នៅឯវេទិកាធុរកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វ៊ិក ២០១៩ នៅទីក្រុងបាងកក នាដើមខែវិច្ឆិកានេះ រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Wilbur Ross បានថ្លែងបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់រដ្ឋបាលលោកប្រធានាធិបតី ត្រាំ ចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វ៊ិក ទៅកាន់មេដឹកនាំវិស័យឯកជន និងរដ្ឋ ប្រមាណជាង ១០០០នាក់ មកពីជាង ២០ប្រទេស នៃតំបន់ឥណ្ឌូប៉ាស៊ីហ្វ៊ិក។
លោករដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក បានបង្ហាញតួលេខពាណិជ្ជកម្មទ្វេភាគីរវាងអាមេរិក និងតំបន់ឥណ្ឌូប៉ាស៊ីហ្វ៊ិក និងតួលេខវិនិយោគក្រៅប្រទេស ដែលបង្ហាញថា អាមេរិកជាប្រភពទុនវិនិយោគផ្ទាល់ពីក្រៅប្រទេស (FDI) ធំបំផុត នៅក្នុងតំបន់នេះ។
លោក Wilbur Ross ថ្លែងនៅក្នុងសុន្ទរកថារបស់លោក ដូច្នេះថា «សហរដ្ឋអាមេរិកគឺជាប្រភពទុនវិយោគផ្ទាល់ពីក្រៅប្រទេស [FDI] ធំជាងគេបំផុត នៅក្នុងតំបន់នេះ ដែលមានទឹកប្រាក់ចំនួន ៨៦៦ប៊ីលានដុល្លារអាមេរិក គិតត្រឹមដំណាច់ឆ្នាំ២០១៨។ FDI របស់ចិន ដែលចាក់បញ្ចូលក្នុងតំបន់នេះ មានចំនួន ៥០៤ពាន់លានដុល្លារអាមេរិក ដែលក្នុងនេះ ៣៨១ពាន់លានដុល្លារ ចូលទៅ ហុងកុង និង ១២៣ពាន់លានដុល្លារទៀត ទៅក្នុងបណ្ដាប្រទេសផ្សេងៗនៅក្នុងតំបន់»។
ឥណ្ឌូ-ប៉ាស៊ីហ្វ៊ិក គឺជាក្របខ័ណ្ឌតំបន់ដែលមាន ២៤ប្រទេស លាតសន្ធឹងចាប់ពីឆ្នេរភាគខាងលិចរបស់សហរដ្ឋអាមេរិក ទៅដល់ឆ្នេរខាងលិចនៃប្រទេសឥណ្ឌា និងគ្របដណ្ដប់ផ្ទៃសមុទ្រត្រូពិកនៃមហាសមុទ្រឥណ្ឌា មហាសមុទ្រប៉ាស៊ីហ្វ៊ិកភាគខាងលិច និងភាគកណ្ដាល និងសមុទ្រនានា ដែលតភ្ជាប់មហាសមុទ្រទាំងពីរនេះ នៅក្នុងប្រទេសឥណ្ឌូនេស៊ី។
ក្រៅពីតួលេខ FDI របស់អាមេរិក លោករដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក ក៏បានបង្ហាញពីតួលេខពាណិជ្ជកម្មទ្វេភាគីរវាងអាមេរិក និងតំបន់ធំៗ ផងដែរ ដូចជា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងអាមេរិកនិងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វ៊ិក នាឆ្នាំ២០១៨ សម្រេចបាន ជិត ២ទ្រីលានដុល្លារអាមេរិក ដែលតួលេខនេះខ្ពស់ជាងពាណិជ្ជកម្មទ្វេភាគីអាមេរិក-អឺរ៉ុប ដែលមានចំនួន ១,៥ទ្រីលានដុល្លារ, និងពាណិជ្ជកម្មទ្វេភាគីសហរដ្ឋអាមេរិក-អាមេរិកខាងត្បូងនិងអាមេរិកកណ្ដាល ដែលមានចំនួន ១,២ទ្រីលានដុល្លារ។
លោករដ្ឋមន្ត្រី Wilbur Ross មានប្រសាសន៍ដូច្នេះថា «នៅពេលដែលយើងជួបគ្នាជាថ្មីទៀតនៅបណ្ដាឆ្នាំខាងមុខ តួលេខពាណិជ្ជកម្មរបស់យើងនឹងរីកកាន់តែធំជាងនេះទៀត»។
រដ្ឋបាលលោក ត្រាំ បាននិងកំពុងអនុវត្តយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វ៊ិក ដែលត្រូវគេមើលឃើញថា ជាកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការទប់ទល់នឹងឥទ្ធិពលកើនឡើងរបស់ចិន និងការពង្រីកវិនិយោគរបស់ចិន ក្រោមគំនិតផ្តួចផ្ដើម BRI នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វ៊ិកនេះ៕