បើតាមគម្រោងបណ្តាប្រទេសសមាជិករបស់ IPEF នឹងមានសិទ្ធិចូលប្រើប្រាស់កន្លែងស្តុកទុកសម្ភារៈដែលបានចែករំលែកគ្នាទាំងអស់ អំឡុងពេលមានព្រឹត្តិការណ៍ពិភពលោកណាមួយកើតឡើងដែលរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ ដូចក្នុងករណីមានជម្លោះយោធា និងជំងឺរាតត្បាតសកលផ្ទុះឡើង។ ទោះយ៉ាងណា លក្ខខណ្ឌជាក់លាក់នឹងត្រូវគេពិភាក្សានៅអំឡុងកិច្ចប្រជុំកំពូល IPEF ទល់មុខគ្នាជាលើកដំបូងនៅទីក្រុង ឡូស អាន់ចេលេស សហរដ្ឋអាមេរិក។
ទន្ទឹមនេះ សមាជិក IPEF នឹងបញ្ចេញសេចក្តីថ្លែងការណ៍រួមមួយ ដែលរួមបញ្ចូលគោលដៅនៃការបង្កើតយន្តការគ្រប់គ្រងលើបញ្ហាខ្សែចង្វាក់ផ្គត់ផ្គង់ផងដែរ។ ប្រសិនបើសមាជិក IPEF ទាំងអស់យល់ព្រមលើផែនការនៅក្នុងសេចក្តីថ្លែងការណ៍រួមនេះមែន យន្តការទាំងអស់នេះ នឹងចាប់អនុវត្តពីឆ្នាំក្រោយទៅតែម្តង។
បើតាមប្រភពដែលស្និទនឹងកិច្ចប្រជុំ ការដាក់ចេញផែនការនេះឡើង គឺដើម្បីកាត់បន្ថយការពឹងផ្អែកទៅលើប្រទេសចិន ក្នុងការផ្គត់ផ្គង់សម្ភារៈ និងវត្ថុធាតុដើមសំខាន់ៗជាច្រើន រាប់ចាប់ពីសារធាតុកម្រសម្រាប់វិស័យឧស្សាហកម្ម និងសម្ភារៈការពារវេជ្ជសាស្ត្រសម្រាប់ទប់ទល់នឹងជំងឺឆ្លង។
គួរជម្រាបថា ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសជាច្រើនបានពឹងផ្អែកខ្លាំងលើផលិតផលការពារវេជ្ជសាស្ត្រ(PPE) ដែលផលិតដោយប្រទេសចិន ពិសេសនៅពេលចាប់ផ្តើមមានជំងឺរាតត្បាតកូវីដ១៩កើតឡើង។
ក្រោយមើលឃើញបញ្ហានេះ ពិសេសនៅក្រោយការចាប់កំណើតឡើងរបស់ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF) ប្រទេសទាំងនេះលែងចង់ពឹងផ្អែកតែនៅលើផលិតផលចិនតែមួយទៀតហើយ ជៀសវាងជួបផលលំបាកក្នុងការផ្គត់ផ្គង់។ ជាក់ស្តែង សមាជិករបស់ក្របខណ្ឌ IPEF ផ្តើមមានភាពរឹងមាំក្នុងការផលិត និងការផ្គត់ផ្គង់សម្ភារៈសំខាន់ៗដោយខ្លួនឯង។ ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបូកបញ្ចូលគ្នាទៅ តំណាងឱ្យជិតពាក់កណ្តាលនៃសមត្ថភាពផលិតឧបករណ៍អេឡិចត្រូនិក និងបន្ទះឈីបរបស់ពិភពលោក។ ដោយឡែកសម្រាប់វត្ថុធាតុដើមកម្រវិញ សហរដ្ឋអាមេរិក អូស្ត្រាលី និងឥណ្ឌា អាចផលិតបានសរុបជិត ៣០%នៃបរិមាណសរុបរបស់វត្ថុធាតុដើមកម្រទាំងអស់របស់ពិភពលោក។ ក្រៅពីនោះប្រទេសឥណ្ឌូនេស៊ីក៏ជាអ្នកផលិតសម្ភារៈការពារវេជ្ជសាស្ត្រ(PPE) ដ៏សំខាន់ផងដែរ។
សូមជម្រាបថា IPEF ដែលជាក្របខណ្ឌសេដ្ឋកិច្ចស្នើបង្កើតឡើងដោយប្រធានាធិបតីអាមេរិកចូ បៃឌិន ត្រូវបានប្រកាសដំណើរការជាផ្លូវការកាលពីខែឧសភា ជាមួយសមាជិកដើមចំនួន១៣ រួមមាន សហរដ្ឋអាមេរិក អូស្ត្រាលី ប្រ៊ុយណេ ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី នូវែលសេឡង់ ហ្វីលីពីន សិង្ហបុរី កូរ៉េខាងត្បូង ថៃ និងវៀតណាម។ ក្រោយមកបន្តិច ប្រទេសកោះហ្វីជីក៏បានចូលរួមជាប្រទេសសមាជិកទី១៤នៃក្របខណ្ឌនេះផងដែរ៕