យោងតាមស្ថិតិរបស់អគ្គនាយកដ្ឋានពន្ធដារអាម៉េរិក ដែលសារព័ត៌មាន CNBC បានដកស្រង់កាលពីសប្ដាហ៍មុនបង្ហាញថា ការធ្វើសវនកម្មលើអ្នកជាប់ពន្ធដែលរកប្រាក់ចំណូលបានលើសពី១លានដុល្លារក្នុងមួយឆ្នាំ បានធ្លាក់ចុះរហូតដល់ទៅជាង៨០% ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ទោះបីជាចំនួនអ្នកជាប់ពន្ធ ដែលមានប្រាក់ចំណូលលើសពី១លានដុល្លារ បានកើនឡើង៥០%យ៉ាងណាក្ដី។
លោក ឌែនី វើហ្វែល (Danny Werfel) អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារអាម៉េរិក (IRS) បានបន្ទោសការធ្លាក់ចុះនេះ បានធ្វើឱ្យអគ្គនាយកដ្ឋានពន្ធដារអាម៉េរិក (IRS) ខ្វះបុគ្គលិក និងខ្វះបច្ចេកវិទ្យា ព្រមទាំងធនធានចាំបាច់សម្រាប់ធ្វើសវនកម្ម ជាពិសេសសម្រាប់ប្រាក់ចំណូលដែលមានភាពស្មុគស្មាញ។
ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ អគ្គនាយកដ្ឋានពន្ធដារអាម៉េរិក (IRS) បានផ្តួចផ្តើមវិធានការបង្ក្រាបទ្រង់ទ្រាយធំទៅលើបុគ្គលដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ អាជីវកម្មចាប់ដៃគូសហការ និងក្រុមហ៊ុនធំៗ។
ក្រសួងរតនាគារអាម៉េរិក បានប៉ាន់ប្រមាណថា ការពង្រឹងការអនុវត្តការប្រមូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារអាម៉េរិក (IRS) នឹងអាចប្រមូលចំណូលពន្ធបានចំនួន៥៦១ពាន់លានដុល្លារ បន្ថែមចន្លោះពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣៤ ដែលខ្ពស់ជាងការព្យាករដំបូង។
អគ្គនាយកដ្ឋានពន្ធដារអាម៉េរិក (IRS) បានរាយការណ៍ពីភាពជោគជ័យនៃកម្មវិធីមួយដែលផ្តោតលើការប្រមូលពន្ធមិនទាន់ទូទាត់ពីក្រុមសេដ្ឋីខ្ទង់លានដុល្លារ ដោយប្រមូលពន្ធបានជាង៤៨០លានដុល្លារ ពីអ្នកជាប់ពន្ធជាសេដ្ឋីខ្ទង់លានដុល្លារចំនួន១ពាន់៦រយនាក់ ដែលមិនបានបង់ពន្ធក្នុងម្នាក់ៗយ៉ាងតិច២៥ម៉ឺនដុល្លារ។
លោក ឌែនី វើហ្វែល (Danny Werfel) បានគូសបញ្ជាក់ថា អាជីវកម្មចាប់ដៃគូសហការក៏អាចគេចពន្ធផងដែរ។ លោកនិយាយថា អគ្គនាយកដ្ឋានពន្ធដារអាម៉េរិក (IRS) មិនត្រឹមតែផ្តោតលើការស្វែងរកករណីគេចពន្ធប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីជៀសវាងការធ្វើសវនកម្មមិនចាំបាច់សម្រាប់អ្នកជាប់ពន្ធ ដែលកំពុងអនុវត្តតាមច្បាប់ផងដែរ។
សារព័ត៌មាន Newsweek បានរាយការណ៍កាលពីថ្ងៃទី២០ ខែកុម្ភៈ ថា អគ្គនាយកដ្ឋានពន្ធដារអាម៉េរិក (IRS) បានជំរុញឱ្យអ្នកជាប់ពន្ធរាយការណ៍ពីប្រាក់ចំណូលណាមួយ ដែលទទួលបានតាមរយៈសកម្មភាពខុសច្បាប់ដូចជាការជួញដូរគ្រឿងញៀនជាដើម៕
ដោយ: តែម សុខុម