​នេះ​បាន​ធ្វើ​ឱ្យ​លំបាក​ដល់​ការ​ប្រៀបធៀប​ដោយ​ផ្ទាល់ ប៉ុន្តែ​បញ្ជាការដ្ឋាន​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​កបាន​ប៉ាន់​ប្រមាណ​កាលពី​មួយ​ឆ្នាំ​មុន​ថា ថវិកា​៤៩០​លាន​ដុល្លារ គឺ​ត្រូវការ​ជា​ចាំបាច់ ដើម្បី​ពង្រឹងសមត្ថភាព​ដឹក​ជញ្ជូន​ផ្នែក​យោធា​ទៅ​ក្នុង​តំបន់​នេះ​។

ចំនួន​គ្រាប់រំសេវ ប្រេងឥន្ធនៈ អាហារ និង​ការ​ផ្គត់ផ្គង់​ផ្នែក​វេជ្ជសាស្ត្រ​ដែល​អាច​ស្តុក​ទុក​នៅ​ទីតាំង​ត្រៀមប្រយុទ្ធ​នៅ​មុន​ពេល​មាន​ជម្លោះ​ផ្ទុះ​ឡើង​នោះ​នឹង​មាន​សារៈសំខាន់​សម្រាប់​សមត្ថភាព​របស់​អា​មេ​រិ​ក​ក្នុង​ការ​ផ្គត់ផ្គង់​កងកម្លាំង​អា​មេ​រិ​ក​ឡើង​វិញ​។

ប្រសិនបើ​មាន​ជម្លោះ​ប្រដាប់​អាវុធ​ជាមួយ​ប្រទេស​ចិន​មែន​នោះ កងកម្លាំង​ចិន​ទំនងជា​នឹង​មិន​ចង់​ព្យាយាម​ចូល​ទៅ​ដល់​មូលដ្ឋាន​យោធា​អា​មេ​រិ​ក​ឱ្យ​ហួស​ពី​អ្វី​ដែល​គេ​ហៅ​ថា​កោះ​ខ្សែក្រវាត់​ទី​ពីរ​នោះ​ទេ​ដែល​វា​លាតសន្ធឹង​ចាប់ពី​កោះ​អូ​ហ្កា​សាវ៉ា​រ៉ា (Ogasawara) នៅ​ប្រទេស​ជប៉ុន​ទៅ​ដល់​ដែន​កោះ​ហ្កា​ម (Guam) របស់​សហរដ្ឋអាមេរិក​ព័ទ្ធ​ទៅ​ដល់​ប្រទេស​ប៉ា​ពូ​ញូ​វ​ហ្គី​នី (Papua New Guinea)​។

មេបញ្ជាការ​កង​ម៉ា​រី​ន​របស់​អា​មេ​រិ​ក លោក David Berger បាន​និយាយ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​អូស្ត្រាលី​កាលពី​ខែ​មុន​អំពី​មេរៀន​ពី​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​ថា ការ​ដឹក​ជញ្ជូន​គ្រឿង​ភស្តុ​ភារ​គឺជា​កត្តា​កំណត់ និង​ជា​កត្តា​ជំរុញ​ឱ្យ​គេ​អាច​បន្ដ​សមត្ថភាព​ធ្វើសង្គ្រាម និង​វាយប្រហារ​ឆ្លើយ​តប​បាន​លឿន​បំផុត​៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


មេគយកម្ពុជាអះអាងថា ការប្រមូលចំណូលគយនៅឆ្នាំ២០២២ នៅប្រឈមនឹងបញ្ហាច្រើន

ទោះស្ថិតក្នុងបរិបទនៃការរាតត្បាតកូវីដ-១៩ក្ដី ប៉ុន្ដែការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ នៅរយៈពេល ៤ខែ ក្នុងឆ្នាំ២០២២ សម្រេចបានប្រមា…

សេដ្ឋកិច្ចរុស្ស៊ីកំពុងប្រឈមអ្វីខ្លះ ខណៈសហភាពអឺរ៉ុបត្រៀមដាក់ទណ្ឌកម្មថ្មីទី៦?

អ្នកការទូតកំពូលរបស់សហភាពអឺរ៉ុបបាននិយាយកាលពីថ្ងៃទី៣ ខែឧសភាថា សហភាពអឺរ៉ុបនឹងដាក់ទណ្ឌកម្មថ្មីលើប្រទេសរុស្ស៊ីសម្រាប់ការឈ្លានពានលើប្រទេសអ៊ុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ